ទូរទស្សន៍រដ្ឋចិននៅថ្ងៃសៅរ៍នេះ បានដកស្រង់សំដីរបស់លោកប្រធានាធិបតី ស៊ី ជីនពីង មកចុះផ្សាយយ៉ាងដូច្នេះថា ប្រទេសចិនមានឆន្ទៈក្នុងការផ្តល់ជំនួយ ដល់ប្រទេសកូរ៉េខាងជើងជានិច្ច ទៅតាមលទ្ធភាពដែលខ្លួនមាន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០២០។
លោក ស៊ី ជិនពីង និង លោក គីម ជុងអ៊ុន។
លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានធ្វើការកត់សម្គាល់ដូចខាងលើ នៅក្នុងលិខិតមួយទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រម្សិលមិញនេះ។ ក្នុងលិខិតនោះលោក ស៊ី បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការនៅកូរ៉េខាងជើង និងសុខមាលភាពប្រជាជន ប្រទេសជាបងប្អូនមួយនេះផងដែរ។ ជាមួយគ្នានោះ ប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា «ប្រទេសចិននឹងជួយគាំទ្រកូរ៉េខាងជើងជានិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19»។
គួរជម្រាបថា រហូតមកទល់នឹងពេលនេះ កូរ៉េខាងជើងដែលជាប្រទេសមួយឯកោបំផុត នៅក្នុងពិភពលោក មិនទាន់បានរាយការណ៍អំពីករណីឆ្លងនៃជំងឺ COVID-19 នៅឡើយទេសូម្បីតែមួយករណី។ ប្រការនេះវាបានធ្វើឲ្យសហគមន៍អន្តរជាតិ ដាក់ការសង្ស័យថា តើប្រទេសនេះពិតជាគ្មានករណីឆ្លងមែន ឬក៏កំពុងព្យាយាមលាក់បាំងព័ត៌មាន៕
(ប្រភពព័ត៌មាន: freshnews)

មតិពីមិត្តអ្នកអាន