ធនាគារពិភពលោកនាថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ចេញកញ្ចប់ថវិកាជំនួយទំហំ១២ពាន់លានដុល្លារ ដើម្បីជួយដល់កិច្ចប្រឹងប្រែង ប្រយុទ្ធប្រឆាំងជំងឺ COVID-19 នៅជុំវិញពិភពលោក។
ធនាគារពិភពលោក។ (រូបថត៖ freshnewsasia)
អគ្គនាយកធនាគារពិភពលោក David Malpass បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា វត្ថុបំណងនៃកញ្ចប់ជំនួយនេះគឺដើម្បីផ្តល់ការជួយជ្រោម ជ្រែងប្រកបដោយប្រសិទ្ធភាព និងយ៉ាងឆាប់រហ័សដល់ប្រទេសទាំងឡាយដែលត្រូវការចាំបាច់ ក្នុងការទប់ទល់ជំងឺ COVID-19 ជាពិសេស សម្រាប់ប្រទេសក្រីក្រ ដែលខ្វះសមត្ថភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ យ៉ាងណាមិញ លោក Malpass មិនបានបញ្ជាក់ឲ្យ ច្បាស់ថា ប្រទេសជាសមាជិកណាខ្លះ ដែលទំនងជានឹងទទួលបានថវិកាជំនួយឡើយ។
ទន្ទឹមនឹងនេះ ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ IMF និង WB បានឲ្យដឹងថា អង្គការទាំងពីរនេះប្រើឧបករណ៍ដែលអាចប្រើបាន ក្នុងនោះមានការផ្តល់ជំនួយបន្ទាន់ និងការផ្តល់យោបល់នូវគោលនយោបាយនិងជួយគាំទ្រខាងបច្ចេកទេស។
គួរជម្រាបថា ជំងឺ COVID-19 ដែលបានផ្ទុះឡើងដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ មកដល់ឥឡូវ បានផ្តាច់ជីវិតមនុស្ស ច្រើនជាង ៣,០០០នាក់ និងឆ្លងដល់ជាង៩០,០០០នាក់ នៅជុំវិញពិភពលោក៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន