រដ្ឋាភិបាលម៉ាឡេស៊ី ចេញសេចក្តីព្រាងច្បាប់មួយ ដើម្បីឲ្យនាយករដ្ឋមន្ត្រីកាន់អំណាចតែ២អាណត្តិប៉ុណ្ណោះ

11:28 | 04/12/2019 (យោងតាម FN)

នាថ្ងៃទី ៣ ខែធ្នូ រដ្ឋាភិបាលម៉ាឡេស៊ី បានស្នើឡើងនូវសេចក្តីព្រាងច្បាប់មួយ ដើម្បីកំណត់អាណត្តិ នាយករដ្ឋមន្រ្តីត្រឹម 0២អាណត្តិ ខណៈដែល នាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Mahathir Mohamad កំពុងព្យាយាមបំពេញតាមពាក្យសន្យាថា នឹងទប់ស្កាត់ការរំលោភអំណាច នៃមេដឹកនាំប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ២០១៩។

នាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក Mahathir Mohamad

សំណើនៃសេចក្តីព្រាងច្បាប់ខាងលើ មានគោលដៅធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញម៉ាឡេស៊ី ដើម្បីកំណត់ឲ្យនាយករដ្ឋមន្រ្តីកាន់អំណាច «បានត្រឹមពីរអាណត្តិយ៉ាងយូរ» ហើយសេចក្តីព្រាងច្បាប់នេះ នឹងតម្រូវឲ្យមានការគាំទ្រពីសំឡេងពីរភាគបី នៃសមាជិកសភាទាំង ២២២នាក់ ដើម្បីអាចអនុម័តបាន។ សភាម៉ាឡេស៊ីនឹងត្រូវធ្វើការតស៊ូមតិអំពីសេចក្តីព្រាងច្បាប់នេះ នៅខែមីនា ឆ្នាំ២០២០។ ការកែប្រែរដ្ឋធម្មនុញ្ញ ស្ថិតក្នុងចំណោមការសន្យាមួយចំនួន នៅក្នុងសម្ព័ន្ធគណបក្សនយោបាយ Pakatan Harapan របស់លោក Mahathir ក្រោមគោលបំណងលុបបំបាត់អំពើពុករលួយ និងដាក់កំហិតលើអំណាចនាយករដ្ឋមន្រ្តី។

គួរជម្រាបថា លោក Mahathir ជានាយករដ្ឋមន្រ្តីកាន់អំណាចបានយូរជាងគេគឺរយៈពេល ២២ឆ្នាំ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីលោកបានកាន់មុខតំណែងជានាយករដ្ឋមន្រ្តីជាលើកដំបូង ចាប់ពីឆ្នាំ១៩៨១ រហូតដល់ឆ្នាំ២០០៣។ លោកបានជាប់ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីជាថ្មីម្តងទៀត ក្រោយសម្ព័ន្ធគណបក្សលោកទទួលជ័យជម្នះក្នុងការបោះឆ្នោត កាលពីខែឧសភា ឆ្នាំ២០១៨។ ឆ្លើយតបនឹងសំណួរទាក់ទិននឹងសំណើសេចក្តីព្រាងច្បាប់ខាងលើ លោក Mahathir បាននិយាយដូច្នេះថា «ឥឡូវខ្ញុំអាយុ ៩៤ឆ្នាំហើយ តើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំបន្តជាមេដឹកនាំ ទៀតនៅពេលខ្ញុំអាយុ ១០០ឆ្នាំមែនទេ»។ រីឯអតីតនាយករដ្ឋមន្រ្តីលោក Najib Razak ដែលបានកាន់អំណាចជិត ៣អាណត្តិកំពុងប្រឈមមុខ នឹងការចោទប្រកាន់ជាច្រើនពាក់ព័ន្ធអំពើពុករលួយ៕

(យោងតាម FN)

(យោងតាម FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត