ប្រមុខ​ការពារ​ជាតិចិន ព្រមាន​ថា «គ្មានកម្លាំងពីខាងក្រៅណាអាចបំបែកកោះតៃវ៉ាន់ ចេញពីចិនជាដាច់ខាត»

10:30 | 22/10/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

រដ្ឋមន្ត្រី​ការពារ​ជាតិចិន លោក Wei Fenghe លើកឡើងថា ការដោះស្រាយ​បញ្ហា​តៃវ៉ាន់ គឺជា ផលប្រយោជន៍​ជាតិ​ដ៏​ធំធេង​របស់​ប្រទេស​លោក ហើយ​ព្រមាន​ទៀតថា គ្មាន​កម្លាំង​ណាមួយ​អាច​រារាំង​ការបង្រួបបង្រួម​របស់​ចិន​បានឡើយ​។

រដ្ឋមន្ត្រីការពារជាតិចិន Wei Fenghe ថ្លែងសុន្ទរកថានៅវេទិកាសន្តិសុខ «សៀងសាន ប៉េកាំង លើកទី ៩» នៅចន្ទ ២១ តុលា ២០១៩ ប្រភពរូប៖ Reuters

ក្នុងឱកាសបើកវេទិកាសន្តិសុខអន្តរជាតិមួយនៅឯទីក្រុងប៉េកាំង រដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghe បានសង្កត់ធ្ងន់ទៀតថា សកម្មភាពប៉ុនប៉ងចង់បំបែករដ្ឋទាំងឡាយ គឺគ្មានថ្ងៃទទួលបានជោគជ័យនោះទេ។ កំឡុងវេទិកានេះកាលពីឆ្នាំមុន លោក Wei ធ្លាប់បានព្រមានថា យោធាចិននឹងចាត់វិធានការទោះក្នុងតម្លៃណាក៏ដោយ ដើម្បីទប់ស្កាត់ការព្យាយាមកាត់ផ្តាច់តៃវ៉ាន់ចេញពីចិន។ ប្រទេសភាគច្រើននៅជុំវិញពិភពលោក ព្រមទាំងចិនផ្ទាល់ គឺចាត់ទុកកោះតៃវ៉ាន់គ្រាន់តែជាខេត្តមួយរបស់ចិនប៉ុណ្ណោះ បើទោះបីជាតៃវ៉ាន់មានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយ។

គួរជម្រាបថា សម្រាប់វេទិកា សៀងសាន (Xianghsan) វិញ គឺជាវេទិកាសន្តិសុខអន្តរជាតិស្រដៀងគ្នា ទៅនឹងវេទិកាសន្តិសុខប្រចាំឆ្នាំ សាងគ្រីឡា (Shangri-La) ដែលរៀបចំឡើងនៅសិង្ហបុរី។ ក្នុងឆ្នាំនេះវេទិកា Xianghsan ត្រូវបានចាប់ផ្តើមបើកក្រោមប្រធានបទ «រក្សាការពារសណ្តាប់ធ្នាប់អន្តរជាតិ និងលើកកម្ពស់សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ជាមួយការចូលរួមពីសំណាក់ថ្នាក់ដឹក នាំវិស័យការពារជាតិ និងកិច្ចការបរទេសមកពីបណ្តាប្រទេសជាច្រើន។

​សូមបញ្ជាក់ថា ភាព​តានតឹង​រវាង​ចិន​និង​តៃវ៉ាន់ កើនឡើង​កម្តៅ​កាន់តែខ្លាំង នៅ​មុនពេល​បោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំតៃវ៉ាន់ នា​ដើមឆ្នាំ​២០២០​ខាងមុខ​។ កោះ​តៃវ៉ាន់​បាន​ស្តីបន្ទោស​ចិន​ចំពោះ​ការគ្រប់គ្រង​ផ្តាច់ការ និង​សម្រាប់​ការគំរាមកំហែង​ដល់​សន្តិភាព​ក្នុង​តំបន់ ខណៈ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឯណោះ​វិញ បានដាក់​សម្ពាធ​លើ​កោះ​តៃវ៉ាន់ ដោយ​ប្រឡេះ​យក​សម្ព័ន្ធមិត្ត​ការទូត​ដែល​នៅ​សេសសល់​របស់​ក្រុង​តៃប៉ិ​ម្តង​មួយៗ​។

ក្នុង​សារ​មួយ​ដែល​លោកប្រធានរដ្ឋ​ Xi Jinping បានបញ្ជាក់​ជាថ្មី​នៅ​ដើម​ឆ្នាំនេះ ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ទឹកដី​ដ៏​សំខាន់​របស់ខ្លួន ដែល​នឹង​វាយយក​ដាក់​ក្រោម​ការគ្រប់គ្រង​របស់​ទីក្រុង​ប៉េកាំង​ដោយ​បង្ខំ ប្រសិនបើ​ចាំបាច់​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម

អានច្រើនបំផុត