ព្រះចៅស៊ូលតង់នៃរដ្ឋផេណាង (Pahang)ព្រះនាម អាប់ឌុលឡាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) នៅទីបំផុតត្រូវបញ្ជាក់ជាផ្លូវការថា បានឡើងគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីពេញសិទ្ធិហើយ នៅថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០១៩។
ព្រះចៅស៊ូលតង់នៃរដ្ឋផេណាង (Pahang) ព្រះនាម អាប់ឌុលឡាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) បានឡើងគ្រងរាជ្យសម្បត្តិ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីពេញសិទ្ធិ (រូបថត៖ FN)
ព្រះចៅស៊ូលតង់ Abdullah ដែលគម្រប់ព្រះជន្មាយុយាងចូល ៦០ព្រះវស្សាក្នុងថ្ងៃអង្គារនេះផងដែរនោះ ត្រូវបានបញ្ចូលព្រះនាមជាផ្លូវការ ក្លាយជាព្រះមហាក្សត្រម៉ាឡេស៊ីអង្គទី ១៦ និងជាព្រះប្រមុខរដ្ឋសម្រាប់រយៈពេល ០៥ឆ្នាំ នៅក្នុងពិធីឡើងគ្រងរាជសម្បត្តិ ទៅតាមប្រពៃណីនៃសហព័ន្ធម៉ាឡេស៊ី។ ពិធីឡើងគ្រងរាជ្យ នេះក៏មានការចូលរួមផងដែរពីព្រះអគ្គមហេសីរបស់ទ្រង់ព្រះនាម ទុនគូ អ៊ីស្កាន់ដារីយ៉ាហ៍ (Tunku Azizah Aminah Maimunah Iskandariah) និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាង ៧០០អង្គ-នាក់។
ព្រះចៅស៊ូលតង់នៃរដ្ឋផេណាង (Pahang) ព្រះនាម អាប់ឌុលឡាហ៍ (Abdullah Ri’ayatuddin Al-Mustafa Billah Shah) ((រូបថត៖ FN)
គួរបញ្ជាក់ថា ព្រះចៅស៊ូលតង់ Abdullah បានក្លាយជាព្រះចៅស៊ូលតង់ (ស្តេចត្រាញ់) នៃរដ្ឋ Pahang កាលពីថ្ងៃទី១៥ ខែមករា ដោយសោយរាជ្យបន្តព្រះបិតារបស់ទ្រង់ ហើយនៅថ្ងៃទី២៤ ខែមករាដដែល ព្រះអង្គបានជាប់ឆ្នោតជាព្រះមហាក្សត្រម៉ាឡេស៊ីទី ១៦ ក្នុងកិច្ចប្រជុំពិសេសមួយនៃព្រះចៅស៊ូលតង់ម៉ាឡេស៊ី ព្រមទាំងស្បថឡើងគ្រងរាជ្យនៅថ្ងៃទី៣១ ខែមករា (តែមិនទាន់ពេញសិទ្ធិមែនទែន)។ ព្រះចៅស៊ូលតង់ Abdullah បានឡើងគ្រងរាជ្យសម្បត្តិ បន្ទាប់ពីព្រះចៅស៊ូតង់នៃរដ្ឋ ខេឡេនតាន់ (Kelantan) ព្រះនាម មូហាំម៉េដទី ៥ (Muhammad V) ប្រកាសដាក់រាជ្យកាលពីក្នុងខែមករា ឆ្នាំ២០១៩ ដោយសាររឿងអាស្រូវមួយ៕
(ប្រភព៖ FreshNews)


មតិពីមិត្តអ្នកអាន