ប្រតិបត្តិការជួយមនុស្សចេញពីរូងភ្នំនៅថៃ៖ ក្មេងបួននាក់ត្រូវបានសង្រ្គោះចេញមកខាងក្រៅ

08:04 | 09/07/2018

បើតាមលោក Narongsak Osottanakorn ប្រធានដឹកនាំប្រតិបត្តិការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ចេញពីក្នុងរូងភ្នំ Tham Luang នៅភាគខាងជើងប្រទេសថៃ បានឲ្យដឹងថាប្រតិបត្តិការត្រូវផ្អាកត្រឹមនេះសិន ហើយនឹងបន្តទៀតនៅចន្លោះ១០ទៅ២០ម៉ោងក្រោយ ដោយសារតែបំពង់ខ្យល់អុកស៊ីសែនត្រូវបានប្រើប្រាស់អស់ បូករួមជាមួយភាពហត់នឿយ ខណៈក្មេងៗចំនួនត្រឹម០៤នាក់ដំបូងប៉ុណ្ណោះ ត្រូវលោកបញ្ជាក់ថា ត្រូវបានជួយសង្រ្គោះចេញមកក្រៅដោយសុវត្ថិភាព រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យនៅខេត្តឈៀងរ៉ាយ។

លោក Narongsak បានបន្ថែមថា ប្រតិបត្តិការនាថ្ងៃអាទិត្យទី៨កក្កដា បានប្រព្រឹត្តទៅដោយរលូននិងទទួលបានជោគជ័យហួស​ពី​ការ​រំពឹង​ទុក​ តាមរយៈមធ្យោបាយនៃការជួយសង្រ្គោះក្មេងៗខាងលើ ដោយការមុជទឹក​ឆ្លងផ្លូវ​ចេញពីក្នុងរូងភ្នំដ៏ជ្រៅនេះ។ សម្រាប់ក្មេងដែល​នៅ​​សល់​ទាំង០៨នាក់ទៀត ព្រមទាំងគ្រូបង្វឹកម្នាក់របស់ពួកគេ គឺត្រូវរង់ចាំមួយរយៈពេលទៀត នៅកន្លែងដដែល គឺជិតតំបន់ដែលគេហៅ​ថា Pattaya Beach ក្នុងរូងភ្នំ។

គួរជម្រាបថា នាព្រឹកថ្ងៃអាទិត្យ ទី៨កក្កដា អាជ្ញាធរបានសម្រេចចាប់ផ្តើមការជួយសង្រ្គោះមនុស្សទាំង១៣នាក់ ដែលបានជាប់ក្នុង​រូងភ្នំ Tham Luang នៃស្រុកម៉ែ​សៃ​ក្នុង​ខេត្ត​ឈៀង​រ៉ាយភាគខាងជើងប្រទេស​ថៃ តាំងពីថ្ងៃទី២៣ ខែមិថុនាមក ហើយទើបតែត្រូវបានរកឃើញកាលពី​ដើមខែកក្កដានេះ ឲ្យចេញមកខាងក្រៅវិញ តាមរយៈការបញ្ជូនក្រុមអ្នកជំនាញមុជទឹក​ ដើម្បី​​​ជួយអមដំណើរពួកគេ។ ក្មេងទាំង០៤នាក់​ ខាងលើ ត្រូវបានជ្រើសរើសឲ្យចេញមកមុនគេ ​តាមរយៈការវាយតម្លៃទៅលើស្ថានភាពសុខភាពរបស់ពួកគេ ពោលអ្នកដែលមានកម្លាំងមាំទាំ ត្រូវយកចេញមកមុន ៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត