អង្គការសុខភាពពិភពលោក(WHO) បានលើកឡើងថា ចំនួនយុវជន ដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំផ្ទុក COVID-19 បានកើនឡើងបីដងក្នុងរយៈពេល ៥ខែ។ បញ្ហានេះ គឺកើតចេញពីការទ្វេប្រហែស និងការមិនប្រុងប្រយ័ត្នរបស់យុវជនផ្ទាល់។
រូបភាពយុវនារីពីរនាក់ ពាក់ម៉ាស់ ដើរនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Biarritz ប្រទេសបារាំង។ (រូបថត៖ AFP)
បើយោងតាមការវិភាគមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ក្នុងរយៈពេល ៥ខែប៉ុណ្ណោះ ករណីផ្ទុកCOVID-19 បានកើនឡើងបីដងទៅលើក្រុមយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំ ដល់២៤ឆ្នាំ ដោយសារតែពួកគេមានការទ្វេប្រហែសនិងការមិនប្រុងប្រយ័ត្នរបស់យុវជនផ្ទាល់តែម្តង ។ អេស្ប៉ាញ អាល្លឺម៉ង់ បារាំង ជប៉ុន និងបណ្តាប្រទេសអាស៊ីមួយចំនួនទៀត បានអះអាងថា អ្នកឆ្លង COVID-19 ថ្មីជាច្រើន គឺជាយុវជន។
ពាក់ព័ន្ធនឹងករណីឆ្លងលើយុវជននេះ លោកស្រី Neysa Ernst អ្នកគ្រប់គ្រងគិលានុបដ្ឋាកនៅមន្ទីរពេទ្យJohns Hopkins បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា យុវជនមួយចំនួន ខ្វះការប្រុងប្រយ័ត្នលើការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ «ការធ្វើដំណើរ គឺបង្កើនឱកាសរបស់អ្នកក្នុងការឆ្លង និងចម្លង COVID-19»។ លោកស្រី Neysa បានផ្ញើសារបែបនេះ ដោយបន្ថែមថា ការកើនឡើងនៃការឆ្លងរបស់យុវជន គឺដោយសារពួកគេទំនងទៅធ្វើការក្នុងសហគមន៍ច្រើន ឬពេលទៅឆ្នេរសមុទ្រ តៀមស្រា និងហាងទំនិញ។
ក្រៅពីយុវជន កុមារផ្ទុក COVID-19 ដែលចាប់ពីអាយុចន្លោះ៥ឆ្នាំ ដល់១៤ឆ្នាំ បានកើនឡើងពី០,៨ភាគរយមក៤,៦ភាគរយ បើគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃ១២ ខែកក្កដា។ នេះបើតាមវិភាគរបស់អង្គការសុខភាពពិភពលោកដដែលនេះ។
សូមជម្រាបថា លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក កន្លងមកក៏ធ្លាប់បានព្រមានម្តងហើយថាក្រុមយុវជន អាចឆ្លង COVID-19 អាចស្លាប់ និងចម្លងវីរុសទៅអ្នកដទៃ។
គួរបញ្ជាក់ថា បើគិតមកត្រឹមរសៀលថ្ងៃទី៥ ខែសីហា ម្សិលមិញនេះជំងឺឆ្លងCOVID-19 របស់ពិភពលោក បានកើនដល់ ១៨,៧លានករណីនិងអ្នកស្លាប់ជាង ៧០ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជិត ១២លាននាក់៕
(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន