យុគសម័យ - ហេតុការណ៍ផ្ទុះមួយចំនួនបានលឺសូរឡើងក្នុងទីក្រុងបាងកក នៅទីតាំងយ៉ាងហោចណាស់ចំនួន ៣ កន្លែង នាព្រឹកថ្ងៃទី២ សីហានេះតែម្តង។ ព័ត៌មានដំបូងបានផ្សព្វផ្សាយថា មានអ្នករងបួសនៅកុងហេតុការណ៍នេះ។
កន្លែងកើតហេតុ (រូបថតៈ Bangkok Post )
ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់នាព្រឹកថ្ងៃទី ២ ខែសីហានេះ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ បានកើតឡើងនៅទីតាំងរួមមាន មុខអគារមជ្ឈមណ្ឌលរដ្ឋាភិបាល ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si), នៅស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណុនស៊ី BTS (Chong Nonsi BTS), នៅមុខអគារខ្ពស់មហានគរ (King Power Mahanakhon), និងនៅលើផ្លូវរាមាទី ៩ (Rama 9)។
រូបថត៖ RT
បើតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Narumon Pinyosinwat ក្រោយពីបានទទួលដំណឹងនេះ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan O-cha បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ខណៈចំណាត់ការសន្តិសុខត្រូវបានរឹងបន្តឹង ហើយលោកស្រីបានទទូចកុំឲ្យសាធារណជនមានការភ័យស្លន់ស្លោ។ ហេតុការណ៍ទាំងនេះ បានបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ហើយទំនងជាបង្កឡើងដោយគ្រាប់បែកច្នៃ ខណៈមិនមានអ្នកបាត់បង់ជីវិតឡើយ។
កន្លែងកើតហេតុ
គួរជម្រាបថា ទីក្រុងបាងកកកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ (AMM-52) និងកិច្ចប្រជុំពាក់ព័ន្ធនានា ដូចជាវេទិកាតំបន់អាស៊ាន (ARF), កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ (APT) និងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រីអាស៊ីបូព៌ា (EAS) ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់អាស៊ានជាច្រើនក៏ដូចជាសហរដ្ឋអាមេរិក ចិននិងរុស្ស៊ីផងដែរ។
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)



មតិពីមិត្តអ្នកអាន