ក្រមាខ្មែរ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់កិច្ចការពារបេតិកភណ្ឌវប្បធម៌អរូបី ដែលប្រព្រឹត្តទៅនៅទីក្រុងអាសង់ស្យុង (Asunción) ប្រទេសប៉ារ៉ាហ្គាយ។
ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ |
![]() |
“ក្រមាខ្មែរ” ត្រូវបានចុះបញ្ជីតំណាងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ |
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសរសេរសារអបអរសាទរផ្ញើជូនជនរួមជាតិដែលបានចេញផ្សាយនៅយប់នេះថា ការចុះបញ្ជីនេះជាមោទនភាពថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសម្រេចបានសមិទ្ធិផលនេះជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយសង្កត់ធ្ងន់ថា ការចុះបញ្ជីនេះផ្តល់ឱ្យតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ ក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃក្រមា ទុកជាកេរមរតកសម្រាប់មនុស្សជំនាន់ក្រោយ។
លោក ហ៊ុន ម៉ាណែត បានថ្លែងអំណរព្រះគុណថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ដែលបានប្រោសប្រទាននូវការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការការពារបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។
លោកនាយករដ្ឋមន្រ្តី ក៏បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នផ្សេងទៀត អ្នកជំនាញជាតិ និងអន្តរជាតិ សហគមន៍តម្បាញក្រមា និងអាជ្ញាធរខេត្ត និងក្រុង ក្នុងការចុះបញ្ជីក្រមាទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដោយជោគជ័យ។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានបន្តថែរក្សា ផលិត និងប្រើប្រាស់ក្រមាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាអត្តសញ្ញាណជាតិ និងកេរមរតកដ៏មានតម្លៃ។
ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា “ក្រមាជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាតាំងពីកើតដល់ស្លាប់។ គេប្រើប្រាស់វាសម្រាប់គោលបំណងផ្សេងៗ ដូចជា គ្របខ្លួន តុបតែងខ្លួន ធ្វើសម្លៀកបំពាក់គ្រប់ទម្រង់ ការពារខ្លួនពីកម្តៅថ្ងៃ ជូតខ្លួន ចងធ្វើជាអង្រឹងកូនក្មេង និងប្រើប្រាស់ក្នុងពិធីផ្សេងៗ”។
នៅឆ្នាំ ២០១៨ កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកហ្គីណេសសម្រាប់ក្រមាវែងជាងគេ ដែលមានប្រវែង ១,១៤៩,៨ ម៉ែត្រ និងទទឹង ៨៨ សង់ទីម៉ែត្រ។
កន្លងមក ព្រះរាជាណាចក្រកម្ពុជា បានចុះបញ្ជីបេតិកភណ្ឌរបស់ខ្លួនចំនួន ៤ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបី ប្រាំមួយនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី និងចំនួនបីក្នុងបញ្ជីស្មារតីចងចាំបញ្ជីនៃពិភពលោក ដើម្បីរក្សាទម្រង់ដើមនៃវប្បធម៌ និងបេតិកភណ្ឌមិនអាចកាត់ថ្លៃបានបន្សល់ទុកដោយបុព្វបុរសខ្មែរ ក៏ដូចជាការចងចាំនៃប្រវត្តិសាស្ត្រកម្ពុជា។
សម្បត្តិបេតិកភណ្ឌកម្ពុជាដែលបានចុះបញ្ជីទាំង ១៣ រួមមាន៖
១. បេតិកភណ្ឌវប្បធម៌រូបីនៃមនុស្សជាតិ៖ រមណីដ្ឋានបុរាណអង្គរ ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ១៩៩២ ប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ប្រាសាទសំបូរព្រៃគុហ៍ ត្រូវបានចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងរមណីដ្ឋានបុរាណប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
២. បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ៖ របាំព្រះរាជទ្រព្យ ត្រូវបានចុះបញ្ជីនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ ល្បែងទាញព្រាត់ត្រូវបានចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ចាប៉ីដងវែង ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងគុនល្បុក្កតោ ត្រូវបានចុះបញ្ជីនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។
៣. ការចុះបញ្ជីស្មារតីនៃការចងចាំពិភពលោកមានដូចជា៖ បណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៩ ខ្សែអាត់សម្លេងរឿងរាមកេរ្តិ៍តាគ្រុឌ ត្រូវបានចុះបញ្ជីនៅថ្ងៃទី១៥ ឧសភា ឆ្នាំ២០១៤ ក្រាំងរឿងអ៊ីណាវបុស្បា ត្រូវបានចុះបញ្ជីនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧៕
មតិពីមិត្តអ្នកអាន