នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្ដេចតេជោ នារសៀលថ្ងៃទី ១២ ខែធ្នូឆ្នាំ២០១៩ បានសរសេរថា ច្បាស់ណាស់ កត្តាសន្តិភាព គឺមានសារៈសំខាន់ខ្លាំងបំផុត ជាពិសេសសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់បានឆ្លងកាត់សង្រ្គាម និងវិនាសកម្មនៃរបបប្រល័យពូជសាសន៍កន្លងមក ដែលបានបំផ្លាញជីវិតមនុស្សរាប់លាននាក់ និងបានធ្វើឱ្យប្រទេសជាតិអន្តរាយធ្លាក់ក្រោមចំណុចសូន្យ។ សម្ដេចតេជោបានលើកឡើងថា “ពិតប្រាកដណាស់ មានសន្តិភាព ទើបពលរដ្ធមានសិទ្ធិសេរីភាព មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅបាន” ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
សម្ដេចតេជោបានគូសបញ្ជាក់ថា សន្តិភាពពេញលេញជាង២០ឆ្នាំមកនេះ គឺបានផ្តល់ឱកាសឱ្យកម្ពុជាបានកសាងអភិវឌ្ឍន៍សង្គមជាតិរីកចម្រើនដល់សព្វថ្ងៃ ដែលបានធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរីកលូតលាស់ជាមួយកំណើនក្នុងរង្វង់ប្រមាណ ៧.១ភាគរយ ដែលមានអត្រាអតិផរណាត្រឹមតែ ២.៥ភាគរយប៉ុណ្ណោះ។ ទន្ទឹមនេះ ក្រោមការដឹកនាំលើមាគ៌ា និងទស្សនវិស័យច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានអនុវត្តន៍យុទ្ធសាស្ត្រ “ចុងខ្សែពីរនៃចំណងខ្សែមួយ” ដែលសំដៅលើការគ្រប់គ្រងស្ថានភាពនយោបាយឱ្យមានស្ថិរភាពល្អ និងគ្រប់គ្រងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចឱ្យមានស្ថិរភាពរឹងមាំល្អកើនឡើងថែមទៀត។
គិតមកទល់ខែធ្នូ ២០១៩ នេះ ចំណូលដែលបានមកពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបើតាមគម្រោងផែនការកំណត់ត្រូវប្រមូលឱ្យបាន ២,២៦០ លានដុល្លារអាម៉េរិក ។ ប៉ុន្តែមកដល់ត្រឹមថ្ងៃទី០៩ ខែធ្នូ ២០១៩ កន្លងមកនេះ គឺយើងប្រមូលបាន ៣,០១៣ លានដុល្លារអាម៉េរិក លើសផែនការប្រមាណ៧៥៨លានដុល្លារ (ស្មើនឹង៣៣.៥ភាគរយ) ។ សម្ដេចតេជោបានបន្ថែថា បើគិតជាមធ្យមចំណូលដែលមកពីរដ្ឋាករគយ គឺប្រមូលបានប្រមាណ១០លានដុល្លារអាម៉េរិក ក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះ យើងនៅសល់ជិត២០ថ្ងៃទៀត ដែលមិនទាន់បានគិតបូកថែម ហើយដែលយើងរំពឹងថាចំណូលគយគឺនឹងកើនលើសផែនការប្រមាណជាង៨០០លានដុល្លារ។ ចំពោះចំណូលពីអគ្គពន្ធដារវិញគឺមានផែនការប្រមូលឱ្យបានប្រមាណ ២,២៨៨ លានដុល្លារ។ ប៉ុន្តែមកទល់ពេលនេះ គឺប្រមូលចំណូលបាន ២,៦៣៤ លានដុល្លារអាម៉េរិករួចហើយ ដែលពេលនេះបានលើសផែនការប្រមាណ៣៤៥ លានដុល្លារ។ សរុបក្នុងច្បាប់ផែនការថវិកា ពីរដ្ឋាករគយ និងអគ្គពន្ធដាដែលបានដាក់ចេញគឺមានគម្រោងប្រមូលចំណូលប្រមាណ ៤,៥៤៨លានដុល្លារអាម៉េរិក។ ប៉ុន្តែរហូតដល់ពេលនេះគឺប្រមូលបានប្រមាណ ៥,៦៥២ លានដុល្លារអាម៉េរិក ដែលប្រមូលបានលើសពីផែនការដែលបានកំណត់ប្រមាណ១,១០៤ លានដុល្លារអាម៉េរិករួចស្រេចទៅហើយ។ បើយើងបូករួមទាំង២ខែមុនយើងអាចប៉ាន់ស្មានបានថានឹងចំណូលលើសផែនការ គឺនឹងឈានដល់១,៣០០លានដុល្លារ ដែលជាថវិកាដ៏ល្អបានមកពីចំណូលសារពើពន្ធ ហើយដែលមិនទាន់បានបូកបញ្ចូលពីចំណូលមិនមែនសារពើពន្ធមានដូចជា ចំណូលបានមកពីថ្លៃទិដ្ឋាការទេសចរណ៍ អាកាសយានដ្ឋាន អាកាសចរណ៍ ប័ណ្ណចូលទន្សនាអង្គវត្ត និងពីដីកសិកម្ម(ដីសម្បទានសេដ្ឋកិច្ចដែលជួលទៅឱ្យឯកជនវិនិយោគ)… ។ល។
សម្ដេចតេជោបានថ្លែងទៀតថា នៅពេលនេះ រាជរដ្ឋាភិបាលយើងមានថវិកាជាសាច់ប្រាក់ប្រមាណ ៣,៥០០លានដុល្លារ ដែលអាចប្រើបា្រស់បានភ្លាមៗ ដែលមិនបានរួមបញ្ចូលពីទុនបម្រុងអន្តរជាតិប្រមាណ ១៥ពាន់លានដុល្លារ និង មាសប្រមាណ៣០តោន ទៀតផង។
តែទោះបីយ៉ាងណាក្ដី កម្ពុជាដែលបានដើរមកដល់ដំណាក់កាលនេះ គឺដោយសារមានការចូលរួមពីប្រទេសជាដៃគូ ដៃគូវិនិយោគឯកជន និងពីបងប្អូនជនរួមជាតិទាំងអស់គ្នា ដែលបានចូលរួមថែរក្សាការពារសន្តិភាព និងចូលរួមទទួលខុសត្រូវបង់ពន្ឋទាំងអស់គ្នា ដើម្បីកម្ពុជាកាន់តែរីកលូតលាស់ឆាប់រហ័សលឿនទៅមុខ៕
(ប្រភព៖ .information.gov.kh - សរុបដោយ ហេងវុធ្ធី)
មតិពីមិត្តអ្នកអាន