Trending now

អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែននិរតីនៃមាតុភូមិ និងរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍

09:00 | 07/01/2024

មានពាក្យស្លោកមួយថា៖ “ពេលផ្អែមល្ហែមត្រូវចងចាំពេលជូរចត់”។ ថ្ងៃទី៧ មករា ជារៀងរាល់ឆ្នាំ គឺជាឱកាសមួយសម្រាប់នឹករលឹកឡើងវិញពីប្រពៃណីនៃចំណងសាមគ្គីភាព និងការកៀកស្មាគ្នារវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ក្នុងគ្រាលំបាកក្នុងប្រវត្តិសាស្ត្រនៃប្រទេសជាតិទាំងពីរ។

អ្នកជំនាញប្រវត្តិសាស្ត្រកម្ពុជាវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម អ្នកជំនាញប្រវត្តិសាស្ត្រកម្ពុជាវាយតម្លៃខ្ពស់ចំពោះការជួយគាំទ្ររបស់កងទ័ពស្ម័គ្រចិត្តវៀតណាម
ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា
ប្រជាជនកម្ពុជាសម័យបក្ខពួក ប៉ុល ពត កាន់អំណាច
ប្រជាជនកម្ពុជាសម័យបក្ខពួក ប៉ុល ពត កាន់អំណាច

ក្នុងឱកាសខួបលើកទី ៤៥ នៃទិវាជ័យជំនះក្នុងការការពារព្រំដែនភាគនិរតីនៃមាតុភូមិវៀតណាម និងចូលរួមជាមួយកងទ័ព និងប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ / ៧ មករា ២០២៤) កាសែតកងទ័ពប្រជាជនមានកិត្តិយសសូមផ្សាយអត្ថបទមួយចំនួនសម្រាប់ក្រឡេកមើលប្រវត្តិសាស្រ្តដ៏រុងរឿងនៃប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ។ ក្រោយរយៈពេលជាច្រើនឆ្នាំប្រកៀកស្មាចែករំលែកទុក្ខលំបាកជាមួយគ្នាតស៊ូយ៉ាងស្វិតស្វាញប្រឆាំងនឹងអាណានិគមនិយម និងចក្រពត្តិនិយម ជាយុត្តិធម៌ណាស់ប្រសិនបើទាំងប្រជាជនវៀតណាម និងកម្ពុជាគប្បីតែទទួលបានការរស់នៅក្នុងសន្តិភាពពេញលេញជាមួយគ្នាដើម្បីសាងជីវិតថ្មីរុងរឿង និងសុភមង្គល។ ប៉ុន្តែជាអកុសលណាស់ បក្ខពួក ប៉ុល ពត បានប្រពឹត្តទៅអំពើក្បត់បុព្វហេតុបដិវត្តន៍របស់ប្រជាជនកម្ពុជា ហើយបានបំផ្លាញចោលប្រពៃណីនៃសាមគ្គីភាពរវាងប្រជាជនវៀតណាម និងកម្ពុជា។

សោកនាដកម្មនៃសតវត្សរ៍

វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងពីរដែលមានទំនាក់ទំនងជាប្រពៃណីជិតស្និទ្ធយូរអង្វែងណាស់មកហើយ។ ប្រជាជនទាំងពីរបានរួបរួមសាមគ្គី ចែករំលែកនិងគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រប់គ្រារងទុក្ខលំបាកបំផុត រួមគ្នាជំនះពុះពារលើរាល់ឧបសគ្គជាច្រើននៃប្រវត្តិសាស្ត្រ។ នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៥២ ក្នុងសន្និសីទកម្មាភិបាលនៃសម្ព័ន្ធប្រជាជនវៀតណាម-ឡាវ លោកប្រធានហូជីមិញ បានសង្កត់ធ្ងន់ថា៖ “វៀតណាមសាមគ្គីយ៉ាងជិតស្និទ្ធ ឡាវសាមគ្គីយ៉ាងជិតស្និទ្ធ កម្ពុជាសាមគ្គីយ៉ាងជិតស្និទ្ធ... ពាក្យថាសាមគ្គីនៅត្រង់នេះគឺសាមគ្គីក្នុងស្មារតី សាមគ្គីក្នុងសកម្មភាព សាមគ្គីក្នុងការតស៊ូ មិនមែនសាមគ្គីតាមពាក្យសម្ដីប៉ុណ្ណោះទេ”។ ជ័យជំនះនៃបដិវត្តន៍វៀតណាម ជាពិសេសការវាយលុក និងការបះបោររបស់កងទ័ព និងប្រជាជនវៀតណាម នានិទាឃរដូវឆ្នាំ ១៩៧៥ បានរួមចំណែកបង្កើតឱកាសនិងនាំមកឥទ្ធិពលសម្រាប់កងទ័ពរំដោះជាតិកម្ពុជា ឈានទៅមុខរំដោះរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ បញ្ចប់ប្រកបដោយជោគជ័យនៃការតស៊ូរបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ស្រមោលងងឹតភ្លាមៗបានធ្លាក់ចុះម្តងទៀតជាមួយនឹងការបំផ្លិចបំផ្លាញដ៏ឃោរឃៅឥតប្រណីបំផុតក្នុងសតវត្សរ៍ ដែលត្រូវបានចារឹកក្នុងទំព័រប្រវត្តិសាស្ត្រសែនងងឹតពោរពេញទៅដោយការឈឺចាប់នៅប្រទេសកម្ពុជា។ យោងតាមសារព័ត៌មាន Khmer Times បន្ទាប់ពីឡើងកាន់អំណាចនៅខែមេសា ឆ្នាំ១៩៧៥ បក្ខពួកប្រតិកិរិយា ប៉ុល ពត បានធ្វើឱ្យប្រជាជនកម្ពុជាធ្លាក់ក្នុងសោកនាដកម្មជាតិដ៏ធំធេងម្ដងទៀត ប្រទេសនៃប្រាសាទអង្គរវត្តមួយនេះត្រូវប្រឈមមុខនឹងគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរពោលគឺនៅជិតមាត់គ្រោះប្រល័យពូជសាសន៍គួរឱ្យភ័យខ្លាចរន្ធត់ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ ភូមិស្រុកនៅកម្ពុជារងវិនាសស្ទើរតែទាំងអស់។

មនុស្សជាតិមិនអាចបំភ្លេចបានឡើយក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃប៉ុណ្ណោះ បក្ខពួក ប៉ុល ពត ដែលមានក្តីស្រមៃចង់បង្កើត "សហគមន៍កសិកម្មគ្មានវណ្ណៈ និងផ្គត់ផ្គង់ដោយខ្លួនឯង"មួយបានប្រព្រឹត្តទៅឧក្រិដ្ឋកម្មឥតប្រណីបានជាដាច់ខាត សម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់ជាង៣លាននាក់ លុបបំបាត់ទាំងស្រុងដល់គ្រឹះនូវរាល់សមិទ្ធផលនៃសង្គម។ ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាសែតកងទ័ពប្រជាជន លោកសាស្ត្រាចារ្យ Pankaj Jha នៃសាលាទំនាក់ទំនងអន្តរជាតិ Jindal (ឥណ្ឌា) បានវាយតម្លៃថា សម័យកាលនៅក្រោមការគ្រប់គ្រងរបស់បក្ខពួក ប៉ុល ពត គឺជា "សម័យប្រវត្តិសាស្ត្រមួយក្នុងចំណោមសម័យកាលដ៏ខ្មៅងងឹតបំផុតរបស់ប្រទេសកម្ពុជា"។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបាន Khmer Times ដកស្រង់ថា “កម្ពុជានៅសម័យនោះមិនខុសពីវាលពិឃាតដ៏ខ្មៅងងឹតទេ”។ “របបឃោរឃៅនេះបានឆក់យកជីវិតមនុស្សស្លូតត្រង់រាប់លាននាក់ បំផ្លាញប្រទេសជាតិទាំងមូល។ ប្រជាជនកម្ពុជាត្រូវបានបង្ខំឱ្យធ្វើពលកម្មយ៉ាងលំបាក គ្មានអាហារ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានការអប់រំ គ្មានសេរីភាព និងរង់ចាំស្លាប់។

ដាក់ការជឿទុកចិត្តលើវៀតណាម

មិនឈប់ត្រឹមតែសម្លាប់ប្រជាជនខ្លួនឯងនោះទេ បក្ខពួក ប៉ុល ពត ក៏បានអនុវត្តនយោបាយស្អប់ខ្ពើមវៀតណាម ដោយចាត់ទុកវៀតណាមជាសត្រូវរបស់កម្ពុជា ក្នុងគោលបំណងចង់ជាន់ឈ្លីលើ “ទំនាក់ទំនងទ្វេភាគីដ៏មានតម្លៃ”រវាងប្រទេសជិតខាងទាំងពីរ។ ទោះបីជាមានការអំពាវនាវ ការសម្តែងសុច្ឆន្ទៈ និងការខិតខំប្រឹងប្រែងចង់រក្សាសន្តិភាព មិត្តភាព និងកិច្ចសន្ទនាពីសំណាក់វៀតណាមយ៉ាងណាក៏ដោយក៏បក្ខពួក ប៉ុល ពត មិនអើពើព្យាយាមឃោសនា ញុះញង់ និងលាបពណ៌ចង់បរិហារកេរ្តិ៍ឈ្មោះវៀតណាម បំផុសមនោគមវិជ្ជាប្រឆាំងវៀតណាម និងធ្វើសង្គ្រាមបង្ហូរឈាម រំលោភលើអធិបតេយ្យភាព និងទឹកដី បង្កឧក្រិដ្ឋកម្មយ៉ាងធ្ងន់ធ្ងរលើប្រជាជនវៀតណាម។ សម្ដេចតេជោ ហ៊ុន សែន បានរៀបរាប់ក្នុងភាពយន្តឯកសារប្រវត្តិសាស្ត្រ “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” ថា ពួក ប៉ុល ពត មិនចេះឆ្អែតឆ្អន់នឹងការសម្លាប់ប្រជាជនខ្លួនឯងទេ ប៉ុន្តែក៏ចង់សម្លាប់ប្រជាជនប្រទេសជិតខាងទៀតផង។

ប្រឈមមុខនឹងគ្រោះប្រល័យពូជសាសន៍នៃប្រទេសជាតិ ប្រជាជនកម្ពុជាបានក្រោកឈរឡើងប្រមូលផ្តុំកម្លាំងដើម្បីស្វែងរកមធ្យោបាយសង្គ្រោះជាតិ។ ការបះបោរជាច្រើនដោយកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាបានផ្ទុះឡើង។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែជញ្ជីងកម្លាំងខុសគ្នាឆ្ងាយនាំឱ្យការតស៊ូបានទទួលរងនូវការខាតបង់ជាច្រើន និងប្រឈមមុខនឹងស្ថានភាពដ៏គ្រោះថ្នាក់។ ក្នុងគ្រាសែនលំបាកបំផុតនៃបដិវត្តន៍កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ដែលពេលនោះជាមេបញ្ជាការកងវរសេនាធំ និងប្រជាពលរដ្ឋកម្ពុជាស្នេហាជាតិមួយចំនួនបានសម្រេចចិត្តឆ្លងដែនចូលប្រទេសវៀតណាម ដើម្បីស្នើសុំជំនួយរៀបចំចលនាតស៊ូរំដោះប្រទេសជាតិ។ ក្នុងភាពយន្ត “ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ” សម្ដេចតេជោ ហ៊ុន សែន ចែករំលែកថា នៅពេលនោះ សម្តេចតែងតែមានជំនឿយ៉ាងមោះមុតថា “វៀតណាមនឹងមិនឈរមើលពេលកម្ពុជារងគ្រោះថ្នាក់ទេ”។ "ហេតុអ្វីបានជាសម្តេចតេជោទុកចិត្តវៀតណាម ហើយសម្រេចចិត្តឆ្លងដែនស្វែងរកជំនួយពីវៀតណាម? នោះក៏ព្រោះតែវៀតណាមជាប្រទេសជិតខាងដែលបានចែករំលែកភាពផ្អែមល្ហែម និងឈឺចាប់ ដោយប្រកៀកស្មាគ្នាជាមួយកម្ពុជាជានិច្ចក្នុងការតស៊ូប្រឆាំងនឹងសត្រូវរួមដើម្បីដណ្តើមឯករាជ្យ”។

ពេលបាយដ៏មានតម្លៃ

បើតាមសម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា សម្តេចនិងយុទ្ធមិត្ដ បានត្រៀមស្មារតីនឹងត្រូវភាគីវៀតណាមចាប់ខ្លួន ពីព្រោះ "មនុស្សម្នាក់ពីប្រទេសមួយឆ្លងព្រំដែននៃប្រទេសមួយផ្សេងទៀតក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយ ប៉ុល ពត” នឹងពិបាកបញ្ជាក់ថា ជាមិត្ដ ឬ សត្រូវ។ “ទោះជាយ៉ាងនេះក្តី ភាគីវៀតណាមមិនបានធ្វើអ្វីមកលើយើងទេ… ភាគី​វៀតណាមបានប្រព្រឹត្តចំពោះជនភៀសខ្លួនយ៉ាងមនុស្សធម៌បំផុត ទោះបីជាមិនដឹងថា យើងជានរណា ជាមិត្ត ឬសត្រូវក៏ដោយ។ ជាមិត្តឬសត្រូវមិនទាន់ច្បាស់ ប៉ុន្តែភាគីវៀតណាមបានប្រព្រឹត្តចំពោះយើងយ៉ាងល្អ។ នោះគឺជាការរៀបរាប់របស់សម្ដេចក្នុងភាព​យន្តឯកសារប្រវត្តិសាស្ត្រដែលមានចំណងជើងថា "ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ" ដែលផលិតក្នុងឆ្នាំ ២០១៧។

បន្ទាប់ពីចូលក្នុងប្រទេសវៀតណាមភ្លាមៗ សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ដត្រូវបានកងកម្លាំងទ័ពព្រៃ និងប្រជាពលរដ្ឋទទួលនិងអញ្ជើញហូបបាយផងដែរ។ នោះក៏ជាលើកទីមួយក្នុងរយៈពេលជាច្រើនខែដែលពួកគេបានហូបបាយឆ្អែត ព្រោះរបបអាហារប្រចាំថ្ងៃនៅក្នុងប្រទេសកម្ពុជានៅពេលនោះមានតែបបរប៉ុណ្ណោះ។ កាលនោះ "យើងខ្ញុំមិនបានហូបបាយជាងមួយឆ្នាំហើយ... សម្រាប់ខ្ញុំពេលបាយមួយនៅពេលនោះមានតម្លៃរាប់រយ រាប់ពាន់ រាប់ម៉ឺនលានតោនអង្កររបស់សព្វថ្ងៃនេះ។ ដូច្នេះហើយ ខ្ញុំទើបនិយាយថា៖ "ឆ្លងកាត់ការលំបាកទើបស្គាល់មិត្តល្អ ហើយឆ្លងកាត់ការលំបាកទើបយល់ចិត្តគ្នាបាន" នោះគឺជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៤៥ នៃ "ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត" ខែមិថុនា ឆ្នាំ ២០២២។

ទោះបីជាវៀតណាមនាពេលនោះមិនទាន់ជម្នះផលវិបាកធ្ងន់ធ្ងរនៃសង្គ្រាមក៏ដោយ ប៉ុន្ដែបានយល់យ៉ាងច្បាស់អំពីស្ថានភាពលំបាក​នៃបដិវត្តន៍កម្ពុជា និងអនុវត្តមនោគមវិជ្ជារបស់ប្រធានហូជីមិញ “ជួយមិត្តគឺជួយខ្លួនឯង” ឆ្លើយតបនឹងក្ដីទុកចិត្ដ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងបដិវត្តន៍នៃប្រទេសកម្ពុជាជាបងប្អូន បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាមបានបង្ហាញពីស្មារតីសាមគ្គីភាព ចែករំលែកការលំបាក ជួយមិត្ដអស់ពីសមត្ថភាព កសាងកម្មាភិបាលនិងកម្លាំងស្នូលសម្រាប់បដិវត្ដន៍កម្ពុជា ។ “ស្របពេលនោះ វៀតណាមទើបតែរំដោះភាគខាងត្បូង ប្រទេសនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ ម្យ៉ាងទៀតនៅឆ្នាំ ១៩៧៧ និង ១៩៧៨ ក៏មានគ្រោះធម្មជាតិ ហើយប្រជាជនវៀតណាមនៅពេលនោះត្រូវបរិភោគពោត និងដំឡូង ទន្ទឹមនឹងនោះ យើងពីកម្ពុជាមកវៀតណាមក៏បានរួមចំណែកធ្វើឲ្យស្ថានការណ៍កាន់តែលំបាក។ ដូច្នេះ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលទោះបីជីវិតមានការលំបាកយ៉ាងណាក៏ដោយក៏ប្រជាជនវៀតណាមនៅតែចែករំលែកការលំបាកជាមួយយើងខ្ញុំ"។ នោះគឺជាការរៀបរាប់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្នុងភាពយន្ដឯកសារ "ដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិ" ។

កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រុកចូលរំដោះរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ (រូបថតឯកសារ)
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមសម្រុកចូលរំដោះរាជធានីភ្នំពេញ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ (រូបថតឯកសារ)

"ខួបកំណើតទីពីរ" របស់ប្រជាជនកម្ពុជា

ដោយមានកិច្ចខិតខំប្រឹងប្រែងកសាងមន្ត្រីស្នូលកម្ពុជា និងជំនួយដ៏មានប្រសិទ្ធភាពរបស់វៀតណាម នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ ១៩៥៨ អង្គភាពលេខ ១២៥ ត្រូវបានបង្កើតឡើង។ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានចាប់កំណើត ដោយមានសម្តេច ហេង សំរិន ធ្វើជាប្រធាន និងសម្តេចតេជោ ហ៊ុន សែន ធ្វើជាសមាជិក។ នេះជាស្នូលនៃកម្លាំងបដិវត្តន៍និងកម្លាំងប្រដាប់អាវុធបដិវត្តន៍ដែលជាជំហានអភិវឌ្ឍន៍ថ្មីនៃបដិវត្តន៍កម្ពុជា។

បន្ទាប់ពីយកឈ្លះលើសង្គ្រាមឈ្លានពានរបស់ពួក ប៉ុល ពត នៅព្រំដែនភាគនិរតីវៀតណាម និងឆ្លើយតបការអំពាវនាវជាបន្ទាន់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងផ្តើមចេញពីប្រពៃណីនៃសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។ វៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តមកប្រកៀកស្មា ដោយមិនថា ពលីជីវិត រួមជាមួយនឹងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងប្រជាជនកម្ពុជាប្រយុទ្ធយ៉ាងអង់អាចក្លាហាន រំដោះប្រទេសកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ដើម្បីដណ្ដើមជ័យជម្នះនៅថ្ងៃទី ៧ មករា ១៩៧៩។ កាសែត Khmer Times បានដកស្រង់សម្តី សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃទី ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា ហើយថា ការដែលវៀតណាមបានបញ្ជូនកងទ័ពស្ម័គ្រចិត្តទៅជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានចារឹកក្នុងប្រវត្តិសាស្ត្រ។

“ជ័យជម្នះ ៧ មករា ១៩៧៩ បានបិទបញ្ចប់ទំព័រខ្មៅងងឹតក្នុងប្រវត្តិសាស្ត្រ បើកសករាជថ្មីនៃឯករាជ្យ សេរីភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមសម្រាប់ប្រជាជនកម្ពុជា... ជ័យជំនះប្រវត្តិសាស្ត្រនោះ គឺជាតម្រុយមួយនៃសាមគ្គីភាពអន្តរជាតិដ៏បរិសុទ្ធ និងស្មោះត្រង់រវាងប្រជាជនទាំងពីរកម្ពុជា និងវៀតណាម ដែលបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងអ្នកជិតខាង មិត្តភាពរវាងប្រទេសទាំងពីរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤