ព្រះរាជាណាចក្រកម្ពុជាកំពុងត្រៀមរៀបចំទិវាកងទ័ព និងប្រជាជនកម្ពុជាក្រោមការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (៧ មករា ១៩៧៩ / ៧ មករា ២០២៤) - ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ដែលគូសបញ្ជាក់ការរស់រានមានជីវិតឡើងវិញរបស់ប្រទេស និងប្រជាជនកម្ពុជា។
![]() |
![]() |
![]() |
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ Sombo Manara រូបថត៖ TTXVN |
កាលពី ៤៥ ឆ្នាំមុន ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងកម្លាំងប្រដាប់អាវុធបានប្រមូលផ្តុំអ្នកស្នេហាជាតិក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រួមមានការជួយគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាមបានសម្រុកចូលរំដោះទីក្រុងភ្នំពេញ ផ្តួលរំលំរបប ប៉ុល ពត និងជួយសង្គ្រោះជនរងគ្រោះជាង ៥ លាននាក់ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រ Sombo Manara នៅសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ឲ្យដឹងថា ពេលនិយាយអំពីជ័យជម្នះ ៧ មករា ១៩៧៩ គឺនិយាយអំពីព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា។ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ របបប្រល័យពូជសាសន៍បានធ្វើឲ្យកម្ពុជាបាត់បង់ស្ទើរតែទាំងអស់គឺកម្លាំងជាតិ បាត់បង់មូលដ្ឋានធនធានជាតិ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងគ្រប់យ៉ាង។
បើតាមលោកសាស្ត្រាចារ្យ Sombo Manara ក្នុងជម្រៅនៃការភ័យខ្លាច គ្មានមនុស្សណាម្នាក់ក្នុងប្រទេសកម្ពុជា ហ៊ានគិត និង ស្រមៃថាថ្ងៃណាមួយពួកគេអាចរួចផុតពីការកាប់សម្លាប់ ត្រឡប់មកផ្ទះវិញនិងទៅធ្វើការនោះទេ។ នៅពេលនោះ ពួកគេគិតតែមួយថា តើពួកគេអាចរស់នៅរហូតដល់ថ្ងៃស្អែក ឬ ថ្ងៃបន្ទាប់ដែរឬទេ។ ដូច្នេះហើយ អត្ថន័យសំខាន់នៃជ័យជម្នះ ៧ មករា ១៩៧៩ គឺជាថ្ងៃដែលប្រជាជនកម្ពុជាបានដឹងថា ពួកគេនៅមានជីវិត រួចផុតពីឧបាយកលកាប់សម្លាប់របស់ ប៉ុល ពត ទៅលើបញ្ញវន្ត មនុស្សដែលមានសមត្ថភាព ជាពិសេសធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ធ្លាប់ជាជនរងគ្រោះម្នាក់ដែលរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត លោក Sombo Manara អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរឲ្យដឹងថា សម្រាប់ប្រជាជនកម្ពុជា ថ្ងៃទី ៧ មករា ១៩៧៩ មានអត្ថន័យជាប្រវត្តិសាស្ត្រ ដើម្បីអ្នកដែលនៅមានជីវិតបានជួបបងប្អូន និងសាច់ញាតិឡើងវិញ ក្រៅពីនេះ គឺមានសេរីភាពដើម្បីអនុវត្ដភារកិច្ចក្នុងជីវិតរបស់ខ្លួន ដើម្បីបានរស់រានមានជីវិត សិក្សានិងធ្វើការ។
លោកសាស្ត្រាចារ្យ Sombo Manara បានសង្កត់ធ្ងន់ថា ពេលនិយាយពីជ័យជម្នះ ៧ មករា ១៩៧៩ មិនអាចមិននិយាយពីតួនាទីរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍នៅកម្ពុជាកាលពីជិតកន្លះសតវត្សរ៍មុន ក៏ដូចជាដំណើរការប្រកៀកស្មាជាមួយកងទ័ពនិងប្រជាជនកម្ពុជាក្នុងកិច្ចការកសាងប្រទេសឡើងវិញ និងទប់ស្កាត់ការវិលត្រឡប់កាន់អំណាចរបស់ ប៉ុល ពត បានឡើយ ។
លោកសាស្ត្រាចារ្យ Sombo Manara បានវាយតម្លៃខ្ពស់កាតព្វកិច្ចដ៏ឧត្ដុងឧត្ដម និងតួនាទីរបស់បក្ស រដ្ឋ ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាមនាពេលនោះក្នុងការបម្រើផលប្រយោជន៍របស់ប្រទេសជាតិ និងស្មារតីមនុស្សធម៌ ជួយសង្គ្រោះប្រជាជនកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់ដោយរបបប្រល័យពូជសាសន៍។ លោកបានលើកច្បាស់ថា៖ "ទាំងនោះជាគុណតម្លៃដែលប្រទេសទាំងពីរបានចែករំលែកជាមួយគ្នាតាំងពីសម័យប្រយុទ្ធប្រឆាំងអាណានិគមបារាំង។ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានតែងតែយកចិត្តទុកដាក់ គិតគូរ និងស្វែងរកមធ្យោបាយដោះស្រាយបញ្ហានៅក្នុងប្រទេសជិតខាងនេះ ដោយជួយឱ្យរួចផុតពីរបបប្រល័យពូជសាសន៍។ ដូច្នេះហើយ ពេលកម្ពុជាមានការអំពាវនាវ វៀតណាមសុទ្ធតែឆ្លើយតបចូលរួម"។
ដោយវាយតំលៃខ្ពស់ចំពោះកាតព្វកិច្ចស្ម័គ្រចិត្ត និងការលះបង់ដ៏ថ្លៃថ្នូរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម លោកសាស្ត្រាចារ្យ Sombo Manara បានវិភាគយ៉ាងស៊ីជម្រៅ និងសង្កត់ធ្ងន់លើអត្ថន័យនៃឃ្លា “កងទ័ពស្ម័គ្រចិត្តវៀតណាម” ដែលមានន័យថា ឆ្លើយតបទៅនឹងសំណើជួយគាំទ្ររបស់អ្នកដទៃ និងសហគមន៍ដោយស្ម័គ្រចិត្ត ដោយឆន្ទៈ និងបេះដូង ដោយមិនគិតពីអ្វីបានតបសងមកវិញឡើយ។ លោកបញ្ជាក់ថា៖ "៤៥ឆ្នាំមកនេះ យើងតែងតែប្រើពាក្យ "កងទ័ពស្ម័គ្រចិត្តវៀតណាម" បើនិយាយពីពាក្យ "ស្ម័គ្រចិត្ត" មានន័យថា មិនចង់បានអ្វីតបស្នងមកវិញ។ ជាភាសាខ្មែរក៏ដូចជាភាសាបរទេសដែរគឺពាក្យ "ស្ម័គ្រចិត្ត" មានអត្ថន័យលើកកម្ពស់តម្លៃសីលធម៌ដែលផ្ដើមចេញពីបេះដូង"។
បើតាមលោកសាស្ត្រាចារ្យ Sombo Manara ចាំបាច់ត្រូវលើកតម្កើងតម្លៃសីលធម៌ និងមនុស្សធម៌របស់ “កងទ័ពស្ម័គ្រចិត្តវៀតណាម” ក្នុងការជួយគ្នាទៅវិញទៅមក ហើយត្រូវពង្រឹងបន្ថែមទៀតសម្រាប់ដំណើរអភិវឌ្ឍន៍នាពេលអនាគត ដើម្បីភាពសុខដុមរមនារបស់ប្រទេសជាតិ៕
មតិពីមិត្តអ្នកអាន