Trending now
ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិម៉ាឡេស៊ីទៅកាន់វៀតណាម៖

បង្កើតកម្លាំងចលករថ្មីនិងនាំឱ្យទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង​​ពីរកាន់តែរីកចម្រើនបន្ថែមទៀត

22:37 | 05/12/2023 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីស្នាក់ការក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ដ្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយលោក Dato' Seri Utama Haji Mohamad Bin Haji Hasan រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។

ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co ពេទ្យយោធាវៀតណាម-កម្ពុជា ពិនិត្យសុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃនៅស្រុក Duc Co
សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh សន្និសីទរួមរវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា ដែលប្រព្រឹត្តទៅនៅទីក្រុង Tay Ninh
លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ក្នុងជំនួបពិភាក្សា លោករដ្ឋមន្ត្រី Phan Van Giang បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះរបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិម៉ាឡេស៊ី មានអត្ថន័យសំខាន់មិនត្រឹមតែរួមចំណែកជាក់ស្តែងក្នុងឱកាសរំលឹកខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើតកម្លាំងចលករថ្មីនិងនាំឱ្យទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង​​ពីរកាន់តែរីកចម្រើនបន្ថែមទៀត។

លោករដ្ឋមន្ត្រី Phan Van Giang បានសង្កត់ធ្ងន់ថាវៀតណាម និងម៉ាឡេស៊ី គឺជាប្រទេសជិតខាងជិតស្និទ្ធនៅអាស៊ីអាគ្នេយ៍ និងមានភាពស្រដៀងគ្នាខាងវប្បធម៌ និងប្រវត្តិសាស្ត្រជាច្រើន ហើយជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់អាស៊ាន ចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាអន្តរជាតិសំខាន់ៗជាច្រើន។ បច្ចុប្បន្ន ប្រទេសទាំងពីរកំពុងអនុវត្តកម្មវិធីសកម្មភាពដើម្បីអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២១-២០២៥ លើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិផងដែរ។

នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ម៉ាឡេស៊ី កាន់តែដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ និងទទួលបានការយកចិត្តទុកដាក់ និងលើកកម្ពស់ពីថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ស្របតាមឯកសារសហប្រតិបត្តិការលើវិស័យការពារជាតិដែលភាគីទាំងពីរបានចុះហត្ថ​លេ​ខា។

នាពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរទទួលបានលទ្ធផលវិជ្ជមាន ជាពិសេសលើវិស័យ​មួយចំនួនដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា ការបណ្តុះបណ្តាល ការពិគ្រោះយោបល់ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខតំបន់ និងអន្តរជាតិ ការបញ្ជូនគណៈប្រតិភូទៅចូលរួមព្រឹត្តិការណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។

រដ្ឋមន្ត្រីទាំងពីរបានឯកភាពថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅតែមានច្រើនណាស់។ ភាគីទាំងពីរព្រមព្រៀងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដែលបានចុះហត្ថលេខាភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាការងារ។

អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ ផ្តោតលើវិស័យជាច្រើនដូចជា ការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ បង្កើតយន្តការពិគ្រោះយោបល់ និងកិច្ចសន្ទនាឲ្យបានឆាប់។ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពយោធា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជាការបណ្តុះបណ្តាល ឧស្សាហកម្មការពារជាតិ ភស្តុភារ ពេទ្យយោធា ការសង្គ្រោះគ្រោះមហន្ដរាយ... ភាគីទាំងពីរព្រមព្រៀងបង្កើនការពិគ្រោះយោបល់ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសន្តិសុខក្នុងតំបន់ និងអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានអះអាងថា ចាប់តាំងពីប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីក្នុងឆ្នាំ ២០០៨ ទំនាក់ទំនងការពារជាតិនៃប្រទេសទាំងពីរបានមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរបានគូសបញ្ជាក់ទំព័រថ្មីដោយការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរលើកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងឱកាសនៃដំណើរទស្សនកិច្ចលើកនេះ លោកអះអាងថែមទៀតថា នេះជាឱកាសសម្រាប់ក្រសួងការពារជាតិនៃប្រទេសទាំងពីរវាយតម្លៃលើកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក ព្រមទាំងមានបំណងចង់ភាគីទាំងពីរនឹងឈានដល់វិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ភ្លាមៗបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារ លោក Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤