ទំនាក់ទំនង មិត្តភាពជាប្រពៃណី សាមគ្គីភាព និងជិតស្និទ្ធរវាងវៀតណាម ឡាវ និងកម្ពុជា គឺជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន បង្កើតឡើងទាំងកម្លាំងស្មារតី និងសម្ភារៈសម្រាប់ប្រទេសទាំងបី តែងតែប្រកៀកស្មាជាមួយគ្នាក្នុងការតស៊ូដើម្បីឯករាជ្យកាលពីមុន ក៏ដូចជាក្នុងកិច្ចការកសាង ការពារនិងអភិវឌ្ឍប្រទេសជាតិនាសព្វថ្ងៃ។
![]() |
![]() |
![]() |
លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (ជានាយករដ្ឋមន្ត្រីកម្ពុជានៅពេលនោះ) នៅទីក្រុងហាណូយ ក្នុងឆ្នាំ ២០២១ |
វៀតណាម និងឡាវ មានប្រពៃណីទំនាក់ទំនងមិត្តភាពជិតស្និទ្ធក្នុងប្រវត្តិសាស្ត្រដ៏យូរលង់នៃការកសាង និងការពារប្រទេសរបស់ប្រជាជាតិទាំងពីរ។ ឆ្លងកាត់បញ្ហាប្រឈមដ៏ខ្លាំងក្លានៃសង្គ្រាម និងការលំបាកជាច្រើនឆ្នាំក្នុងដំណើរការផ្លាស់ថ្មី និងការធ្វើសមាហរណកម្ម ជាប្រទេសជិតខាងទាំងពីរ វៀតណាមនិងឡាវបានកសាងទំនាក់ទំនងសាមគ្គីភាពពិសេស ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ លោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong និងត្រូវបានពូនជ្រំដោយកងទ័ព និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរ។ រាល់សមិទ្ធិផលនៃបដិវត្តន៍របស់ប្រទេសនីមួយៗរហូតមកដល់បច្ចុប្បន្នគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគាំទ្រ និងជំនួយដ៏មានតម្លៃទាន់ពេលវេលា និងដោយស្មោះស្ម័គ្រ ដែលបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងឡាវបានលៃទុកសម្រាប់គ្នាទៅវិញទៅមក។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងមានសេចក្តីសោមនស្សរីករាយដែលឃើញថា ទោះបីជាមានការលំបាក និងបញ្ហាប្រឈមជាច្រើន រួមទាំងផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនមកនៃជំងឺរាតត្បាត Covid-19 ក៏ដោយក៏ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាម-ឡាវ បន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ពីទំនាក់ទំនងមិត្តភាពជាប្រពៃណី បានក្លាយជាទំនាក់ទំនងមិត្តភាពដ៏មហិមា។
ទន្ទឹមនឹងនោះ ភាពជិតខាងនៃភូមិសាស្ត្រ និងភាពស្រដៀងគ្នានៃវប្បធម៌ និងប្រវត្តិសាស្ត្រ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់វៀតណាមនិងកម្ពុជាក្នុងការពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនងប្រពៃណីដ៏យូរអង្វែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រជាជននៃប្រទេសទាំងពីរបានប្រកៀកស្មាជាមួយគ្នាដើម្បីដណ្តើមយកជ័យជំនះជាប្រវត្តិសាស្ត្រនៅនិទាឃរដូវឆ្នាំ ១៩៧៥ ព្រមទាំងជួយសង្គ្រោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ និងនាំមកនូវការរស់រានមានជីវិតឡើងវិញសម្រាប់ប្រទេសកម្ពុជា។ នេះក៏ជាមូលដ្ឋានគ្រឹះសម្រាប់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្តខិតខំពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ និងជឿទុកចិត្តគ្នា ក្រោមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី” កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និងស្ថិតស្ថិរយូរអង្វែង។ ក្រឡេកទៅមើលដំណើរអតីតកាលវិញ អាចបញ្ជាក់បានថា ទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា បាននិងកំពុងរួមចំណែកជាក់ស្តែងក្នុងការកសាង និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនៃប្រទេសទាំងពីរ បើទោះបីជារងការលំបាក និងបញ្ហាប្រឈមជាច្រើនក៏ដោយ។
ចំពោះទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជា ប្រទេសជិតខាងទាំងបីរួមគ្នាផឹកទឹកពីទន្លេមេគង្គដូចគ្នា មានទំនាក់ទំនងមិត្តភាពជាប្រពៃណី និងជិតស្និទ្ធតាំងពីយូរលង់មកហើយ។ អាចបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើង និងមានការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ក្រោយមកជា បក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា ទំនាក់ទំនងនោះកាន់តែមានការរីកចម្រើន និងអភិវឌ្ឍន៍ប្រកបដោយគុណភាព។ បក្សកុម្មុយនិស្តវៀតណាម បក្សប្រជាជនបដិវត្តន៍ឡាវ និងគណបក្សប្រជាជនកម្ពុជា បានរួបរួមគ្នាដឹកនាំប្រជាជននៃប្រទេសទាំងបីឱ្យទទួលបានជ័យជំនះដ៏ត្រចះត្រចង់ក្នុងការតស៊ូប្រឆាំងសត្រូវរួម ដើម្បីឯករាជ្យជាតិ និងការបង្រួបបង្រួមប្រទេស នាពេលកន្លងមក ក៏ដូចជាក្នុងការកសាង ការការពារ និងការអភិវឌ្ឍនៃប្រទេសទាំងបីនាពេលបច្ចុប្បន្ននេះ។
ចាប់តាំងពីជំនួបជាន់ខ្ពស់រវាងលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (ជានាយករដ្ឋមន្ត្រីកម្ពុជានៅពេលនោះ) នៅទីក្រុងហាណូយ ក្នុងឆ្នាំ ២០២១ ទំនាក់ទំនងរវាងបក្សទាំងបីរ និងប្រទេសទាំងបី បន្តពង្រឹងលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងបី ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ភាគីទាំងបីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទីនៃទំនាក់ទំនងទ្វេភាគី និងពហុភាគី។ ជាពិសេសក្នុងឆ្នាំ ២០២២ ប្រទេសទាំងបីបានរៀបចំ “ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម” និង “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម” ប្រកបដោយជោគជ័យ បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាពិសេសយុវជនជំនាន់ក្រោយ។ ប្រទេសទាំងបីកំពុងបន្តអនុវត្តយន្តការសហប្រតិបត្តិការត្រីភាគីរបស់រដ្ឋសភា រដ្ឋាភិបាល ក្រសួង ស្ថាប័ន រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងបី។
ការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃស្ថានភាពពិភពលោក និងតំបន់កំពុងបង្កើតឱកាសជាច្រើនផង និងបញ្ហាប្រឈមជាច្រើនសម្រាប់ប្រទេសទាំងបីផង។ មេរៀនប្រវត្តិសាស្ត្រនៃចំណងសាមគ្គីភាពរវាងវៀតណាម-ឡាវ-កម្ពុជា បាន និងកំពុងក្លាយជាគោលការណ៍ គោលម៌ាគាក្នុងដំណើរការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងបី។ ទោះបីជាស្ថានការណ៍មានការផ្លាស់ប្តូរក៏ដោយក៏យើងនៅតែប្តេជ្ញាចិត្តរក្សា និងលើកកម្ពស់ទំនាក់ទំនងវៀតណាម-ឡាវ-កម្ពុជាជារៀងរហូត ដូចជាទន្លេមេគង្គដ៏មហិមាតភ្ជាប់ប្រទេសទាំងបី ដែលជាទ្រព្យសម្បត្តិរួមដែលមិនអាចកាត់ថ្លៃបាន ពិសិដ្ឋ និងនិរន្តរភាពរបស់ប្រទេសទាំងបី៕
មតិពីមិត្តអ្នកអាន