Trending now

សេង សៅលី សម្រេចក្តីស្រមៃបង្កើតសិប្បកម្មធ្វើនំខ្មែរ ក្នុងការជួយលើកតម្កើងប្រពៃណីជាតិ

17:12 | 20/09/2020

ការស្រលាញ់ និងឆន្ទៈក្នុងការជួយលើកតម្កើងនំប្រពៃណីជាតិ រួមផ្សំនឹងទេពកោសល្យចេះធ្វើនំអន្សម(ជ្រូក,ចេក) នំគម នំបត និងនំខ្មែរនានាតាំងពីកុមារភាព បានធ្វើឱ្យអ្នកស្រី សេង សៅលី ក្លាយជាម្ចាស់សិប្បកម្មផលិតនំខ្មែរគ្រប់ប្រភេទដែលមានឈ្មោះថា«ដូនតា»។ សិប្បកម្មផលិតនំខ្មែរគ្រប់ប្រភេទនេះ បានដំណើរការអស់រយៈពេលជិត២ឆ្នាំមកហើយនៅរាជធានីភ្នំពេញ។

សេង សៅលី សម្រេចក្តីស្រមៃបង្កើតសិប្បកម្មធ្វើនំខ្មែរ ក្នុងការជួយលើកតម្កើងប្រពៃណីជាតិ

ជាស្រ្តីវ័យ២៤ឆ្នាំ មានដើមកំណើតមកពីខេត្តព្រៃវែង អ្នកស្រី សេង សៅលី បានសម្រេចចិត្តលះបង់តួនាទីការងារខ្លួននៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងនៅខេត្តកណ្តាល ដើម្បីបំពេញនូវក្តីស្រមៃរបស់ខ្លួនក្នុងការបង្កើតសិប្បកម្មធ្វើនំខ្មែរមួយនេះឡើង ដោយមានការសហការជាមួយយុវជនបីនាក់ទៀត ដែលជាបងប្រុស និងជាមិត្តភក្តិ។

«ខ្ញុំស្រលាញ់ និងចេះធ្វើនំអន្សមជ្រូកតាំងពីអាយុ១០ឆ្នាំមក។ បន្ទាប់ពីខ្ញុំមានចិត្តស្រលាញ់នំខ្មែរមិនឱ្យបាត់បង់មក ខ្ញុំក៏មានក្តីស្រមៃចង់បើកហាងធ្វើនំខ្មែរមួយកន្លែងដែលមានស្តង់ដារគុណភាព និងមានរសជាតិ»។ នេះជាការលើកឡើងរបស់អ្នកស្រី សៅលី ដែលកំពុងស្ថិតនៅក្នុងសម្លៀកបំពាក់ពណ៌តៃបងខ្ចី និងពាក់អៀបពីមុខពណ៌ស ហើយថែមទាំងពាក់មួកស្បៃពណ៌ស ដើម្បីការពារសក់ធ្លាក់នៅលើកន្លែងធ្វើនំ ឬនៅលើនំ។

សេង សៅលី សម្រេចក្តីស្រមៃបង្កើតសិប្បកម្មធ្វើនំខ្មែរ ក្នុងការជួយលើកតម្កើងប្រពៃណីជាតិ

ដៃទាំងគូរបស់អ្នកស្រី សៅលី កំពុងតែកាន់នំអន្សមជ្រូក ដើម្បីវេចនិងចងដោយខ្សែក្រចៅនោះ ក៏ឆ្លៀតរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ ដោយទឹកមុខស្ងួត និងសំឡេងស្រាលៗថា៖«នំខ្មែររបស់យើង បើអត់នាំគ្នាជួយលើកតម្កើង និងគ្មានអ្នកធ្វើទេ គឺអាចនឹងបាត់បង់ខ្លះដែរ។ ដោយសារតែក្មេងជំនាន់ខ្ញុំ គឺអត់មានអ្នកសូវចង់ធ្វើនំខ្មែរទេ តែបែរជាចាប់អារម្មណ៍ចង់រៀន និងចង់ធ្វើនំបរទេសច្រើនជាង»។

ថ្វីដ្បិតនំអន្សមជ្រូកពិបាកធ្វើ និងចំណាយវេលាច្រើន ដើម្បីឱ្យក្លាយជានំមួយមានគុណភាព រសជាតិឆ្ងាញ់ និងរក្សាទុកបានយូរក៏ដោយ ប៉ុន្តែសម្រាប់អ្នកស្រី សៅលី ដែលមានក្តីស្រលាញ់ បានតាំងចិត្តធ្វើឱ្យល្អបំផុតក្នុងការចូលរួមអភិរក្សនំប្រពៃណីឱ្យកាន់តែល្អប្រសើរ។ អ្នកស្រី សេង សៅលី បាននិយាយដូច្នេះ៖« បើយើងនិយាយត្រឹមថាមិនឱ្យបាត់បង់នំខ្មែរ តែបើយើងមិននាំគ្នាចាប់ផ្តើមធ្វើទេ នោះនំខ្មែរយើងនឹងចាប់ផ្តើមបាត់បង់បន្តិចម្តងៗដោយសារគ្មានអ្នកគាំទ្រ ហើយកូនខ្មែរជំនាន់ក្រោយយើង គឺកាន់តែអត់ស្គាល់»។

ម្ចាស់សិប្បកម្ម«ដូនតា»វ័យក្មេងដែលមានសម្បុរសរូបនេះ អាចធ្វើនំខ្មែរបាន១៦មុខ៖ ក្នុងនោះមាន នំអន្សមគ្រប់ប្រភេទ, នំគម, នំបត, នំស្លឹកស្រល់, នំសែសយ...ជាដើម

ម្ចាស់សិប្បកម្ម«ដូនតា»វ័យក្មេងដែលមានសម្បុរសរូបនេះ អាចធ្វើនំខ្មែរបាន១៦មុខ៖ ក្នុងនោះមាន នំអន្សមគ្រប់ប្រភេទ, នំគម, នំបត, នំស្លឹកស្រល់, នំសែសយ...ជាដើម។ នំដែលអ្នកស្រីសៅលីចេះធ្វើទាំងនោះ គឺបានមកពីការរៀនសូត្រ និងការព្យាយាមសន្សំចំណេះទាំងនេះពីម្តាយ និងជីដូនដែលជាអ្នកធ្វើនំលក់នៅតាមភូមិ ដោយបានកែច្នៃរសជាតិ និងរបៀបធ្វើទៅជារូបមន្តស្តង់ដារមួយប្រចាំសិប្បកម្មដូនតា ដោយឈរក្រោមមូលដ្ឋាននំប្រពៃណីខ្មែរ។ នេះបើតាមអ្នកស្រីសៅលី។

បច្ចុប្បន្ន សិប្បកម្មដូនតាអាចលក់នំខ្មែរគ្រប់ប្រភេទបាន១០០០នំក្នុងមួយថ្ងៃៗ ដោយមានភាគច្រើនគឺទទួលបានការបញ្ជាពីអតិថិជនតាមរយៈអនឡាញ(Page Facebook) និងការបញ្ជាទិញតាមទូរសព្ទ។ អ្នកស្រី សេង សៅលី បានបញ្ជាក់ថា ដោយសារមានការគាំទ្រច្រើនពីអតិថិជន សិប្បកម្មដូនតាបានបង្កើតកន្លែងលក់នំខ្មែរនៅលើផ្លូវ២៧១ ទល់មុខនាយកដ្ឋានកសិកម្ម និងកំពុងពង្រីក២ទីតាំងផ្សេងពីគ្នាទៀតនៅរាជធានីភ្នំពេញ នាខែកញ្ញា ឬដើមខែសីហា ឆ្នាំ២០២០៕


(ប្រភពព័ត៌មាន: thmey thmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR