Trending now

ពើងគំនូរ​ចម្លាក់​ថ្មភ្នំ​ក្នុង​សតវត្សរ៍ទី ១១ នៅ​រាជធានី​បុរាណ​នៃភ្នំ​គូលែន

14:25 | 13/07/2020 (សរុបដោយ ហេង វុធ្ធី)

អង្គភាពមន្ទីរបរិស្ថានខេត្តសៀមរាប បានបញ្ជាក់ថា៖ ពើងគំនូរ គឺជាចម្លាក់ថ្មភ្នំ កសាងឡើងក្នុងសតវត្សរ៍ទី១១ នៅរាជធានីបុរាណនៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ក្នុងភូមិសាស្រ្ត ស្រុកស្វាយលើ ខេត្តសៀមរាប។ ពើងគំនូរ បានរំលេចពីរូបភាពដ៏អស្ចារ្យនៃស្នាដៃសិល្បៈរបស់បុព្វបុរសខ្មែរ កំពុងក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយ លាក់ខ្លួនក្នុងធម្មជាតិនៃតំបន់ការពារធម្មជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ពើងគំនូរ​ចម្លាក់​ថ្មភ្នំ​ក្នុង​សតវត្សរ៍ទី ១១ នៅ​រាជធានី​បុរាណ​នៃភ្នំ​គូលែន

យោងតាមសៀវភៅបញ្ជីសារពើភណ្ឌទីតាំងបុរាណស្ថានក្នុងដែនការពារ របស់ក្រសួងបរិស្ថាន ពើងគំនូរ ជាទីតាំងសំបូរដោយចម្លាក់ ដូចជាចម្លាក់ព្រះគណេសមានដៃ៨ ចម្លាក់លិង្គ៣ ចម្លាក់ព្រះវិស្ណុជិះគ្រុឌ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់វិស្ណូនិងព្រះឥសូរ រូបគំនូរពណ៌រូបត្រីប្រវែងប្រមាណ ១ម៉ែត្រមានពណ៌ក្រហមព្រៀលនិងមានផ្ទាំងសិលាចារឹក។ សិលាចារឹក១ផ្ទាំង ប្រហែលចារនៅសតវត្សទី១១ បានបង្ហាញថាពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រឈ្មោះថា «ព្រះសិវៈសោមៈ» ក្នុងនោះសិលាចារឹកក៏បានបង្ហាញពីព្រះបាទជ័យវរ្ម័នទី២ ក្នុងឈ្មោះជាមរណនាមថា «ព្រះបរមេស្វរៈ និងភ្នំមហេន្ទ្រ ភ្នំគូលែន»។

ទិដ្ឋភាព​ដ៏ស្រស់​ត្រកាល​ភាគ​ខាងកើត​នៃជើងភ្នំ​គូលែន ឬឈ្មោះ​ដើម​មហេន្ទ្របពត៌ រំលេច​នូវ​ផ្ទាំងថ្ម​ធម្មជាតិ​ធំៗ​ដ៏រាយប៉ាយ​ជាពិសេស​ចម្លាក់​គំនូរ​ទេវ​ព្រហ្មញ្ញ​សាសនា​ផុសលើ​ផ្ទាំងថ្ម ហាក់បី​ដូចជា​ទីឋាន ក្នុង​រឿងព្រេង​និទាន​កាលពី​យូរលង់ អន្ទងចិត្ដ​អ្នកសិក្សា​ផ្នែក​បុរាណ​វិទ្យា និងទេសចរ​ចង់ដឹង​ចង់ឃើញ​ពីតំបន់​ទីក្រុង​បុរាណ​មួយនេះ។

នៅក្នុង​ជំនឿ​ប្រណិប័តន៍​លទ្ធិ​ព្រះពុទ្ធ​សាសនា​កាត់ក្លាយ​ព្រហ្មមញ្ញ​សាសនា ដែល​តែងតែ​គោរពបូជា​ទីទួល ជ្រោះ ជ្រលង​ដងភ្នំ​ស្ទឹង​បឹងបួ​ព្យុះ ភ្លៀង ផ្គរ ទេព្រក្ស​ទេវតា​ព្រលឹង​ម្ចាស់ទឹក​ម្ចាស់​ដីលតា​វល្លិ ពើង​ទាំងអស់​ត្រូវបាន​ចាត់ ទុកជា​ប្រាសាទភ្នំ ជាទីសក្ការ​បូជា​សម្រាប់​សាសនា​ដែលពើង​មួយចំនួន បាន​បន្សល់ទុក​នូវ​រូបចម្លាក់​ទេវ និងសិលា​ចារិក​រហូតដល់​សព្វថ្ងៃ។

ពើងគំនូរ​ចម្លាក់​ថ្មភ្នំ​ក្នុង​សតវត្សរ៍ទី ១១ នៅ​រាជធានី​បុរាណ​នៃភ្នំ​គូលែន

លើពើង​គំរូ ឬ​ពើង​គេងកង ឯជើង​ភ្នំគូលែន​ភាគ​ខាងកើត ក្នុងស្រុក​ស្វាយលើ ខេត្ដ​សៀមរាប​ផ្ទាំងថ្ម​ធម្មជាតិ​ធំៗ​រាយប៉ាយ​ត្រូវបាន​រចនា​ឡើង​ចម្លាក់​គំនូរ​ដ៏ស្រស់ស្អាត​ដែលជា​ស្នាដៃ​បុព្វបុរស​ខ្មែរ​ស្ថិតក្នុង​សតវត្សរ៍ទី ១១ សម័យ​ព្រះបាទហស៌វរ្ម័នទី ៣។

យោងតាម​ឯកសារ​ចងក្រង​ដោយ​និស្សិត​មហាវិទ្យាល័យ​បុរាណវិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ វង្ស សំអេង​ដែល​ដកស្រង់​ពី​សៀវភៅ​ប្រវត្ដិសាស្ដ្រ បាន​បង្ហាញថា ចម្លាក់ នៅ​ពើង​គំនូរមាន ៤ ផ្ទាំង ដោយ​ផ្ទាំងថ្ម​ទីមួយ​ស្ថិតនៅ​ភាគ​ខាងលិច​មាន​ចម្លាក់ទេវ​ក្នុង​ព្រហ្មញ្ញសាសនា គឺ​រូបព្រះ​វិស្ណុ​ផ្ទុំលើ​នាគអនន្ដ ដែលមាន​ព្រះ​ព្រះព្រហ្ម​គង់លើ​ផ្កាឈូក​ដុះចេញពី​ផ្ចិត​របស់​ព្រះវិស្ណុ។

ផ្ទាំង​ទីពីរ​នៅ​ទល់មុខ​ចម្លាក់​នេះមាន​ចម្លាក់​ព្រះគណេស​ព្រះហស្ដ ៨ រួម​ជាមួយ​លិង្គ​បញ្ឈរ​ចំនួន ៣ អមដោយ​ស៊ុមព័ទ្ធ​ជុំវិញ។ ផ្ទាំងទី ៣ ស្ថិតនៅ​ខាងកើត​ផ្ទាំង​នេះមាន​ចម្លាក់ទេវ​ជាច្រើន​អង្គ ក៏ដូចជា សិលាចារឹក​និងសត្វ។ ប្រមាណ ៤០ ម៉ែត្រ​ពីគំនូរ​នេះ​ផ្ទាំងថ្មទី ៤ គឺជា​ចម្លាក់​ព្រះវិស្ណុ​ឈរលើ​គ្រុឌផ្នែក​ខាងជើង​នៃពើង​ហើយ​និងមួយ​ផ្ទាំង​ទៀត​ស្ថិតនៅ​ចន្លោះ​ពើងទី ២ និង​ទី ៣ មាន​ឃើញ​គំនូរត្រី​មួយគូផងដែរ។

សិលាចម្លាក់​ព្រះគណេស​នៅខាង​មុខ និង​ព្រះវិស្ណុគង់​លើនាគ​អនន្ដ​

ឯកសារ​ដដែល​បាន​បន្ដថា​ផ្ទាំងទី ៣ ដែល​រំលេច​នូវ​ពណ៌ខៀវ​ដ៏ស្រស់​ស្អាត​ស្ថិត​នៅលើ​ពើង​ទើបនឹង​ផ្អៀង ត្រូវបាន​បែងចែក​ជា ៣ ផ្នែក។ ផ្នែក​ទីមួយ​មាន​ចម្លាក់​ព្រះបដិមា​ចំនួន ៥ អង្គ និង​សិលាចារឹក​មួយផ្ទាំង (k.176) ១៦ បន្ទាត់​សរសេរ​ជា​ភាសា​សំស្ក្រឹត។ ផ្នែកទីពីរ មាន​ចម្លាក់​បដិមា​ធំ ៤ អង្គ​ទ្រង់​ឈរ ចម្លាក់​ទេវរូប​តូចៗ ៣ អង្គ ចម្លាក់​ឥសី​ប្រណម​ចំនួន ៧ និងសិលា​ចរឹក​មួយ​ផ្ទាំង។ ផ្នែក​ទីបី មាន​ចម្លាក់​ព្រះវិស្ណុ​ផ្ទំលើ​នាគ​ក្បាលបី ចម្លាក់​ព្រះវិស្ណុ​ត្រីវិក្រម ឬ​ព្រាហ្មណ៍​តឿឈាន​បីជំហាន ដែលមាន​ព្រះហស្ត ៤ រួមទាំង​ទេវរូប​តូច ៣ អង្គ។

ជាព័ត៌មាន​សម្រាប់​ការសិក្សា និង​ចង់ដឹង​ចង់​យល់ពី​សិលាចារឹក និស្សិត​សាកល​វិទ្យាល័យ​ខាងលើ​ក៏បាន​ស្រាវជ្រាវ​នូវ​ការបកស្រាយ​ភាសា​សំស្ក្រឹត​លើ​សិលាចារឹក​ដោយ​សង្ខេប ៦ វគ្គថា៖ «វគ្គទី១ ចាប់ពី​បន្ទាត់ទី ១ ដល់​បន្ទាត់​ទី ៤ រៀបរាប់ពី​ការស្ថាបនា​ទេវ​លើមហេន្ទ្រ (ភ្នំគូលែន) ដោយ​សិវសោម។ វគ្គ​ទី២ បន្ទាត់​ទី៥ ដល់ទី៨ និយាយ​ពីការ​លះបង់​អ្វីៗ​គ្រប់យ៉ាង​របស់ សិវសោម ដើម្បី​បូជា​ចំពោះទេវ​ទាំងនោះ។ វគ្គទី៣ ពីបន្ទាត់​ទី៩ ដល់ទី១០ ស្ដីពី​រឿងរ៉ាវ​សង្ខេប​របស់ គិវសោម។

លោកយាយ ទូច បង្ហាញ​ចម្លាក់​ព្រះវិស្ណុ​ឈរលើ​គ្រុឌ​ជាយាន​ជំនិះ។

វគ្គ​ទី៤ ពីបន្ទាត់ ១១ ដល់ទី ១២ សសើរ​ដល់ គិវសោម។ វគ្គ​ទី៥ ពីបន្ទាត់​ទី១៣ ដល់ទី១៤ និយាយ​ពីថ្ងៃ​អវសាន្ដ​របស់ គិវសោម និង​ចុងក្រោយ វគ្គ​ទី៦ ពីបន្ទាត់​ទី១៥ ដល់ទី១៦ ពិពណ៌នា​ពី​គុណសម្បត្ដិ សិវសោម ជាលើក​ចុងក្រោយ»។ ស្ថិតក្រោម​ម្លប់ឈើ និង​សម្រស់​បុប្ផា​រដូវវស្សា ពើងទេវ​ច្រើនអង្គ ចាប់ផ្ដើម​ផ្អៀង​ខ្លាំងនៅ​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ ដែល​ធ្វើឲ្យ​តួថ្ម​ប្រេះស្រាំ​ដោយ​អន្លើ។

ជាអ្នក​ថែទាំ​ទីឋាន​បុរាណ​ជាងពីរ​ទសវត្សរ៍​ជាមួយ​អតីត​ព្រះតេជគុណ​ព្រះចៅ​អធិការ លោកយាយ​ទូច​អាយុ ៥១ ឆ្នាំបាន​ដំណាល​រឿង​អំពី​បុរាណ​ឋាន​ចម្លាក់​គំនូរ​នេះថា៖ «ពើងគំនូរ​ចាប់ផ្ដើម​ផ្អៀង​រយៈពេល ៤-៥ ឆ្នាំ។ ពីដើម​មានឆ្មា មានទូក ដែល​មនុស្ស​លោក​ហៅពស់​រស់នៅ។ ចា! ពេលចឹង បែប​ពួកគេ​ចេញ បានជា​ពើងនេះ​ស្រុតទៅ​ម្ខាងខ្លាំង។

ពីដើម ពេលគេ​មកលេង​សុំទឹក​ភ្លៀង គេ​ចូលក្នុង​ពើងហ្នឹង តែឥឡូវ​ចូល​លែងបាន»។ ក្រៅពី​ចម្លាក់​ទាំង ៥ នៅ​ពើងគំរូ នៅមាន​ចម្លាក់​ព្រះវិស្ណុ​ផ្ទុំលើ​នាគ​អនន្ដ ដែលមាន​ព្រះព្រហ្ម​គង់លើ​ផ្កាឈូក​ដុះចេញ​ពីផ្ចិត​របស់​ព្រះវិស្ណុ​មួយទៀត​ស្ថិតនៅ​ក្បែរ​ទឹកធ្លាក់​មួយ​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ​ពីផ្លូវ​ឡើងពើង​គំនូរ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: postkhmer និង nokorwatnews.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម