Trending now

ទឹក​ធ្លាក់​វាល​ពួច លាក់​សម្រស់​នៅ​ជើង​ភ្នំ​បូកគោ ចាំ​គីឡូ​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ!

12:46 | 26/03/2021

ទឹកធ្លាក់វាលពួច គឺជាផ្នែកមួយនៃឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ស្ថិតក្នុងស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីឡើងទៅកាន់ទីស្ថានធម្មជាតិនេះ យើងត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពត ប្រមាណ ៨គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៣ ឆ្ពោះទៅកាន់វត្តវាលពួច ដែលស្ថិតនៅក្បែរជើងភ្នំបូកគោ។

ទឹក​ធ្លាក់​វាល​ពួច

ធ្វើដំណើរដោយថ្មើជើង ចេញពីវត្តវាលពួច កាត់ព្រៃប្រមាណ ៣០នាទី ​អ្នកទេសចរ​នឹង​ប្រទះ​ទឹកធ្លាក់មួយកន្លែង ដែលស្ថិតនៅខាងស្ដាំដៃ រំលេចដោយទឹកពណ៌ថ្លាខៀវ គួរជាទីគាប់ភ្នែក។ សម្រស់ទឹកនៅដំណាក់នេះ បានអង្រួនអារម្មណ៍អ្នកទេសចរគ្រប់គ្នា ឲ្យចុះងូតលេងកម្សាន្ត​យ៉ាងសប្បាយរីករាយ ជាមួយទឹកដ៏ត្រជាក់ ដែលមានប្រភពចេញពីកំពូលភ្នំបូកគោ។

ស្ថិត​នៅ​ក្នុង​ភូមិ​ទ្វី​ខាង​ជើង​ ឃុំ​អណ្ដូងខ្មែរ​ ស្រុក​កំពត ខេត្ដ​កំពត ចូល​តាមច្រក​វត្ដ​ព្រះ​ពុទ្ធ​ជយ​មង្គលា​រាម​ ហៅ​វាល​ពួច ដោយ​ឆ្លង​កាត់​​​​ផ្នូរ​ខ្មោច​ចោរ​ ចម្ងាយ​ប្រមាណ​ជាង​ ១ គីឡូម៉ែត្រ​ពី​រង្វង់​មូល​រលក​ក្នុង​ក្រុង​កំពត​ ទឹក​ធ្លាក់​វាល​ពួច​ ទី​​ប្រជុំ​ទឹក​ធ្លាក់​ធម្មជាតិ​ច្រើន​​កន្លែង​លាក់​ខ្លួន​ដ៏​ស្ងប់​​ស្ងាត់​ស្វាគមន៍​ភ្ញៀវ​និយម​ផ្សង​ព្រេង​ពិត​ៗ​។

ទឹក​ធ្លាក់​វាល​ពួច

ពី​ច្រក​ចូល​ប្រមាណ​ ១ គីឡូម៉ែត្រ​ លោកអ្នក​នឹង​ទៅ​ដល់​អារាម​វាល​ពួច​ដែល​សម្បូរ​រូប​ចម្លាក់​សត្វ​នៃ​ឆ្នាំ​ទាំង ១២ រូប​លោក​យាយ​សំពៅ​៥ និង​រូប​លោក​តា​ឥសី​ ព្រមទាំង​ព្រះ​វិហារ​ថ្មី​សន្លាង​សង់​ពី​ដែក​ និង​ស័ង្កសី​។ ដោយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ប្រមាណ​ ១ គីឡូម៉ែត្រ​ទៀត ផ្ទះ​ប្រជាព​លរដ្ឋ​មួយ​ខ្នង​ឈរ​នៅ​កណ្ដាល​​ផ្លូវ​ឡើង​ទៅ​ទីឋាន​ទឹក​ធ្លាក់​ដ៏​កណ្ដោច​កណ្ដែង​​ជា​អាហារ​ដ្ឋាន​លក់​ម្ហូប​សាច់​ចិញ្ចឹម​ក្បែរ​ផ្ទះ​តាម​ការ​កុម្ម៉ង់។

ទឹក​ធ្លាក់​វាល​ពួច

គ្រង​ឈុត​ខោ​អាវ​វែង​ក្រាស់​ៗ និង​ស្បែក​ជើង​កវែង​ត្រឹម​កំភួន​ជើង លោក នុន វ័យ​ជាង​៤០​ឆ្នាំ ជា​មគ្គុទេសក៍​ព្រៃ​ក្រៅ​ផ្លូវ​ការ​ តែងតែ​នាំ​ភ្ញៀវ​ទេសចរ​ ជា​ពិសស ភ្ញៀវ​បរទេស​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ញឹក​ញាប់​ ដោយ​សារ​តែ​ភ្ញៀវ​ទាំង​អស់​ត្រូវ​ឆ្លង​កាត់​ផ្ទះ​របស់​លោក ដែល​ពួក​គេ​មិន​អាច​រក​ទីឋាន​ទឹក​ធ្លាក់​ឃើញ​ឡើយ​។ លើ​ដំណើរ​ផ្លូវ​ថ្នើរ​ជើង​ឡោម​ព័ទ្ធ​ដោយ​រុក្ខជាតិ​តូច​ធំ​ស្ទើរ​ជុំជិត​ ភ្ញៀវ​ទេសចរ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​អាសិរពិស​គ្រប់​ប្រភេទ​ដែល​នៅ​លាក់​បំបាំង​ខ្លួន​តាម​មែក​ឈើ និង​ស្លឹក​ឈើ​។

ទឹក​ធ្លាក់​វាល​ពួច

ដៃ​ម្ខាង​កាន់​កាំបិត​ខ្វែវ​សម្រាប់​ត្រួស​ត្រាយ​ផ្លូវ​ដើរ​មុខ​ និង​ដៃ​ម្ខាង​ទៀត​​កាន់​ភេសជ្ជៈ​មួយ​ស្បោង​សម្រាប់​លក់​ជូន​ភ្ញៀវ​ស្រេក​ទឹក លោក នុន បាន​ឲ្យ​ដឹង​ថា​៖ «​ភាគ​ច្រើន​ជា​ភ្ញៀវ​​ជន​ជាតិ​បរទេស​ ដែល​ពួក​គេ​ដើរ​ឡើង​ភ្នំ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ណាស់​។ វា​មិន​ធ្លាប់​មាន​រឿង​អ្វី​កើត​ឡើង​ទេ​ ប៉ុន្ដែ​យើង​គួរ​តែ​រវៀស​ភ្នែក​»។ ដើរ​ត្បុល​ឡើង​ភ្នំ​តាម​ព្រៃ​របោះ​ ប្រមាណ ៣០ នាទី ស្រាប់​តែ​ទៅ​ដល់​ទឹក​ធ្លាក់​មួយ​កន្លែង​ដែល​ លោក នុន​ អះអាង​ថា​ជា​ទឹក​ធ្លាក់​ដំណាក់​ទី​ពីរ​។ ស្ថិត​នៅ​កម្ពស់​ប្រមាណ​ ២០ ​ម៉ែត្រ​ និង​មុខ​កាត់​ជាង​មួយ​ម៉ែត្រ​សម្រាប់​រដូវ​ប្រាំង ទឹក​ធ្លាក់​ល្បាក់​ទី​ពីរ​ហូរ​ធ្លាក់​លើ​ថ្លុក​ទឹក​ប្រមាណ​ជា ៥ គុណ​ ១០​ ម៉ែត្រ​ សម​ល្មម​សម្រាប់​ការ​ងូត​ទឹក​លេង​កម្សាន្ដ​។

ទឹក​ធ្លាក់​វាល​ពួច

បើ​ទោះ​បី​ជា​ដុំ​សិលា​តូច​ធំ​ពង្រាយ​ខ្លួន​រាយ​ប៉ាយ​តាម​ខ្នង​​ភ្នំ​រហូត​ដល់​បាត​​ទឹក​ធ្លាក់​ច្រើន​សន្ធឹក​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រអប់​ថ្ម​ផ្ដុំ​ពី​ថ្ម​ភ្នំ​ និង​ផ្សារ​ភ្ជាប់​ដោយ​ស៊ី​ម៉ងត៍​ដែល​រួម​រឹត​ដោយ​ឫស​រុក្ខជាតិ​អស់​កាល​ជា យូរ​អង្វែង​ មិន​មែន​ជា​សកម្ម​ភាព​របស់​ធម្មជាតិ​ឡើយ​ ក្រោយ​បញ្ចប់​ការ​ងូត​ទឹក​ដ៏​ត្រជាក់​ស្រេង មគ្គុទ្ទេសក៍​ព្រៃ​រូប​នេះ​បាន​ បន្ដ​បង្ហាញ​ផ្លូវ​ចុះ​មក​កាន់​ទឹក​ធ្លាក់​ដំណាក់​ទី​មួយ​ទៅ​តាម​ផ្លូវ​បត់​បែន​ និង​ផ្លូវ​កាត់​ទៅ​កាន់​ភ្នំ​បូក​គោ​។ ដំណើរ​ចុះ​ និង​ឡើង​ចម្ងាយ​ប្រហែល​ ​៣០០​​ ម៉ែត្រ​ពី​ទឹក​ធ្លាក់​ទី​ពីរ ទឹក​ធ្លាក់​កម្ពស់​ ៥០ ម៉ែត្រ​កំពុង​រង់​ចាំ​ស្វាគមន៍​ភ្ញៀវ​គ្រប់​ពេល​វេលា​។ ទឹក​ហូរ​ប៉ុន​មួយ​ទុយោ​ធំ​ធ្លាក់​លើ​ថ្ម​ គ្មាន​ថ្លុក​ទឹក​ទ្រ​ ជា​ទស្សនីយ​ភាព​ហាក់​កណ្ដោច​កណ្ដែង​នា​រដូវ​ប្រាំង​។

ទឹក​ធ្លាក់​មួយ​កន្លែង​ទៀត​ហូរ​ធ្លាក់​គ្មាន​ដក់​ទឹក។

ពេល​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ទឹក​ធ្លាក់​ដ៏​ខ្ពស់​នេះ សូម​កុំ​ភ្លេច​ផ្ដិត​យក​រូប​ភាព​ឯ​នាយ​ឆ្វេង​ដៃ​ជាមួយ​រុក្ខជាតិ​លើ​ជ្រលង​ដែល​ចាក់​ឫស​ប្រមាណ​ ៤០ ​ម៉ែត្រ​ធ្លាក់​ដល់​បាត​ជ្រោះ​ដ៏​គួរ​ឲ្យ​តោង​លេង​។ នៅ​មិន​ទាន់​អស់​សម្រាប់​អ្នក​ចូល​ចិត្ដ​ដំណើរ​ផ្សង​ព្រេង​ឡើយ លោក នុន​ បាន​បន្ថែម​ថា បើ​ភ្ញៀវ​មិន​នឿយ​ហត់​ក្នុង​ការ​ដើរ​បន្ដ ពួក​គេ​គួរ​តែ​ចំណាយ​ប្រមាណ ១ ម៉ោង​ទៀត​ទៅ​រុក​រក​ទីឋាន ទឹក​ធ្លាក់​ជា​ច្រើន​នៅ​ផ្នែក​ខាង​លើ​៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: postkhmer និង news.sabay.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម