កម្ពុជាសម្បូរទៅដោយតំបន់ទេសចរណ៍ ដ៏សម្បូរបែប ជាពិសេសតំបន់ទេសចរណ៍បែបធម្មជាតិ ស្អាតៗ ជាច្រើនកន្លែង។ សូមនាំប្រិយមិត្តទៅស្គាល់តំបន់ព្រៃកោងកាង ដែលមានទេសភាពស្អាតបំផុត ប្រៀបដូចផ្ទាំងគំនូរ កើតចេញពីស្នាដៃវិចិត្រករឯកដូច្នោះដែរ។ មិនត្រឹមតែមានសម្រស់ស្អាតនោះទេ តែព្រៃកោងកាងជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃបំផុត អាចផ្ដល់ជាជម្រកសម្រាប់មច្ឆាជាតិ ការពារសំណឹកដី ទៀតផង។ ខាងក្រោមនេះ ជាតំបន់ព្រៃកោងកាងទាំង ៣កន្លែង ដែលក្រុមការងារផ្លូវទៅស្រុក ធ្វើដំណើរទៅដល់ទីនោះ ដើម្បីផ្ដិតយកទិដ្ឋភាពដ៏អស្ចារ្យចែកជូនប្រិយមិត្តបានទស្សនា។
ឧទ្យានជាតិរាម
១. ឧទ្យានជាតិរាម
ឧទ្យានជាតិរាម មានលក្ខណៈវិសេសវិសាលទាក់ទាញចិត្តភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តកាន់តែច្រើន ខណៈដែលភ្ញៀវទេសចរក្នុងស្រុកហាក់មើលរំលងសក្ដានុពលតំបន់ទេសចរណ៍កម្សាន្តមួយនេះ។ លក្ខណៈអំណោយផលនៃធនធានធម្មជាតិ មានឆ្នេរខ្សាច់លាតសន្ធឹងប្រកបដោយរុក្ខជាតិ និងព្រៃឈើគ្រប់ប្រភេទដុះលាយចម្រុះគ្នា ព្រមទាំងទេសភាពល្អប្រណីត ជាចំណុចទាក់ទាញនៃឧទ្យានជាតិរាម។ ភ្ញៀវទេសចរអាចនឹងទទួលបាននូវការកម្សាន្តយ៉ាងពិសេសដូចខាងក្រោម៖
ឧទ្យានជាតិរាម
១. គយគន់ឆ្នេរខ្សាច់ដ៏ល្អប្រណីត ស្រូបយកខ្យល់អាកាសបរិសុទ្ធតាមមាត់ឆ្នេរជាមួយបរិយាកាសដ៏ស្ងប់ស្ងាត់។
២. ជិះទូកទៅមើលព្រៃកោងកាង ទស្សនាសត្វស្លាបជាច្រើនប្រភេទរស់នៅតាមមាត់ព្រែក មាន ត្រដក់ កុក ក្រសារ មាន់ទឹក ទាទឹក ឬអាចទៅលេងភូមិនេសាទថ្មធំដែលមានបងប្អូនប្រជានេសាទរស់នៅជាង ៣០ គ្រួសារ ដែលទីនោះក៏ជាជម្រកនៃសត្វដូហ្វីនសមុទ្ររស់នៅតែងតែបង្ហាញខ្លួនឲ្យភ្ញៀវទស្សនា។
៣. ការដើរកម្សាន្តក្នុងព្រៃក៏ជាបទពិសោធន៍ដ៏រំភើបសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ដែលវាមានភាពទាក់ទាញចិត្តបំផុត ជាពិសេសភ្ញៀវទេសចរបរទេស។ ឧទ្យានជាតិរាមមានចម្ងាយ ១៨ គីឡូម៉ែត្រពីក្រុងព្រះសីហនុ និង ១៩៤ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
២. ពាមក្រសោម
តំបន់ពាមក្រសោម ស្ថិតក្នុងភូមិ ពាមក្រសោប ឃុំពាមក្រសោប ស្រុក មណ្ឌលសីមា ខេត្តកោះកុង សហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប គឺជាកន្លែងទេសចរណ៍ព្រៃកោងកាងដ៏ធំមួយរបស់ខេត្ត កោះកុង ។ ព្រៃកោងកាងដុះចេញពីផ្ទៃទឹកដ៏ថ្លាឈ្វេង បូករួមនឹងខ្យល់អាកាសដ៏បរិសុទ្ធ ដុះជាជួរដូចគេតម្រង់ បានក្លាយជាផ្ទាំងទស្សនីយភាពដ៏ប្រណិតបំផុត។
ពាមក្រសោម
ចំពោះភ្ញៀវដែលមកទស្សនានៅទីនេះត្រូវទិញសំបុត្រ សម្រាប់ភ្ញៀវជាតិតម្លៃ៣ពាន់រៀល ហើយចំពោះភ្ញៀវអន្តរជាតិ៥ពាន់រៀល។ ក្រៅពីដើរទស្សនានៅតំបន់មួយចំនួន នៅទីនេះក៏មានទូកជួលជិះ ទស្សនាទេសភាពព្រៃ សម្រាប់ឆ្នេរ សត្វ និង ភូមិនេសាទ ផងដែរ។ តម្លៃទូកមានថ្លៃចាប់ពី២ម៉ឺនរៀល រហូត ដល់៧ម៉ឺនរៀល អាស្រ័យទៅតាមទីកន្លែងជិតឬឆ្ងាយ។
ពាមក្រសោម
បច្ចុប្បន្ន តំបន់ព្រៃកោងកាងនៅខេត្តកោះកុងមានប្រមាណមួយម៉ឺនហិកតារ ក្នុងនោះមាន ពាមក្រសោប, កោះកាពិ, កោះស្រឡៅ,បឹងកាឆាង,ខេងខូង, ជ្រោយប្រស់,តាតៃ, និង ទូលគគីរ ជាដើម។
៣. ត្រពាំងសង្កែ
ខ្យល់សមុទ្រដ៏ល្អបរិសុទ្ធ ខណៈចូលដល់ជំរំនៃម្លប់ដើមកោងកាងយ៉ាងត្រឈឹងត្រឈៃ នឹងនាំអារម្មណ៍រីករាយសម្រាប់ភ្ញៀវទេសចរក្នុងពេលកំពុងធ្វើដំណើរលើស្ពានរាប់រយម៉ែត្រ ដែលហ៊ុមព័ទ្ធដោយសម្រស់ធម្មជាតិយ៉ាងខៀវស្រងាត់។ ភូមិទេសចរណ៍ត្រពាំងសង្កែ ជាដែនដី ប្រជាសហគមន៍នេសាទ បានប្រែក្លាយអភិវឌ្ឍទៅជាភូមិទេសចរណ៍ដ៏ទាក់ទាញមួយស្ថិតនៅមិនឆ្ងាយប៉ុន្មានពីក្រុងកំពត។
ត្រពាំងសង្កែ
ធ្វើដំណើរតាមផ្លូវជាតិលេខ ៣៣ ពីកំពតមកខេត្តកែបចម្ងាយជាង ៧ គីឡូម៉ែត្រ អ្នកដំណើរនឹងឃើញផ្ទាំងប៉ាណូស្វាគមន៍ភូមិទេសចរណ៍ត្រពាំងសង្កែ ដែលរំលេចនូវរូបភាពទេសភាពដ៏ស្រស់ត្រកាលនៃភូមិទេសចរណ៍ធម្មជាតិមួយនេះ។ បន្ទាប់មក បត់ស្កាំចុះពីផ្លូវជាតិប្រមាណត្រឹម ៣០០ ម៉ែត្រ ឆ្លងកាត់ភូមិឋានប្រជាពលរដ្ឋ នឹងចូលដល់ទីតាំងភូមិទេសចរណ៍ត្រពាំងសង្កែ ដែលស្ថិតនៅក្បែរដៃសមុទ្រមានឈ្មោះថា«ព្រែកក្បាលរមាស»។
ត្រពាំងសង្កែ
ភូមិទេសចរណ៍ត្រពាំងសង្កែ ភ្ញៀវនឹងរីករាយនឹងខ្យល់អាកាសបរិសុទ្ធបក់ផាត់ពីដៃសមុទ្រ គយគន់ស្រែស្រូវច្បារដំណាំ និងស្រែអំបិលរបស់ពលរដ្ឋក្នុងមូលដ្ឋាន។ បន្ថែមលើពីនេះទៀត ភ្ញៀវទេសចរណ៍អាចបន្តដំណើរតាមទូកក្នុងព្រែកក្បាលរមាស នៅអមសងខាងជាមួយទេសភាពដ៏ល្អត្រកាលនៃព្រៃលិចទឹក ដើម្បីបានដល់តំបន់អេកូទេសចរណ៍ព្រៃកោងកាងនាឆ្នេរសមុទ្រ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ផ្ទាល់៕
(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: rasmeinews.com និង sabay.com.kh)
មតិពីមិត្តអ្នកអាន