សៀមរាប៖ ក្បាលស្ពាន ដែលជារមណីយដ្ឋានផង និងជាបុរាណស្ថានផងនោះ ស្ថិតនៅជួរភ្នំគូលែន ប៉ែកខាងលិច រយៈកម្ពស់ប្រមាណ២០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។ ចាប់ពីចំណតយានយន្តដែលស្ថិតនៅឯជើងភ្នំ ទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងប្រមាណ១៥០០ម៉ែត្រដើម្បីទៅទស្សនាចម្លាក់ និងអាចងូតទឹកកម្សាន្តនៅ ខែវស្សា និងដើមរដូវប្រាំង។ លក្ខខណ្ឌផ្លូវធ្វើដំណើរ កន្លែងខ្លះជាផ្លូវរាបស្មើ កន្លែងខ្លះទៀតត្រូវឡើងតាមចំរាក់ថ្ម និងតាមជណ្ដើរឈើដោយអន្លើ ព្រមទាំងអាចឈប់សំចតនៅតាមសាលាសំណាក់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ។
![]() |
![]() |
ក្នុងចំណោមបុរាណស្ថានល្បីៗ ដែលស្ថិតនៅតាមជួរភ្នំគូលែន ក្បាលស្ពានក៏ជាទីតាំងប្រវត្តិសាស្ត្រមួយដ៏សំខាន់ណាស់ដែរ។ ចាប់តាំងពីដើមសតវត្សរ៍ទី២០ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យាជាច្រើនបានធ្វើការសិក្សា និងកត់ត្រាជាបន្តបន្ទាប់។ មកដល់ដើមឆ្នាំ១៩៦៨ ក្រុមការងាររបស់លោក ហ្សង់ ប៊ូលបេ (Jean Boulbet) ដែលបម្រើការនៅសាលាបារាំងចុងបូព៌ា (EFEO) ដោយមានកិច្ចសហការពីប្រជាជននៅក្នុងមូលដ្ឋាន ពួកគាត់ក៏បានទៅដល់តំបន់ក្បាលស្ពាននេះ និងបន្តការស្រាវជ្រាវបន្ថែមទៀត។ ព័ត៌មានដែលពួកគាត់បានកត់ត្រា មានលក្ខណៈទំលំទូលាយជាងមុន។ ឆ្នាំ២០០២ លោក ឆាយ រចនា ដែលជាអតីតនិស្សិតបុរាណវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានបន្តស្រាវជ្រាវដើម្បីរៀបចំឯកសារបញ្ចប់ការសិក្សា ក៏បានរកឃើញបន្ថែមនូវអ្វីៗដែលអ្នកស្រាវជ្រាវមុនៗបានមើលរំលង។
ចម្លាក់ដែលបានឆ្លាក់បង្ហាញនៅទីនេះ សុទ្ធតែជាកេរដែលបន្សល់ទុកតាំងពីសម័យអង្គរ អំឡុងសតវត្សរ៍ទី១១។ តាមរយៈអក្សរថ្ម អ្នកស្រាវជ្រាវក៏បានស្គាល់ស្ថាននាមទីនេះថា សហស្សលិង្គ ដែលមានន័យថា «លិង្គមួយពាន់»។ ក្នុងទីតាំងប្រវត្តិសាស្ត្រនេះ ព្រះរាជាខ្មែរដែលបានមករៀបចំច្រើនជាងគេ គឺព្រះបាទឧទយាទិត្យវម៌្មទេវ-ទី២ (ឧទយាទិត្យវរ្ម័ន-ទី២)។
ក្រៅពីសិលាចារឹក គេក៏ប្រទះឃើញចម្លាក់ក្រឡោតទាបដែលឆ្លាក់នៅបាតស្ទឹង និងនៅតាមពើងថ្មធំៗ ដែលភាគច្រើនទាក់ទងនឹងទេពនៃហិណ្ឌូសាសនា។ ចម្លាក់ទាំងនេះមានដូចជា ព្រះឥសូរ ព្រះនរាយណ៍ និងព្រះព្រហ្ម។ លើសពីនេះក៏មានចម្លាក់ពកៗ ឆ្លាក់នៅក្រោមផ្ទៃទឹក ដែលជារូបតំណាងឲ្យសិវលិង្គ ឬលិង្គព្រះឥសូរផងដែរ។ សិវលិង្គទាំងនេះ កន្លែងខ្លះឆ្លាក់ជាលិង្គទោល និងកន្លែងខ្លះទៀតឆ្លាក់ជាក្រុម។ នៅប៉ែកខាងលើដែលជាទីចាប់ផ្ដើមនៃចម្លាក់ ក៏មានសិវលិង្គមួយធំជាងគេ ដែលមានផ្ទៃរាងមូលដូចថាស ឆ្លាក់ក្នុងស្នានទ្រោនីរាងបួនជ្រុង។ សិវលិង្គខ្លះទៀត ក៏មានការឆ្លាក់បង្ហាញពីចំហៀង ដែលអាចឃើញទម្រង់បញ្ឈរ រាងទ្រវែងៗ។ រីឯចម្លាក់នៅតាមជញ្ជាំងអាងទឹកតូចមួយ ដែលស្ថិតនៅផ្នែកខាងលើទឹកធ្លាក់ អាចមើលឃើញច្បាស់នៅរដូវប្រាំង ពេលដែលគ្មានទឹកតែប៉ុណ្ណោះ។
ប្រភពទឹកនេះ ក៏ជាផ្នែកមួយដែលហូរភ្ជាប់ទៅស្ទឹងសៀមរាប។ ការរៀបចំតាមបែបជំនឿក្នុងហិណ្ឌូសាសនានាសម័យបុរាណនោះ ទឹកដែលបានហូរកាត់ចម្លាក់ទាំងនេះក៏បានក្លាយជាប្រភេទ «ទឹកពិសិដ្ឋ» និងប្រៀបបានទៅនឹងទន្លេគង្គា ដែលហូរចុះពីឋានសួគ៌សម្រាប់ស្រោចស្រពជម្រះនូវឧបទ្រពទាំងពួង។
តាមការសង្កេត បច្ចុប្បន្ននេះ សម្រាប់ទេសចរបរទេសដែលគោរពសាសនាហិណ្ឌូ ពេលបានមកទស្សនាទីនេះ ពួកគាត់នៅតែចាត់ទុកជាកន្លែងសក្ការៈដ៏អស្ចារ្យ។ ចំណែកទេសចរក្នុងស្រុក អ្នកខ្លះដែលនៅយល់ថា ទឹកនៅទីនេះ គឺជាទឹកដែលនាំមកនូវមង្គល ឬទឹកមន្តស័ក្ដិសិទ្ធ ពួកគេក៏តែងតែនាំយកទៅប្រើដើម្បីប្រោះព្រំបរិវេណគេហដ្ឋានទៅតាមជំនឿរៀងៗខ្លួន។
ទីតាំងភូមិសាស្ត្រនៃបុរាណស្ថានក្បាលស្ពាននេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦៦ ចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីសាលាស្រុកបន្ទាយស្រី ខេត្តសៀមរាប៕
thmeythmey25.com
មតិពីមិត្តអ្នកអាន