រាជរដ្ឋាភិបាល បានសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិចំនួន ៩បន្ថែមទៀត លើផ្ទៃដីជិត ៣៥០០ហិកតា នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីការពារផ្នែកប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។
អ្នកទេសចរមើលសត្វប្រចៀវដែលហោះចេញពីរូងភ្នំនៅភ្នំសំពៅខេត្តបាត់ដំបង៕
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចំនួន៩ផ្សេងគ្នា ដែលបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានឲ្យដឹងថា តំបន់ការពារបេតិកភណ្ឌធម្មជាតិទាំងនោះ មាននៅខេត្តបាត់ដំបង ចំនួន៣តំបន់ រួមមាន ភ្នំប្រាំពីរ មានផ្ទៃដីទំហំ ៣៥៣,៩ហិកតា ស្ថិតនៅស្រុកភ្នំព្រឹក, ភ្នំទាក់ទ្រាំងមានផ្ទៃដី ៧៩,៨២ហិកតា និងភ្នំគិរីយង់ មានផ្ទៃដី ៩៨៤,៣១ហិកតា នៅស្រុករតនមណ្ឌល។ចំណែកនៅខេត្តបន្ទាយមានជ័យមានចំនួន ៦តំបន់ រួមមាន ភ្នំព្រះ-ភ្នំវែង មានផ្ទៃដី ១៥០០ ហិកតា ស្ថិតនៅស្រុកថ្មពួក, ភ្នំស្វាយ មានផ្ទៃដី ១៦ហិកតា, ភ្នំបាក់ មានផ្ទៃដី ៣៦ហិកតា និងភ្នំជញ្ជាំង មានផ្ទៃដី ១៩ហិកតា នៅក្រុងសិរីសោភណ្ឌ, ភ្នំព្រះនេត្រព្រះ មានផ្ទៃដី ១៣ហិកតា នៅស្រុកព្រះនេត្រព្រះ និងភ្នំយាយសំ មានផ្ទៃដី ៤១៦ហិកតានៅស្រុកម៉ាឡៃ។
អនុក្រឹត្យបានបន្តថា ការបង្កើតតំបន់ភ្នំទាំង៩នេះ ជាតំបន់បេតិភណ្ឌធម្មជាតិ ធ្វើឡើងក្នុងគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី, កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងានៃតំបន់នេះ, ការពារសោភណ្ឌភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនាការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដលបរិស្ថាន ធម្មជាតិ និងវប្បធម៌ក្នុងមូលដ្ឋាន។
អនុក្រឹត្យ បន្តទៀតថា៖ «ក្រៅពីនោះ ផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគម៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង និងការពារ និងអភិរក្សជីវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់»។
អនុក្រឹត្យ ក៏បានតម្រូវឲ្យក្រសួងបរិស្ថាន មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិទាំង៩ ដោយសហការជាមួយក្រសួង ស្ថាប័ន្ថពាក់ព័ន្ធ រដ្ឋបាលខេត្តទាំងពីរ និងកម្លាំងប្រដាប់អាវុធ ដើម្បីធានាការគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាពស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកនេត្រ ភក្ត្រា បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ក្រសួងនឹងអនុវត្តតាមអ្វីដែលមានចែងក្នុងអនុក្រឹត្យនេះ ជាពិសេសការពារមិនឲ្យមានការកាប់រុករានទន្ទ្រានដីខុសច្បាប់ពីសំណាក់ជលខិលខូចមួយចំនួន និងធ្វើការអភិរក្សសម្បត្តិធម្មជាតិឲ្យបានគង់វង្សសម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់។
លោកថា៖ «ព្រោះតំបន់ទាំងនោះ មិនមែនត្រឹមតែមានធនធានធម្មជាតិ ព្រៃប្រឹក្សា សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីតែប៉ុណ្ណោះទេ ប៉ុន្តែតំបន់ទាំងនោះក៏មានទីតាំងប្រវត្តិសាស្រ្ត និងបេតិកភណ្ឌវប្បធម៌ ព្រមទាំងមានសក្តានុពលខ្ពស់ផ្នែកទេសចរណ៍ផងដែរ ដូច្នេះយើងត្រូវការការពារ និងអភិរក្សធនធានធម្មជាតិ ការពារសម្បត្តិបេតិកភណ្ឌដែលមាននៅក្នុងតំបន់នោះ»។
លោក កត់ បូរិន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា សម្រាប់តំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំពីរ កាលដើមឡើយសម្បូរទៅដោយព្រៃស្រោង ប៉ុន្តែត្រូវបានប្រជាពលរដ្ឋកាប់រុករានយកធ្វើកម្មសិទ្ធិ ដោយដាំដំណាំផ្សេងៗ បើទោះជាអាជ្ញាធរមានសមត្ថកិច្ចបានខិតខំការពារយ៉ាងណាក៏ដោយ ខណៈដែលភ្នំទាក់ទ្រាំង និងគិរីយង់ ក៏មានធនធានធម្មជាតិជាច្រើនដែលចាំបាច់ត្រូវមានការការពារផងដែរ។
លោកបានគូសបញ្ជាក់ថា៖ «ដូចជា នៅតំបន់បេតិកភណ្ឌធម្មជាតិភ្នំប្រាំពីរ គឺជាតំបន់ដែលមានព្រៃក្រាស់ និងជាជម្រកសត្វព្រៃជាច្រើន ដូចជា សត្វខ្លារខិល សំពោធ ស្វា និងសត្វផ្សេងៗទៀត ហើយនៅជើងភ្នំមានវត្តអារ៉ាមមួយ និងមានល្អាងភ្នំធំមួយផងដែរ ដូច្នេះត្រូវតែរក្សាទុកកុំឲ្យបាត់បង់»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បច្ចុប្បន្នក្រសួងបាននិងកំពុងគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ រួមមាន តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះសរុបជាង ៦០កន្លែង គ្របដណ្តប់លើផ្ទៃដីជាង ៧,២លានហិកតា ស្មើប្រមាណ ៤១%នៃផ្ទៃដីសរុបរបស់ព្រះរាជាណាចក្រកម្ពុជា៕
(ប្រភពព័ត៌មាន: khmertimeskh.com)
មតិពីមិត្តអ្នកអាន