អគារកម្ពស់៦ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប បានបាក់រលំនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំប្រតិបត្តិការកាយរកជនរងគ្រោះ (រូបថត៖ freshnewasia)
អគារដែលបាក់រលំនេះ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលរលំបាក់នាពេលនេះធ្លាប់ត្រូវបានមន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឃើញថា បានសាងសង់ខុសពីលិខិតអនុញ្ញាត កាលពីជិត១ខែមុន។ សំណង់អគារនេះម្ចាស់សំណង់ ឯក សារុន (ប្តី) និង ឈីវ សុធី (ប្រពន្ធ) មានលំនៅបច្ចុប្បន្នភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ បានបើកការសាងសង់នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។
ជនរងគ្រោះបានសង្គ្រោះប្រកបដោយជោគជ័យ (រូបថត៖ freshnewasia)
យោងតាមអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុឲ្យដឹងថា រហូតដល់ម៉ោង២៣ និង៣០ នាទី នាថ្ងៃទី ៣ ខែមករា ឆ្នាំ២០២០ មិនទាន់ឃើញជនរងគ្រោះណាមានដើមកំណើតវៀតណាមទេ ក្នុងករណីលំបាក់អគារកម្ពស់ ៧ ជាន់កំពង់សាងសង នៅខែត្តកែប
សម្តេចតេជោ ហ៊ុន សែន បានស្ថិតក្នុងប្រតិបត្តិការផ្ទាល់ពេញមួយយប់តែម្តង នៅក្នុងការជួយសង្រ្គោះដល់ជនរងគ្រោះ ព្រមទាំងឆ្លៀតពេលចុះសាកសួរសុខទុក្ខជនរងគ្រោះនៅមន្ទីរពេទ្យផងដែរ។
ទិដ្ឋភាពនៃអគារបាក់រលំ
ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមានអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ នៅមូលដ្ឋានផងដែរ។
នេះជាឧបទ្ទវហេតុរលំអគារលើកដំបូងក្នុងឆ្នាំ២០២០នេះ ខណៈដែលឆ្នាំ២០១៩ ក៏មានករណីរលំបាក់អគារកំពស់៧ជាន់មួយផងដែរ កាលពីខែមិថុនា ឆ្នាំ២០១៩ ដែលបណ្តាលឱ្យមានមនុស្សស្លាប់២៨នាក់ និងរស់២៦នាក់៕
(ប្រភពព័ត៌មាន: freshnewsasia)
មតិពីមិត្តអ្នកអាន