Trending now

វៀតណាមបន្តលើកកម្ពស់តួនាទីដ៏សកម្មដោយមានការទទួលខុសត្រូវលើឆាកអន្តរជាតិ

10:19 | 22/09/2021 យោងតាមកាសែតកងទ័ពប្រជាជន

បន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសគុយបា ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា លោក Nguyen Xuan Phuc ប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងចូលរួមសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងចូលរួមសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក។

វៀតណាមមានភាពលេចធ្លោជាច្រើនក្នុងនាមជាសមាជិកសកម្មនៃអង្គការសហប្រជាជាតិ វៀតណាមមានភាពលេចធ្លោជាច្រើនក្នុងនាមជាសមាជិកសកម្មនៃអង្គការសហប្រជាជាតិ
អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់ អនុរដ្ឋមន្ត្រីការបរទេស លោក Dang Hoang Giang៖ ដំណើរទស្សនកិច្ចពហុគោលបំណង និងមានអត្ថន័យដ៏សំខាន់
សប្ដាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ដោយមានវត្តមានថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ចំនួនជាង១០០រូបនៃប្រទេសចំនួន១៣២។ (រូបថត៖ Getty)
សប្ដាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៦បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ដោយមានវត្តមានថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់ចំនួនជាង១០០រូបនៃប្រទេសចំនួន១៣២។ (រូបថត៖ Getty)

កាលពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៩៧៧ វៀតណាមចូលរួមអង្គការសហប្រជាជាតិ - ជាអង្គការមួយដែលដើរតួនាទីមជ្ឈភាពក្នុងការបង្កើតច្បាប់អន្តរជាតិ ការថែរក្សាសន្តិភាព ការទប់ស្កាត់ជម្លោះ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៅពិភពលោក។ អស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិបានរួមចំណែកក្នុងការការពារ និងលើកកម្ពស់ផលប្រយោជន៍ជាតិរបស់វៀតណាម ជាពិសេសការរក្សានិងពង្រឹងបរិយាកាសសន្តិភាពសន្តិសុខនិងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស។ ការជំរុញការធ្វើសមាហរណកម្មអន្តរជាតិឲ្យកាន់តែស៊ីជម្រៅបានរួមចំណែកលើកកំពស់តួនាទីនិងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដៃគូសំខាន់នានានិងមិត្តភក្តិអន្ដរជាតិ ហើយទាញយកផលប្រយោជន៍ពីប្រភពកម្លាំងសំខាន់ៗសម្រាប់បំរើការអភិវឌ្ឍប្រទេស។

វៀតណាមនិងអង្គការសហប្រជាជាតិកំពុងអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្ររួមសម្រាប់ដំណាក់កាល ២០១៧-២០២១ ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអង្គការសហប្រជាជាតិមួយដែលបានចុះហត្ថលេខាកាលពីខែកក្កដា ឆ្នាំ ២០១៧។ កម្មវិធីនេះ​ផ្តោតលើការជួយគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការអនុវត្តផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដំណាក់កាល ២០១៦-២០២០ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។

ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19 រហូតមកដល់បច្ចុប្បន្ននេះ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម ជាពិសេសអង្គការសុខភាពពិភពលោក (WHO) បានជួយគាំទ្រវៀតណាមក្នុងវិស័យចំនួន ៥ រួមមាន៖ ការត្រៀមរៀបចំ សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ការត្រួតពិនិត្យ ការវាយតម្លៃហានិភ័យ ការស៊ើបអង្កេតនិងការឆ្លើយតបទៅនឹងជំងឺរាតត្បាត មន្ទីរពិសោធន៍; ការទប់ស្កាត់ការឆ្លងមេរោគនិងការគ្រប់គ្រងគ្លីនិក។ លើសពីនេះទៅទៀត អង្គការសហប្រជាជាតិក៏បានណែនាំស្តីពីការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 សម្រាប់កុមារ ប្រជាពលករនិងសង្គមទាំងមូល ហើយមានរបាយការណ៍ចំនួនពីរដែលវាយតម្លៃពីផលប៉ះពាល់នៃជំងឺ Covid-19 នៅវៀតណាមនិងដាក់ចេញវិធានការក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃ Covid-19។

ចំណែកខ្លួនឯងវិញ វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការសហប្រជាជាតិក្នុងការដោះស្រាយបញ្ហាសន្តិភាពនិងសន្តិសុខតំបន់និងអន្តរជាតិ និងលើកកម្ពស់សិទ្ធិមនុស្ស។ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការចរចានិងចុះហត្ថលេខាលើសន្ធិសញ្ញាឆ្នាំ ២០១៨ ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ហើយជាប្រទេសទី ១០ ដែលផ្តល់សច្ចាប័ន​លើសន្ធិសញ្ញានេះ។

ក្នុងវិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ វៀតណាមបានចាត់បញ្ជូននាយទាហានជាង ២៤០ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល និងនាយកដ្ឋានរក្សាសន្តិភាពនៅទីស្នាក់ការអង្គការសហប្រជាជាតិ។ វៀតណាមក៏បានបង្កើតកងពេទ្យកម្រិត ២ ចំនួន ៣ នៅស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូងផងដែ។ ជាពិសេសវៀតណាមគឺជាប្រទេសមួយដែលមានអត្រាស្ដ្រីចូលរួមច្រើនជាងគេក្នុងចំណោមប្រទេសចាត់បញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្ដិភាព។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មកកាន់អាមេរិក ចាប់ផ្ដើមកម្មវិធីការងារនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ dantri)
ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc មកកាន់អាមេរិក ចាប់ផ្ដើមកម្មវិធីការងារនៅមហាសន្និបាតអង្គការសហប្រជាជាតិ។ (រូបថត៖ dantri)

បន្ទាប់ពីត្រូវបានបោះឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០​-២០២១ ដោយទទួលបានសម្លេងគាំទ្រខ្ពស់បំផុត វៀតណាមបានលើកកម្ពស់តួនាទី ម្ចាស់ការនិងចូលរួមយ៉ាងសកម្មក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងស្មារតីឯករាជ្យ ស្វ័យភាព សកម្មនិងមានទំនួលខុសត្រូវខ្ពស់។ ទន្ទឹមនឹងនោះ វៀតណាមជំរុញទំនាក់ទំនងទ្វេភាគីជាមួយប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខ និងលើកកម្ពស់“ តួនាទី”៖ ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងនិងជាប្រធានអាស៊ាន ២០២០ផង។ វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងយន្ដការនៃអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស ការពាររបាយការណ៍ជាតិនៃយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) និងរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលវៀតណាមជាសមាជិក ព្រមទាំងវៀតណាមកំពុងឈរឈ្មោះជាបេក្ខជនជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិសម្រាប់អាណត្តិ​ ២០២៣​-២០២៥ ។

គួរតែរំលឹកឡើងវិញនូវការសម្របសម្រួលល្អរវាងវៀតណាមនិងអង្គការសហប្រជាជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលក្នុងនោះវៀតណាមបានលើកសំណើសេចក្ដីសម្រេចចិត្ដស្ដីពីការកំណត់ថ្ងៃទី ២៧ ខែធ្នូ រៀងរាល់ឆ្នាំជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិ។ វៀតណាមក៏បានរួមចំវិភាគទានចំនួន ៥០,០០០ ដុល្លារអាមេរិក ជូនមូលនិធិ Covid-19 របស់ WHO និង ៥០០,០០០ ដុល្លារដល់កម្មវិធី COVAX ​។

ក្រឡេកមើលលើដំណើរជាង ៤០ ឆ្នាំកន្លងមក យើងអាចយល់កាន់តែច្បាស់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាង​វៀត​ណាមនិងអង្គការសហប្រជាជាតិ ចាប់ពីដំណាក់កាលកសាងប្រទេសជាតិឡើងវិញក្រោយសម័យសង្គ្រាមរហូតដល់សម័យរួចផុតពីការហ៊ុមព័ទ្ធនិងធ្វើសមាហរណកម្មអន្ដរជាតិកាន់តែស៊ីជម្រៅជាបណ្តើរៗ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនោះមិនត្រឹមតែបំពេញតម្រូវការនិងផលប្រយោជន៍របស់វៀតណាមនៅក្នុងដំណាក់កាលនីមួយៗប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកំពស់តួនាទី សម្លេងនិងការរួមវិភាគទានរបស់វៀតណាមនៅអង្គការសហប្រជាជាតិទៀតផង។

ជាមួយការជឿទុកចិត្ដនិងការរំពឹងទុកនោះ ការដែលលោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាមចូលរួមសម័យប្រជុំពិភាក្សារួមនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ និងចូលរួមសកម្មភាពទ្វេភាគីមួយចំនួននៅសហរដ្ឋអាមេរិក សំដៅបន្ដជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាប្រទេសដទៃទៀត និងអង្គការអន្តរជាតិឲ្យកាន់តែស៊ីជម្រៅ និងបង្ហាញថាវៀតណាមជាមិត្ត និងជាដៃគូគួរឱ្យជឿទុកចិត្តរបស់សហគមន៍អន្តរជាតិ។ តាមរយៈនោះ វៀតណាមផ្ញើសារដល់មិត្តអន្តរជាតិអំពីរូបភាពប្រទេសវៀតណាមមួយប្រកបដោយភាពច្នៃប្រឌិតនិងស្វាហាប់ សេចក្តីប្រាថ្នាស្នេហាសន្តិភាព និងប្រកាន់ខ្ជាប់នូវពហុភាគីនិយម ព្រមទាំងបង្ហាញពីតួនាទីនិងកិត្យានុភាពជាសមាជិកដែលមានការទទួលខុសត្រូវដែលរួមចំណែកយ៉ាងសកម្មដល់សកម្មភាពរបស់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤