នារសៀលថ្ងៃទី២៦ ខែសីហា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបលោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា។
![]() |
| លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោក Nguyen Huy Tang |
នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោក Nguyen Huy Tang ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងជូនពរលោកបំពេញល្អភារកិច្ចដែលបក្ស និងរដ្ឋប្រគល់ជូន ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងវៀតណាម-កម្ពុជា នៅពេលខាងមុខ។
នៅពេលកន្លងមក ទំនាក់ទំនងវៀតណាម-កម្ពុជា បានអភិវឌ្ឍយ៉ាងល្អប្រសើរ។ ក្នុងនោះ ទំនាក់ទំនងការពារជាតិទ្វេភាគីទទួលបានលទ្ធផលវិជ្ជមានលើវិស័យដូចជា បណ្ដុះបណ្ដាល បង្វឹកបង្ហាត់កម្មាភិបាល កិច្ចសហប្រតិបត្តិការរវាងអង្គភាពនៃកងទ័ពទាំងពីរ កិច្ចសហការរវាងកម្លាំងការពារ និងគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ ការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ល។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien រំពឹងថា ក្នុងឋានៈរបស់ខ្លួន លោក Nguyen Huy Tang នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេសដើម្បីជម្រុញថែមទៀតនូវទំនាក់ទំនងការពារជាតិទ្វេភាគី ជាពិសេសក្នុងការរៀបចំសកម្មភាពរំលឹកខួបលើកទី ៥៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា និងរំលឹកអនុស្សាវរីយ៍ខួបលើកទី ៤៥ នៃព្រឹត្តិការណ៍ដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងយុទ្ធមិត្ដទៅកាន់ប្រទេសវៀតណាមដើម្បី “រកផ្លូវផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” (១៩៧៧ - ២០២២)។
លោក Nguyen Huy Tang បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិគឺជាសសរស្តម្ភមួយនៃទំនាក់ទំនងវៀតណាម-កម្ពុជា ដែលចូលរួមចំណែកដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លោក Nguyen Huy Tang បញ្ជាក់ថា ក្នុងឋានៈរបស់ខ្លួន លោកនឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រំទំនាក់ទំនងវៀតណាម-កម្ពុជាលើគ្រប់វិស័យ រួមទាំងវិស័យការពារជាតិផងដែរ៕

មតិពីមិត្តអ្នកអាន