រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប្រាក់ សុខុន ថ្លែងការណ៍អំពីមធ្យោបាយ និងរបៀប ដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានារួមនឹងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមក្នុងសន្និសីទពាក់កណ្ដាលអាណត្តិរដ្ឋមន្ត្រីការបរទេសនៃចលនាមិនចូលបក្សសម្ព័ន្ធ (NAM) តាមប្រព័ន្ធវីដេអូនៅថ្ងៃទី ១៣-១៤ កក្កដានេះ ដែលធ្វើឡើងនៅទីក្រុងបាគូសាធារណរដ្ឋអាស៊ែបៃហ្សង់។
![]() |
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ |
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាកាលពីថ្ងៃទី ១២ ខែកក្កដា បានបញ្ជាក់ថា ការចូលរួមសន្និសីទរបស់លោកប្រាក់ សុខុន គឺតបតាមការអញ្ជើញរបស់លោក Jeyhun Bayramov រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ (Azerbaijan)។
សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា សន្និសីទនេះធ្វើឡើងក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិតនៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងពហុភាគីក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល»។
សន្និសីទតាមប្រព័ន្ធវីដេអូនេះនឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាព ដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូឆ្នាំ ២០១៩ ក៏ដូចជាធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីតួនាទីរបស់ NAM ក្នុងការឆ្លើយតបទៅនឹងកំណើននៃបញ្ហាប្រឈមនានាឱ្យកាន់តែមានប្រសិទ្ធភាព។
បើតាមក្រសួងការបរទេសលោក ប្រាក់ សុខុន នឹងថ្លែងការណ៍ផ្តោតលើមធ្យោបាយ និងរបៀបដើម្បីធ្វើការឆ្លើយតបទៅនឹងបញ្ហាប្រឈមសកលនានា តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការពហុភាគី។ ពង្រឹងគុណតម្លៃនៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពសម្រាប់មនុស្សជាតិ នៅក្នុងបដិវត្តន៍ឧស្សាហកម្មទី ៤ និងជំហររបស់កម្ពុជា ចំពោះពហុភាគីនិយមសម្រាប់សន្តិភាព។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាលើកឡើងថា វត្ដមានរបស់កម្ពុជា ឬការចូលរួមរបស់កម្ពុជាក្នុងចលនាមិនចូលបក្សសម្ព័ន្ធហៅកាត់ថា NAM នេះគឺជានយោបាយការបរទេសរបស់កម្ពុជាដែលបានបន្តមកពីព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តាំងពីសម័យសង្គមរាស្ដ្រនិយម ដែលព្រះអង្គបានចូលរួមជាសហស្ថាបនិកចលនាមិនចូលបក្សសម្ព័ន្ធនេះ។
លោកថ្លែងថា៖ «ទិដ្ឋភាពទី១ ចលនានេះ គឺជាមរតកនយោបាយមួយដែលជានិច្ចកាលកម្ពុជាបានប្រកាន់ខ្ជាប់។ ទិដ្ឋភាពទី២ គឺទិដ្ឋភាពរដ្ឋធម្មនុញ្ញរបស់យើង ដែលបានកំណត់ច្បាស់អំពីជំហរគោលនយោបាយការបរទេស គឺអព្យាក្រឹត អចិន្រៃ្តយ៍ និងមិនចូលបក្សសម្ព័ន្ធ។ ដូច្នេះវាមានសង្គតិភាពជាមរតកនយោបាយផង និងជាជំហរគោលនយោបាយការបរទេសកម្ពុជា ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញផង»។
ការចូលរួមក្នុងចលនានេះរបស់កម្ពុជា គឺជាភាពចាំបាច់ក្នុងការសម្រប ដើម្បីរក្សានូវវត្ដមានរបស់ខ្លួននៅក្នុងចលនានេះ ពីព្រោះពិភពលោកបច្ចុប្បន្នបានវិលត្រឡប់មកចន្លោះនៃសង្គ្រាមត្រជាក់ដែលបានប្រទាញប្រទង់គ្នា ដើម្បីបង្កើតសម្ព័ន្ធមិត្ដ ឆ្វេងស្ដាំ មានច្រើននាពេលថ្មីៗនេះ។ នេះជាការបញ្ជាក់របស់លោក គិន ភា។
លោកថ្លែងថា៖ «សម្រាប់ប្រទេសតូចដូចកម្ពុជា ជម្រើសក្នុងការរក្សានូវអព្យាក្រឹតភាពរបស់ខ្លួននៅក្នុងគោលនយោបាយការបរទេសជាជម្រើសមួយដែលល្អហើយត្រូវប្រកាន់ខ្ជាប់។ ប៉ុន្ដែមិនមែនមានន័យថាកម្ពុជាត្រូវបដិសេធមិនមានចំណងមិត្ដភាពជាមួយប្រទេស ឬតំបន់ណាមួយនោះទេគឺត្រូវមាន តែត្រូវឈរលើជំហរអព្យាក្រឹតដែលផ្ដល់ផលប្រយោជន៍ដល់កម្ពុជា»។
លោកបានបន្តថា គោលការណ៍ពហុភាគីនិយមរបស់កម្ពុជា គឺកម្ពុជាតែងរួមចំណែកគ្រប់យន្តការទាំងតំបន់ និងពិភពលោក។ ព្រោះបច្ចុប្បន្ននៅក្នុងតំបន់ និងពិភពលោកមានបញ្ហាប្រឈមច្រើនដែលត្រូវការកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងបណ្ដាប្រទេសទាំងអស់ក្នុងការដោះស្រាយ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកប៉ា ចន្ទរឿន លើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងច្បាស់ថាប្រទេសកម្ពុជាប្រកាន់ជំហរអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធខាងណាមួយឡើយ។
លោកថ្លែងថា៖ «ដូច្នេះការបន្តចូលរួមនៅក្នុងសន្និសីទទាំងឡាយ ដែលរក្សានូវជំហរ អព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ ឬក៏ប៉ូលនយោបាយពិភពលោកណាមួយ គឺជាអ្វីដែលកម្ពុជាគួរធ្វើត្រូវតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ប៉ុន្ដែមិនត្រឹមតែជាការគោរពនូវស្មារតីនៃរដ្ឋធម្មនុញ្ញប៉ុណ្ណោះទេ ប៉ុន្ដែត្រូវអនុវត្ដឱ្យបានដូចអ្វីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»៕
FN/Khmertimes
មតិពីមិត្តអ្នកអាន