រមណីយដ្ឋាន«ក្បាលស្ពាន» គឺជារមណីយដ្ឋានមួយស្ថិតនៅជម្រាលភ្នំគូលែន ខេត្តសៀមរាប ។ រមណីយដ្ឋាននេះអាចហៅឈ្មោះម្យ៉ាងទៀតថា «ជ្រលងលិង្គមួយពាន់» ។ បើធ្វើដំណើរទៅចេញពីខេត្តសៀមរាប កុំភ្លេចធ្វើដំណើរឆ្ពោះទៅលេង «ក្បាលស្ពាន» ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាបប្រហែល៥០គីឡូម៉ែត្រពីទីក្រុងសៀមរាប និងឃ្លាតឆ្ងាយពីប្រាសាទបន្ទាយស្រីប្រមាណជា១៨គីឡូម៉ែត្រ ។
![]() |
![]() |
![]() |
ជាតិរមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា |
រមណីយដ្ឋានក្បាលស្ពាន ស្ថិតនៅភូមិខ្នារង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ ទីតាំងនេះ បានទាក់ទាញភ្ញៀវទេសចរជាច្រើន ដោយសារចម្លាក់លិង្គរាប់រយ ធម្មជាតិ និងស្ថិតនៅភូមិសាស្រ្ដដ៏ពិសិដ្ឋ ត្រជាក់ត្រជុំ។ ក្បាលស្ពានកសាងឡើង ចាប់ពីសតវត្សទី១១ រហូតដល់សតវត្សទី១៣ ដោយព្រះបាទសូរ្យវរ្ម័នទី១ និងរួចរាល់ជាស្ថាពរដោយព្រះបាទឧទ័យទិត្យវរ័្មនទី២។ តំបន់នេះ ក៏ជាគោលដៅទេសចរណ៍បែបផ្សងព្រេង សម្រាប់អ្នកនិយមដើរតំបន់ព្រៃភ្នំផងដែរ។
![]() |
ជាតិរមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា |
![]() |
ជាតិរមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា |
ទីនោះមានរូបចម្លាក់នៅលើផ្ទាំងថ្ម នៅជុំវិញស្ទឹងក្បាលស្ពានដែលភាគច្រើនកសាងឡើងពីសតវត្សទី១១ និងសតវត្សទី១៣ ។ ក្បាលស្ពានស្ថាបនាឡើងដោយព្រះបាទសុរិយវរ្ម័នទី១ និងស្ថាបនារួចជាស្ថាពរដោយព្រះបាទ Udayadityavarman II ។ ជនជាតិខ្មែរយល់ឃើញថា ទឹកដែលហូរនៅតាមទីកន្លែងនោះហូរមិនដាច់ គឺជាប្រភពនៃការចម្រុង ចម្រើន និងត្រជាក់ត្រជុំ ព្រមទាំងមានស្លឹកឈើខៀវស្រងាត់ បក់រវិច និងមានសំឡេងសត្វ បក្សា បក្សី យំរំពងពេញព្រៃធម្មជាតិ ។
ម្យ៉ាងទៀតទឹកដែលហូរធ្លាក់ចុះមកត្រូវប្រជាកសិកយកទៅស្រោចស្រពដំណាំកសិកម្ម ហើយជាពិសេសនោះមនុស្សជំនាន់ដើមបានឆ្លាក់លិង្គរាប់មិនអស់ ដែលជានិមិត្តរូបស្នងនៃព្រះឥសូរនៅតាមបាតស្ទឹងចាប់ពីខាងជើងផែ្នកខាងលើនៃស្ពានថ្មធម្មជាតិ រហូតដល់ទីដែលមានទឹកធ្លាក់ ដូច្នេះហើយបានជាមានសិលាចារិក សំស្ក្រឹតហៅទីនោះថា «សហស្រលិង្គ១»។
![]() |
ជាតិរមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា |
ម្យ៉ាងវិញទៀត មានឆ្លាក់រូបយោនីជានិមិត្តជាប់បល្ល័ង្កភ្ជាប់ជាមួយទៀតផង ចម្លាក់ទាំងនោះមានពាសពេញនៅក្នុងបាតស្ទឹង ប្រវែងប្រមាណជា២០០ម៉ែត្រ នៅតាមច្រាំងនិងនៅតាមលើជញ្ឆាំង ខ្លះៗមួយចំនួនផងដែរ ។
អ្នកទេសចរម្នាក់ពីខេត្តបាត់ដំបង ដែលបានទៅកម្សាន្តកាលពីពេល ថ្មីៗកន្លងមកគាប់ចិត្តចំពោះសោភ័ណភាពដ៏ស្រស់ប្រិមប្រិយនៃរមណីយដ្ឋានក្បាលស្ពាន ខណៈបានទៅកម្សាន្តលើកដំបូង ។ ដូច្នេះហើយនឹងប្រាប់មិត្តភក្តិអ្នកជិតខាង បើទៅលេងខេត្តសៀមរាប ឱ្យហួសទៅលេងរមណីដ្ឋានក្បាលស្ពាន ព្រោះមានទឹកងូតលេងត្រជាត់ណាស់ ថែមទាំងមានបដិមាបុរាណសម្រាប់ទស្សនាទៀតផង ។
![]() |
ជាតិរមណីយដ្ឋានក្បាលស្ពានបញ្ចេញសម្រស់កាន់តែទាក់ទាញនារដូវវស្សា |
ក្រៅពីរូបចម្លាក់លិង្គជាច្រើននៅមានរូបព្រះនារាយណ៍ផ្ទុំកណ្តាលមហាសមុទ្រនាអន្តរសម័យមួយនៃព្រះព្រហ្មផុសចេញពីផ្ចិតនៃព្រះនារាយណ៍តាមផ្កាឈូកមួយទងដើម្បីមកបង្កើតសត្វលោកសាជាថ្មី ។ មនុស្សជំនាន់ដើមយល់ឃើញថា ទឹកដែលហូរធ្លាក់នោះគឺជាទឹកមន្ដដ៏សក្ដិសិទ្ធិពីចម្លាក់ថ្មទាំងអស់នោះ ។ មិនតែប៉ុណ្ណោះបង្កើតបានជាដៃនៃស្ទឹងប្ញស្សី ស្ទឹងពួក និងស្ទឹងសៀមរាបនាពេលបច្ចុប្បន្នផងដែរ ។
អ្នកទេសចរដែលបានទៅលេងរមណីដ្ឋាននោះនឹងឃើញផ្ទាំងថ្មចម្លាក់បាក់បែកទាំងឡាយនៅក្នុងស្ទឹងក្បាលស្ពាន ដែលមានដូចជាចម្លាក់លិង្គព្រះឥសូរ និងចម្លាក់ដទៃទៀត ដែលឧទ្ទិសដល់ព្រហ្មញ្ញសាសនា ។ ទោះជាយ៉ាងណាក្តីបំណែកផ្ទាំងថ្មទាំងនោះនៅតែមានក្បាច់ក្បូររចនាស្រស់ស្អាតបង្ហាញភាពប៉ិនប្រសប់របស់វិចិត្រករខ្មែរដែលមិនអាចកាត់ថ្លៃបាន ៕
Thmeythmey/kohsantepheapdaily
មតិពីមិត្តអ្នកអាន