លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានផ្តល់ទស្សនៈ ៦ ចំណុចទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ។
![]() |
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្តល់ទស្សនៈ ៦ចំណុចក្នុងការដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុលើពិភពលោក |
លោកនាយករដ្ឋមន្ត្រី បានលើកឡើងនូវទស្សនៈនេះទៅកាន់កិច្ចប្រជុំកំពូល P4G ដែលរៀបចំឡើងដោយប្រទេស កូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ ២០២១នេះ។ កិច្ចប្រជុំកំពូល P4G ត្រូវបានធ្វើឡើងក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩»។ កិច្ចប្រជុំនេះ មានការចូលរួមដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ិន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០នាក់ និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត។
លោកនាយករដ្ឋមន្រ្ដីថ្លែងថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាមួយបណ្តាថ្នាក់ដឹកនាំដទៃទៀត ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ នេះ ក្រោមប្រធានបទដ៏សំខាន់ «ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩»។
លោកបានលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនពាក់ព័ន្ធនឹងប្រធានបទនៃកិច្ចប្រជុំនាពេលនេះ ដែលពិភពលោកត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងនោះរួមមាន ១ បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខ័ណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ។
២ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។
៣ ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជាដើម។
៤ ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
៥ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៦ លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ។
កិច្ចប្រជុំកំពូល P4G ដែលតំណាងឱ្យដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ P4G គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការជជែកពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុលើពិភពលោក៕
FN/Postkhmer
មតិពីមិត្តអ្នកអាន