អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទក្រុងព្រះសីហនុទាំងស្រុងរយៈពេល១៤ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃនេះទៅ ខណៈភូមិចំនួន៥ត្រូវបានដាក់ជា «តំបន់ក្រហម» ដោយអាជ្ញាធររំពឹងថា វិធានការនេះនឹងអាចជួយគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់បានល្អប្រសើរឡើងវិញ។
![]() |
ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ទាំងស្រុង ខណៈភូមិចំនួន៥ត្រូវបានដាក់ជាតំបន់ក្រហម |
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់ វីអូឌី នៅថ្ងៃទី២៣ ខែមេសានេះថា អាជ្ញាធរសម្រេចបិទខ្ទប់ក្រុងព្រះសីហនុទាំងស្រុងហើយ ចាប់ពីម៉ោងសូន្យ ថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ខណៈភូមិចំនួន៥ រួមមាន ភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់លេខ៤ ត្រូវបានដាក់ជា «តំបន់ក្រហម» ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩។
លោកបន្តថា៖ «ការបិទខ្ទប់តំបន់កន្លងមក យើងមានបិទនៅតំបន់ទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងបិទនៅភូមិភ្នំតូច ឃុំបឹងតាព្រំ ស្រុកព្រៃនប់។ ហើយសម្រាប់ថ្ងៃទី២៣នេះ យើងបិទការចេញចូលក្រុងព្រះសីហនុទាំងមូល»។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមេសា បានចែងថា ពលរដ្ឋនៅក្នុងតំបន់ក្រហម នឹងមិនអាចធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នរបស់ខ្លួនបានឡើយ ហើយក៏មិនអនុញ្ញាតឱ្យធ្វើសកម្មភាពកីឡានៅក្រៅលំនៅឋានឬទីសំណាក់របស់ខ្លួនដែរ។
ប៉ុន្តែរដ្ឋបាលខេត្តបានសម្រេចលើកលែងចំពោះការធ្វើដំណើរក្នុងមូលហេតុសុខភាពបន្ទាន់ ការធ្វើដំណើរទៅជួបមន្រ្តីសុខាភិបាលដើម្បីយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ ឬចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៅដូសទី២ ជាដើម។
ចំពោះផ្សារ និងទីកន្លែងលក់ម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគ ព្រមទាំងសកម្មភាពការងារ មុខរបរ និងអាជីវកម្មទាំងអស់ក្នុង «តំបន់ក្រហម» ត្រូវផ្អាកជាបណ្ដោះអាសន្ន ខណៈការធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់ «តំបន់ក្រហម» ក៏ត្រូវបានហាមឃាត់ដែរ លើកលែងតែការធ្វើដំណើររបស់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដោយមានភ្ជាប់លិខិតបញ្ជាក់បេសកកម្ម។ នេះបើតាមសេចក្ដីសម្រេចដដែល។
![]() |
ក្រុងព្រះសីហនុត្រូវបានបិទខ្ទប់ទាំងស្រុង ខណៈភូមិចំនួន៥ត្រូវបានដាក់ជាតំបន់ក្រហម |
ដោយឡែក ចំពោះពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ផ្សេងទៀត ក៏ត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋានឬទីសំណាក់របស់ខ្លួនដែរ។
រដ្ឋបាលខេត្តបានព្រមានថា ក្នុងករណីបំពានវិធានការនេះ អាជ្ញាធរនឹងចាត់វិធានការតឹងរ៉ឹង ដោយរួមមានការឃាត់ទុកមធ្យោបាយធ្វើដំណើរ ជាដើម។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលការិយាល័យអាដហុកប្រចាំនៅខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់ក្រហមនេះ ភាគច្រើនជាអ្នកដែលមានជីវភាពក្រីក្រ ដែលប្រកបរបរលក់ដូរនៅផ្សារលើ និងផ្សារពាណិជ្ជកម្មដែលទើបត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្ន។ លោកស្រីថា វិធានការនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ខាងលើនេះ។លោកស្រីបញ្ជាក់ថា៖ «អញ្ចឹងគាត់ខ្វះខាតតាំងពីគេបិទផ្សារលើ និងផ្សារពាណិជ្ជកម្មហ្នឹងមកម៉្លេះ។ គាត់ត្រូវទៅខ្ចីបុលគេបន្ថែមទៀត មិនមែនទៅខ្ចីបុលគេ អញ្ចឹងអាបំណុលថ្មី អាបំណុលចាស់ វាគរគ្នាហើយឥលូវនេះ! ចុះទម្រាំចត្តាឡីស័ក១៤ថ្ងៃនេះ ពីថ្ងៃទី២៣ហ្នឹងទៅ អញ្ចឹងបានអីហូប?»
ចំណែកអ្នកស្រី សេង វណ្ណា រស់នៅសង្កាត់លេខ៤ ដែលស្ថិតក្នុងតំបន់ក្រហម បានបង្ហាញក្តីបារម្ភពីការដាច់ស្បៀងក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ព្រោះជីវភាពគ្រួសាររបស់អ្នកស្រីមានការខ្វះខាត ព្រោះតែអ្នកស្រីជាស្ត្រីមេម៉ាយនិងពិការភាពផងនោះ។
លោកស្រីនិយាយថា៖ «បារម្ភគឺដាច់ស្បៀង ព្រោះអីខ្ញុំកូនចៅច្រើន ដូចថាជីវភាពខ្ញុំទីទ័ល ហើយជំពាក់លុយធនាគារ។ បើសិនជាជីវភាពទីទ័លល្មមហើយ អត់ជំពាក់លុយធនាគារអត់អីទេ តែជំពាក់លុយធនាគារ អញ្ចឹងទៅទីទ័លមែនទែន។»
គិតត្រឹមថ្ងៃទី២២ ខែមេសា ខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប១ ០៣៦នាក់ ស្លាប់៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន៥២៣នាក់ និងកំពុងសម្រាកព្យាបាលមានចំនួន៥០៩នាក់។
ដោយឡែក ចាប់តាំងពីមានវិធានការរឹតបន្តឹងការចេញចូលខេត្តព្រះសីហនុ កាលពីខែមីនាមក អាជ្ញាធរបានចាត់វិធានការលើករណីអ្នកគេចចេញពីគោលដៅត្រួតពិនិត្យចត្តាឡីស័កបានជាង៤០ករណី អនុវត្តវិធានការពិន័យអន្តរការណ៍ចំពោះអ្នកមិនពាក់ម៉ាស់ចំនួន៧ករណី និង២ករណីត្រូវបានបញ្ជូនទៅកាន់តុលាការក្រោយពីការរត់ចេញពីមណ្ឌលធ្វើចត្តាឡីស័ក៕
VOD/FN
មតិពីមិត្តអ្នកអាន