Trending now

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមសន្និសីទកំពូលស្តីពីការកសាងទំនុកចិត្តនៅអាស៊ី (CICA)

11:35 | 17/06/2019 (យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទទួលការអញ្ជើញរបស់ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន លោក Emomali Rahmon អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញចូលរួមសន្និសីទកំពូលលើកទី ៥ ស្តីអំពីអន្តរសកម្ម ភាព និងវិធានការកសាងទំនុកចិត្តនៅទ្វីបអាស៊ី (CICA) ដែលបានរៀបចំឡើងនៅទីក្រុងឌូសានបេចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែមិថុនា។

អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញចូលរួមសន្និសីទកំពូលស្តីពីការកសាងទំនុកចិត្តនៅអាស៊ី (CICA) (រូបថត៖ tapchithongtindoingoai.vn)

ថ្លែងនៅក្នុងសន្និសីទ បណ្តាថ្នាក់ដឹកនាំទាំងអស់បានឯកភាពថាប្រទេសជាសមាជិក CICA គួរតែខិតខំប្រឹងប្រែងជំរុញការធ្វើសន្ទនានិងកិច្ចសហប្រតិបត្តិការដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្ត ការគោរពគ្នាទៅវិញទៅមក ក៏ដូចជា គោរពចំពោះគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមផ្នែកសន្តិសុខប្រពៃណីនិងមិនមែនប្រពៃណី ជំរុញការធ្វើសមាហរណកម្មនិងអន្តរតំបន់ ដើម្បីឆ្ពោះទៅទ្វីបអាស៊ីមួយប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក អភិវឌ្ឍន៍ និរន្តរភាពនិងសម្បូររុងរឿងផងដែរ។

ថ្លែងក្នុងសន្និសីទនេះ លោកស្រី Dang Thi Ngoc Thinh បានវាយតម្លៃខ្ពស់ចំពោះមូលបទនៃសន្និសីទលើកនេះគឺ "ការចែករំលែកចក្ខុវិស័យសម្រាប់តំបន់ CICA មួយប្រកបដោយសន្តិសុខនិងវិបុលភាពថែមទៀត" និងបានអបអរសាទរប្រទេសតាជីគីស្ថានបានទទួលភារកិច្ចជាប្រធាន CICA ។ លោកស្រីក៏បានបញ្ជាក់ទៀតថា តំបន់ CICA ជាកន្លែងប្រមូលផ្តុំសេដ្ឋកិច្ចអភិវឌ្ឍន៍យ៉ាងសកម្មជាច្រើន ព្រមទាំងមានសក្ដានុភាពដើម្បីក្លាយទៅជាកម្លាំងចលករសំរាប់ការ អភិវឌ្ឍសេដ្ឋកិច្ចពិភពលោកនាពេលអនាគត។ ប៉ុន្តែតំបន់នេះក៏ជាតំបន់ដែលមានបង្កប់រាល់ជម្លោះដែលងាយមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់តំបន់និងអន្តរជាតិ ហើយទីនេះនៅតែប្រឈមនឹងបញ្ហាដូចជាហានិភ័យនៃការអភិវឌ្ឍយឺតយាវ ឧនភាពក្នុងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការគ្រប់គ្រងបរិស្ថាន និងឧក្រិដ្ឋកម្មឆ្លងដែនជាដើម។ ហេតុដូច្នេះហើយ CICA គួរតែលើកកំពស់តួនាទីរបស់ខ្លួនក្នុងនាមជាវេទិកាសន្ទនា ផ្លាស់ប្តូរនិងកសាងទំនុកចិត្តនៅអាស៊ី ដើម្បីលើកស្ទួយការអនុលោមតាមគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គសហប្រជាជាតិ។

តំណាងនានាដែលចូលរួមក្នុងសន្និសីទកំពូល CICA (រូបថត៖ tapchithongtindoingoai.vn)

ទន្ទឹមនឹងនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមក្នុងការគោរពសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ និងការធ្វើសមាហរណកម្មអន្តរជាតិ ការចូលរួមយ៉ាងសកម្មនិងការរួមចំណែកប្រកបដោយមានទំនួលខុសរបស់ខ្លួនក្នុងសហគមន៍អន្តរជាតិ សំដៅកសាងនិងកំណត់នូវយន្តការពហុភាគីនៅក្នុងតំបន់និងសកលលោក ដោយឈរលើមូលដ្ឋានសមភាព តម្លាភាព ព្រមទាំងធានាការធ្វើនាវាចរណ៍និងអាកាសចរណ៍ដោយសេរី និងដោះស្រាយវិវាទដោយសន្តិវិធីដែលសមស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ក៏ដូចជាអនុវត្តឲ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញឱ្យមានការចរចាឆាប់ៗនិងមានប្រសិទ្ធភាព ដើម្បីឈានទៅដល់សម្រេចបាននូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ផងដែរ៕

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម tapchithongtindoingoai.vn បកប្រែដោយ ហេង វុធ្ធី)