លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកដែលដឹកនាំកិច្ចប្រជុំនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើកិច្ចព្រមពៀងក្នុងក្របខ័ណ្ឌអាស៊ានចំនួន ៤ ដើម្បីស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរ។
![]() |
![]() |
![]() |
កម្ពុជា និងរដ្ឋសមាជិកអាស៊ានប្តេជ្ញាស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់ |
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានបានប្តេជ្ញាធ្វើការស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់នៃរដ្ឋជាសមាជិកអាស៊ានដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព ខណៈវិបត្តិកូវីដ ១៩ កំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់។
ការប្តេជ្ញានេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមប្រព័ន្ធវីដេអូពីចម្ងាយរយៈពេល ២ ថ្ងៃគឺនៅថ្ងៃទី ២៣-២៤ ខែមីនា ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះដែលមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងតំណាងប្រទេសនៃរដ្ឋជាសមាជិកអាស៊ាន។
លោក គង់ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកដែលដឹកនាំកិច្ចប្រជុំនេះ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើកិច្ចព្រមពៀងក្នុងក្របខ័ណ្ឌអាស៊ានចំនួន ៤ ដើម្បីស្តារឡើងវិញនូវការដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរ។
កិច្ចព្រមព្រៀងទាំងនោះ រួមមានកិច្ចព្រមព្រៀងក្នុងក្របខ័ណ្ឌអាស៊ានស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់កិច្ចព្រមព្រៀងស្តីពីអន្តររដ្ឋ ការដឹកជញ្ជូនគ្រប់រូបភាព និងកិច្ចព្រមព្រៀងសម្រាប់ដឹកជញ្ជូនអ្នកដំណើរ។ «កិច្ចព្រមព្រៀងនេះបានចាប់ផ្តើមដំណើរការតិចៗហើយ ប៉ុន្តែដោយសារបញ្ហាកូវីដអ៊ីចឹងកិច្ចព្រមព្រៀងនេះមានការរអាក់រអួលច្រើន»។
ក្នុងកិច្ចប្រជុំនោះដែរក៏បានពិភាក្សាពីការផ្ទេរទំនិញនៅតាមព្រំដែនឱ្យនៅបន្ត និងមានលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន។ លោកថា៖ «ស្វែងរកវិធីដើម្បីដោះស្រាយ ការផ្ទេរទំនិញ ផ្លាស់ប្តូរក្បាលឡាន កន្ទុយសណ្តោង ឬអនុញ្ញាតឱ្យរថយន្តដឹកទំនិញ ចូលប្រទេសក្នុងរយៈពេលខ្លីដែលយើងបានកំណត់ ដើម្បីឱ្យដំណើរការទៅដោយរលូន ហើយភាគច្រើនចុះប្តូរទំនិញនៅតាមព្រំដែន»។
តាមរយៈកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំកំពូលអាស៊ានក៏បានឯកភាពទៅលើឯកសារចំនួន ២ គឺកម្មវិធីស្តារឡើងវិញក្រោយពីកូវីដ១៩ និងការរៀបចំគន្លងផ្លូវពិសេសសម្រាប់អ្នកជំនួញដែលមានកាតព្វកិច្ចចេញ-ចូលប្រទេសបន្ទាន់។
![]() |
រថយន្តដឹកទំនិញនៅច្រកព្រំដែនក្នុងខេត្តប៉ៃលិនពីថ្ងៃទី ២៣ ខែមីនា |
បើតាមលោក សុផល ក្នុងកាលៈទេសៈនេះការដឹកជញ្ជូនឆ្លងកាត់តាមតំបន់នីមួយៗត្រូវបានលើកយកមកពិភាក្សាលម្អិតបន្ថែមទៀត ដើម្បីរិះរកវិធីសាស្ត្រដោះស្រាយបញ្ហាបន្ទាន់ទាក់ទងនឹងវិបត្តិនៃជំងឺកូវីដ១៩ ដែលកំពុងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូននៅក្នុងតំបន់អាស៊ាន ជាពិសេសសកម្មភាពទេសចរណ៍ និងពាណិជ្ជកម្មនានានៅក្នុងតំបន់ និងសកលលោក។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) លោក ស៊ិន ចន្ធី ថ្លែងថា ការអនុវត្តនៃការដឹកទំនិញឆ្លងកាត់ក្នុងតំបន់អាស៊ានមានភាពល្អប្រសើរ ទោះបីជាមានឧបសគ្គតិចតួចក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ ១៩ ក្តី។ «ការដឹកជញ្ជូនទ្វេភាគីមានភាពរលូន ដែលបានអនុវត្តនាពេលកន្លងមក ប៉ុន្តែការដឹកជញ្ជូនសម្រាប់ឆ្លងកាត់ពីប្រទេសទី១ ទៅប្រទេសទី៣ មិនទាន់បានអនុវត្តជាទូទៅនៅឡើយទេ»។
លោកឱ្យដឹងថា រយៈពេលជាង ១ ឆ្នាំនៃវិបត្តិកូវីដ១៩នេះ ធ្វើឱ្យការដឹកជញ្ជូនមានការរាំងស្ទះដោយសារក្របខ័ណ្ឌក្នុងតំបន់មានការរឹតបន្តឹងសន្តិសុខផ្ទៃក្នុង ដើម្បីរក្សាសុវត្ថិភាពរៀងៗខ្លួន។ «ដោយសារប្រទេសនីមួយៗបានរឹតបន្តឹងការឆ្លងកាត់ដោយសារបញ្ហាកូវីដឧទាហរណ៍ពីមុនយើងឆ្លងកាត់ទំនិញតែ ១ ថ្ងៃ តែឥឡូវអាចចំណាយពេលចន្លោះពី ២ ទៅ ៣ ថ្ងៃ»។
ជាមួយគ្នានេះដែរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោក សុង សារ៉ន ថ្លែងថា ក្នុងនាមអ្នកនាំចេញអង្ករទៅក្រៅប្រទេស លោកសូមស្នើឱ្យគ្រប់ភាគីគិតគូរដល់ប្រទេសកម្ពុជាក្នុងការផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន។
លោកថា៖ «សូមឱ្យការប្រជុំគិតគូរដល់ប្រទេសដែលមានភាពប្រកួតប្រជែងទាបជាអាទិភាពផង ពីព្រោះនៅពេលស្ថានភាពប្រសើរហើយ ប្រទេសនីមួយៗនាំគ្នាដណ្តើមរស់»។
លោកថា ជួនកាលការដឹកជញ្ជូននៅកប៉ាល់អត់មានកន្លែងដាក់ទេគេដណ្តើមយកអស់ហើយពីព្រោះប្រទេសដែលមានលទ្ធភាព ការប្រកួតប្រជែងខ្ពស់ បានទិញយកកន្លែងដឹកទំនិញបានធំ។ «អ៊ីចឹងសូមឱ្យមានការចែករំលែកក្នុងក្របខ័ណ្ឌអាស៊ានស្មើៗគ្នា»។
លោកឱ្យដឹងដែរថា បច្ចុប្បន្នកម្ពុជានៅពុំទាន់មានលទ្ធភាពក្នុងការដឹកជញ្ជូនទៅសហរដ្ឋអាមេរិក អូស្ត្រាលី ចិន និងសហភាពអឺរ៉ុបបាននៅឡើយទេដោយពឹងផ្អែកទៅលើកំពង់ផែសិង្ហបុរី និងម៉ាឡេស៊ីជាដើម ដើម្បីដឹកជញ្ជូនទៅប្រទេសទី៣៕
Postkhmer/DAP news
មតិពីមិត្តអ្នកអាន