Trending now

ស្ដ្រី​វៀតណាម​កាន់​តែ​ពេញនិយម ​ក្នុង​អាជីព​ឡក​ម៉ុងសាយ

09:38 | 09/02/2021

នៅ​ពេល​ថ្ងៃ អ្នកស្រី ឡេ យ៉េនឃ្វូយេន ធ្វើ​ជា​អ្នក​លក់​ឱសថ​នៅ​គ្លីនិក​សុខាភិបាល​មូលដ្ឋាន​នៅ​ដីសណ្ដ​ទន្លេ​មេគង្គ​នៃ​ប្រទេស​វៀតណាម។ នៅ​ពេល​យប់ អ្នកស្រី​ជា​អ្នកឡក​ម៉ុងសាយ​នាគ​នៅ​លើ​ចម្រឹង​ដែក​នាឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី។

​អ្នកស្រី ឡេ យ៉េនឃ្វូយេន គ្រង​ខ្សែ​ក្រវាត់​ខ្មៅ​តេក្វាន់ដូ និង​ក្លាយជា​អ្នក​ឡកម៉ុងសាយ​នាគ​ស្ដ្រី​ក៏​កម្រ​នៅវៀតណាម​។ រូបថត AFP

អ្នកស្រី ឃ្វូយេន អាយុ ២៧ ឆ្នាំ គឺ​ជា​ស្ដ្រី​ដំបូង​ម្នាក់​ដែល​បាន​ចូលរួម​ក្រុម​ម៉ុងសាយ​ទូអាញ ដួង ក្រុម​សម្ដែង​ឡក​តាម​ចង្វាក់​សត្វ​ដ៏​មាន​អំណាច​ ដើម្បី​នាំយក​នូវ​ង៉ូវ​ហេង និង​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច។

ពី​មួយ​ល្ងាច​ទៅមួយ​ល្ងាច​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ខាន​ថូ អ្នកស្រី​បន្ដ​ការ​ហ្វឹកហាត់​ឱ្យ​កាន់​តែ​ល្អ​ឥត​ខ្ចោះ​អំឡុង​ពេល​បុណ្យ ថេត ដែល​ចាប់​ផ្ដើម​នៅ​សប្ដាហ៍​នេះ។

កូនស្រី​តូច​របស់​ខ្លួន ដែល​តែងតែ​ទៅ​ណា​មក​ណា​តាម​ម្ដាយ និង​ឈរ​មើល​សកម្មភាព​ម្ដាយ​គ្រប់​ពេលវេលា។

អ្នកស្រី ឃ្វូយេន ដែល​ស្វាមី​ក៏​ជា​ក្រុម​សម្ដែង​ម៉ុង​សាយ​ប្រាប់ AFP ថា៖ «ដើម្បី​ពូកែ​សម្ដែង​ម៉ុងសាយ យើង​ត្រូវ​តែ​ចេះ​អត់ធ្មត់ និង​ប្រថុយប្រថាន​ខ្លះ​ដែរ។ វា​ពិតជា​លំបាក​នាពេល​ដំបូង។ ខ្ញុំ​រងរបួស​ដៃ និង​ជើង​មិន​លស់​ពេល»។

ចំណុច​ពិសេស​ជាង​គេ គឺ​បង្គោល​ដែក​ចំនួន ២១ ដោយ​ខ្លះ​មាន​កម្ពស់​ជាង ២ ម៉ែត្រ ដែល​ក្រុម​រាំ​ត្រូវ​ហក់​លើ​បង្គោល​តំណាង​ឱ្យ​ឧបសគ្គ​ក្នុង​ជីវិត​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ជោគជ័យ។

នៅ​ចំ​កណ្ដាល​ពួក​គេ គឺ​ជា​បង្គោល​កម្ពស់ ៧ ម៉ែត្រ ​មួយ​ជា​កន្លែង​ដែល​ក្រុម​រាំ​បង្ហាញ​ក្បាច់​ពិសេសៗ​ចំពោះ​ជំនាញ​ដ៏​ពូកែ​របស់​ពួក​គេ។

ជា​អ្នក​គ្រង​ខ្សែក្រវាត់​ខ្មៅ តេក្វាន់​ដូ អ្នកស្រី ឃ្វូ​យេន មាន​សមត្ថភាព​ក្បាច់​គុន​រហ័សរហួន​ស្រាប់​ទៅ​នឹង​ជំនាញ​នៃ​ការ​ហក់​លោត ដែល​ត្រូវ​បាន​អនុវត្ដ​ជាច្រើន​សតវត្សរ៍ ដោយ​ភាគ​ច្រើន​ពី​សំណាក់​ក្រុម​បុរស​នៅ​វៀតណាម និង​ផ្នែក​ផ្សេងៗទៀត​នៃ​តំបន់​អាស៊ី។

ក្រុមនារី​ម៉ុងសាយវៀតណាម​ហ្វឹកហាត់​ហក់លោត​លើបង្គោល​ខ្ពស់​ៗ​។ រូបថត AFP

ប៉ុន្ដែ​ដើម្បី​ចូលរួម​ក្រុម អ្នកស្រី​ត្រូវ​ជម្នះ​ចិត្ដ​អ្នក​រស់នៅ​ក្នុង​សហគមន៍ ដែល​និយាយ​ថា វា​ពិត​ជា​កិច្ចការ​ដ៏​លំបាក​សម្រាប់​នារី​ភេទ។

វា​គឺ​ជា​ទេពកោសល្យ​របស់​អ្នកស្រី ដែល​អាច​បន្ទន់​ចិត្ដ​ពួក​គេ។ នេះ​បើតាម​ការ​អះអាង​របស់​អ្នកស្រី ឃ្វូយេន ដែល​បាន​ឈ្នះ​មេដាយ​មាស​ជាច្រើន​ទាំង​ការ​ប្រកួត​រាំ​ឡក​ម៉ុងសាយ​នាគ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

ជាមួយ​សមាជិក​នារី ២០ នាក់ អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​មោទនភាព​ដែល​ក្លាយជា​បុគ្គលិក ដែល​លើក​ទឹក​ចិត្ដ​ដល់​នារី​ដទៃ»។

ម្នាក់​នោះ​ឈ្មោះ លូ ធីគីមធួង អាយុ ១៧ ឆ្នាំ ដែល​បាន​ចុះឈ្មោះ​ឱ្យ​មិត្ដភក្ដិ ៤ នាក់​ទៀត បើទោះបី​ពួក​គេ​ខ្លាច​ខ្ពស់​យ៉ាង​ណា​ក៏​ដោយ។

កញ្ញា ធួង បាន​និយាយ​ថា៖ «ពេល​ខ្ញុំ​ហ្វឹកហាត់​ដំបូង ខ្ញុំ​ពិតជា​ខ្លាច​ណាស់ ហើយ​ខ្ញុំ​មិនអាច​ហក់លោត​ខ្ពស់ៗ​បាន​ឡើយ។ ប៉ុន្ដែ​បន្ដិច​ម្ដងៗ ខ្ញុំ​អាច​ហក់​ខ្ពស់ និង​កាន់​តែ​ខ្ពស់​ពី ១ ថ្ងៃ ​ទៅ ១ ថ្ងៃ។ ខ្ញុំ​ចំណាយពេល ៣ ខែ​ ដើម្បី​ហក់​ឡើង​ដល់​បង្គោល​ខ្ពស់»។

ការ​ហ្វឹកហាត់​រយៈពេល​ពី ២ ទៅ ៣ ម៉ោង​ក្រោយ​បញ្ចប់​ការ​សិក្សា​រៀងរាល់​ថ្ងៃ កញ្ញា​និយាយ​ថា កញ្ញា​បាន​បង្កើត​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​ក្រុម​សម្ដែង។ វា​ពិតជា​សំខាន់​ណាស់​សម្រាប់​កីឡា​ប្រភេទ​នេះ។

កញ្ញា​បាន​ប្រាប់ AFP ថា៖ «យើង​ត្រូវ​សហការ​គ្នា និង​យល់​ចិត្ដ​គ្នា។ បើ​មាន​បញ្ហា​អ្វី​កើត​ឡើង សមាជិក​ម្នាក់​ត្រូវ​ស្រែក​ប្រាប់​គ្នា​ខ្លះ។ ដូច្នេះ​យើង​អាច​កែ​សម្រួល​បាន»៕


(ប្រភពព័ត៌មាន: postkhmer)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម