Trending now

ការចូលរួមចំណែកយ៉ាងធំធេងរបស់ឧត្តមសេនីយ៍ឯកបំរុង Le Kha Phieu ក្នុងបដិវត្តកម្ពុជា

12:55 | 13/08/2020 (បកប្រែដោយ ហេងវុធ្ធី)

អតីតអគ្គលេខាបក្ស Le Kha Phieu (១៩៣១-២០២០) គឺជាថ្នាក់ដឹកនាំជាតិដែលមានភាពក្លៀវក្លាដោយបានទទួលមុខតំណែងដ៏សំខាន់ជាច្រើន ព្រមទាំងបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះបុព្វហេតុបដិវត្តវៀតណាម និងបំពេញបេសកកម្មអន្តរជាតិដ៏អស្ចារ្យផងដែរ។

អតីតអគ្គលេខាបក្សវៀតណាម លោក Le Kha Phieu និងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា

ចូលរួមយុទ្ធនាការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត - អៀងសារី ជួយប្រទេសកម្ពុជារំដោះ ជាតិ (១៩៧៩-១៩៨១)

នាឆ្នាំ ១៩៧៨ លោក Le Kha Phieu (ពីមុនជាប្រធាននយោបាយនៃកងទ័ពទី ២) ត្រូវបាន តម្លើងឋានន្តរស័កជាវរសេនីយ៍ឯក ហើយត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិមនិងក្រសួងការពារប្រទេសវៀតណាមកាន់តំណែងជាប្រធាននយោបាយនៃយោធភូមិភាគទី៩ បន្ទាប់មកលោកបានកាន់តំណែងជាអនុប្រធានផ្នែកនយោបាយនិងជាប្រធានផ្នែកនយោបាយនៅយោធភូមិភាគទី៩ ផងដែរ។ នៅដើមឆ្នាំ ១៩៧៩ ឆ្លើយតបទៅនឹងការអំពាវនាវរកជំនួយពីរណសិរ្សសាមគ្គីជាតិដើម្បីជួយសង្គ្រោះប្រទេសកម្ពុជា (ដែលបានបង្កើតឡើងនាថ្ងៃទី ២ ខែធ្នូឆ្នាំ ១៩៧៨) កងទ័ពស្ម័គ្រចិត្តវៀតណាម (មានប្រមាណ ២៥.០០០ នាក់) រួមមានកងកំលាំងទាំង ៣ អង្គភាពសំខាន់ (២ ៣ ៤) និងតំបន់យោធភូមិភាគចំនួន ៣ (៥, ៧, ៩) បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធនៃបដិវត្តនិងប្រជាជនកម្ពុជា ដើម្បីបើកការវាយប្រហារទូទៅដើម្បីផ្ដួលរំលំរបបប៉ុលពត - អៀងសារី ហើយបានរំដោះប្រទេសកម្ពុជាពីអំពើប្រល័យពូជសាសន៍និងដណ្តើមបាននូវអំណាចឡើងវិញដល់ប្រជាជនផងដែរ។

នាថ្ងៃទី ១០ ខែមករាឆ្នាំ ១៩៧៩ ក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយថា៖ លុបបំបាត់ចោលនូវរបបប្រល័យពូជសាសន៍ប៉ុលពត - អៀងសារីទាំងស្រុង ដើម្បីបង្កើតសាធារណរដ្ឋប្រជាមានិតកម្ពុជា។ នេះគឺជារយៈពេលដំបូងនៃការរំដោះជាតិ ហេតុដូច្នេះបដិវត្តកម្ពុជានៅតែប្រឈមមុខនឹងការលំបាកនិងឧបសគ្គជាច្រើនផងដែរ។ ប្រទេសនេះត្រូវបានបំផ្លាញដោយអំពើប្រល័យពូជសាសន៍ហើយស្ទើរតែអ្វីៗទាំងអស់ត្រូវកសាងឡើងវិញពីដំបូងតែម្តង។

នៅថ្ងៃទី ១៨ ខែកុម្ភះឆ្នាំ ១៩៧៩ នៅទីក្រុងភ្នំពេញ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Van Dong ក្នុងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាលោកប្រធាន ហេងសំរិន ជំនួសមុខឲ្យក្រុមប្រឹក្សាប្រជាជនបដិវត្តកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពមិត្តភាពនិងសហប្រតិបត្តិការ។ ក្នុងស្មារតីនៃកិច្ចព្រមព្រៀងនេះ ផ្នែកមួយនៃកងទ័បស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមបន្តបំពេញការងារអន្តរជាតិដើម្បីជួយប្រជាជនកម្ពុជាការពាររដ្ឋាភិបាលបដិវត្ត និងអនុវត្តការ រស់រានមានជីវិតឡើងវិញរបស់ប្រទេសជាតិ។

លោក Le Kha Phieu ត្រូវបានចាត់តាំងឱ្យទទួលបន្ទុករាល់សកម្មភាពបក្ស ការងារនយោបាយ (កុម្ភៈ ឆ្នាំ១៩៧៩ -ឧសភា ឆ្នាំ១៩៨០) ហើយបន្ទាប់មកបានកាន់តំណែងជាមេបញ្ជាការដ្ឋាន ខ្សែត្រៀមជួរមុខ (ឧសភាឆ្នាំ១៩៨០ -ឧសភា ឆ្នាំ​៥៨៨១)។ ក្នុងមុខតំណែងថ្មី លោក Le Kha Phieu និងសមូហភាពនៃទីបញ្ជាការជួរមុខ បានដឹកនាំនិងបញ្ជាកម្លាំងកងទ័ពនៃយោធភូមិភាគទី ៩ ព្រមទាំងលើកកំពស់ស្មារតីសាមគ្គីភាពអន្តរជាតិសុទ្ធសាធ និងជំនះរាល់ការលំបាកនិងបញ្ហាប្រឈមសំដៅបំពេញឲ្យបានល្អនូវភារកិច្ចសំខាន់ៗ ដែលថ្នាក់លើបានប្រគល់ជូនផងដែរ។

សមិទ្ធិផលទាំងនេះបានរួមចំណែកបង្កើតមូលដ្ឋានរឹងមាំសម្រាប់ប្រជាជនកម្ពុជាក្នុងការរៀបចំការបោះឆ្នោតរដ្ឋសភា និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ (នាខែឧសភា ឆ្នាំ១៩៨១)និងអនុម័តលើរដ្ឋធម្មនុញ្ញថ្មីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដើម្បីបំបែកអបាយមុខនិងការបមូលបង្កាច់ក៏ដូចជាការឃោសនាបំផ្លើសនៃកម្លាំងអរិភាពទាំងក្នុងនិងក្រៅប្រទេសផងដែរ។

អតីតអគ្គលេខាបក្សវៀតណាម លោក Le Kha Phieu និង លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម

ចូលរួមបញ្ជាការដ្ឋាន ៧១៩ ដឹកនាំនិងបញ្ជាកងទ័ពស្ម័គ្រចិត្តនិងអ្នកឯកទេសយោធាវៀតណាមទាំងអស់នៅកម្ពុជា (១៩៨១- ១៩៨៨)

នាខែឧសភាឆ្នាំ ១៩៨១ គណៈកម្មាធិការបក្សយោធាមជ្ឈិម បានចេញសេចក្តីសម្រេចចិត្តបង្កើតមេបញ្ជាការដ្ឋានកងទ័ពស្ម័គ្រចិត្តវៀតណាមប្រចាំនៅកម្ពុជា (មេបញ្ជាការដ្ឋាន ៧១៩) ចំណុះ ក្រសួងការពារប្រទេស ដោយបញ្ជាផ្ទាល់ដល់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដើម្បីជួយប្រទេសមិត្តកម្ពុជា; លោក Le Kha Phieu ត្រូវបានចាត់តាំងឱ្យកាន់តំណែងជាប្រធាន នយោបាយនៃមេបញ្ជាការដ្ឋាន ៧១៩។ នៅចុងឆ្នាំ ១៩៨៨ បន្ទាប់ពីកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញយោធាវៀតណាមភាគច្រើនបានដកចេញពីប្រទេសកម្ពុជាវិញ លោក Le Kha Phieu ត្រូវបានតំឡើងឋានន្តរស័កជាឧត្តមសេនីយ៍ទោនិងត្រូវបានតែងតាំងជាអនុប្រធានអគ្គសង្នការ នយោបាយនៃកងទ័ពប្រជាជនវៀតណាម។

អស់រយៈពេល ៨ ឆ្នាំ (១៩៨១-១៩៨៨) លោក Le Kha Phieu ជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំនិងឧត្តមសេនីយ៍ ដែលកាន់តំណែងដ៏សំខាន់នៃមេបញ្ជាការកងទ័ពស្មគ្រចិត្ត វៀតណាមនៅកម្ពុជា។ ហេតុដូច្នេះ គុណបំណាច់និងការចូលរួមចំណែករបស់លោកចំពោះបុព្វហេតុបដិវត្តនៅកម្ពុជានៅសម័យនេះ គឺមានជាប់ទាក់ទងនឹងការរួមចំណែកសមូហភាពរបស់មេបញ្ជាការដ្ឋាននេះ។ អាចរៀបរាប់ជាទូទៅអំពីសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយចំនួនជាអាទិ៍៖

ទី១៖ ឯកភាពលើការបញ្ជានិងដឹកនាំកងកម្លាំងប្រដាប់អាវុធវៀតណាមក្នុងការបំពេញបេសកកម្មអន្តរជាតិនៅកម្ពុជាទាក់ទងនឹងប្រតិបត្តិការនិងតស៊ូប្រយុទ្ធដើម្បីជួយប្រទេសមិត្តព្រំទាំងចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីបង្កើនកម្លាំងប្រយុទ្ធជាបណ្តើរៗ និងកម្ចាត់រាល់ការឃុបឃិតនិងឧបាយកលយោធារបស់សត្រូវក្នុងការស្ដាររបបប្រល័យពូជសាសន៍ឡើងវិញនៅកម្ពុជា។

ទី២ ជួយប្រទេសមិត្តដោយផ្ទាល់ក្នុងការកសាងការពារជាតិប្រជាជនទាំងមូល កសាងកងកម្លាំងប្រដាប់អាវុធបដិវត្ត និងរៀបចំការពារប្រទេសជាតិ។ មានផែនការសម្របសម្រួលកម្លាំងប្រដាប់អាវុធវៀតណាមនៅកម្ពុជាយ៉ាងជិតស្និទ្ធជាមួយកងកំលាំងប្រដាប់អាវុធក្នុងការប្រយុទ្ធការពារ និងសកម្មភាពផ្សេងៗទៀត។ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ននានារបស់វៀតណាម ដើម្បីជួយប្រទេសមិត្តកសាងនិងការពារកម្លាំងបដិវត្តរបស់ខ្លួន។

ទី៣- សិក្សានិងស្នើទៅភាគីកម្ពុជាអំពីបញ្ហាយុទ្ធសាស្ត្រស្តីពីសមរភូមិកម្ពុជានិងបញ្ហាពាក់ព័ន្ធរវាងសមរភូមិកម្ពុជាជាមូយនឹង សមរភូមិផ្សេងៗទៀតនៅតំបន់ឥណ្ឌូចិន។ ជួយប្រជាជនកម្ពុជាស្តារផលិតកម្ម រក្សាស្ថេរភាពជីវភាពរស់នៅ ដើម្បីធ្វើឲ្យប្រទេសរកការអភិវឌ្ឍឡើងវិញ។

ទី៤ - សហការយ៉ាងជិតស្និទ្ធជាមួយតំបន់យោធាភាគខាងត្បូង ក្នុងផែនការជំនួយគ្រប់ជ្រុងជ្រោយបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់គណបក្សបដិវត្តប្រជាជនកម្ពុជា កងកម្លាំងប្រដាប់អាវុធ រដ្ឋាភិបាលបដិវត្ត និងអង្គភាពមហាជននៅប្រទេសកម្ពុជា ដើម្បីអាចបោះជំហានជាបណ្តើរៗ ក្នុងងការបំពេញភារកិច្ចកសាងនិងការពារប្រទេសជាតិ។

ក្នុងដំណើរការបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា ដោយមិនគិតពីឋានៈណាក៏ដោយ លោក Le Kha Phieu គឺជាមនុស្សស្មោះត្រង់ចំពោះបក្ស មាតុភូមិនិងប្រជាជន។ លោកមានមនសិការល្អ និងហ៊ានលះបង់ពេញមួយជីវិតដើម្បីបំបេញកាតព្វកិច្ចរបស់ខ្លួន ដែលសក្តិសមជាបេក្ខជនស្មោះត្រង់ម្នាក់និងជាយុទ្ធជនកុម្មុយនិស្តគួរជាទីស្រឡាញ់ដ៏ខ្ពង់ខ្ពស់ផងដែរ។

អស់រយៈពេលច្រើនទសវត្សបានកន្លងផុតទៅហើយ ប៉ុន្តែការចូលរួមវិភាគទានរបស់លោក Le Kha Phieu ចំពោះលើបដិវត្តកម្ពុជា (១៩៧៩-១៩៨៩) នឹងត្រូវបានទទួលស្គាល់ជារៀងរហូតក្នុងប្រវត្តិសាស្ត្រនិងប្រជាជនកម្ពុជា ដែលរួមចំណែកដល់ការពូនជ្រំចំណងមិត្តភាពនិងសមភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងប្រជាជជាតិទាំងពីរវៀតណាម-កម្ពុជា។

ដូចពាក្យពេចន៍ដែលសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា « អតីតអគ្គលេខាបក្ស Le Kha Phieu ជាថ្នាក់ដឹកនាំដ៏វាងវៃម្នាក់ដែលបានធ្វើពលិកម្មពេញមួយជីវិត ក្នុងការតស៊ូដើម្បីឯករាជ្យរបស់វៀតណាម ព្រមទាំងសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជនវៀតណាម។ លោក Le Kha Phieu ក៏ជាមិត្តដ៏យូរអង្វែងរបស់កម្ពុជាផងដែរ ដោយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាមប៉ុណ្ណោះទេ ថែមទាំងរវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ