យុគសម័យ - ការជជែកដេញដោលដែលបានលេចឡើងក្រោយសន្និសីទ KOL ទូទាំងប្រទេសលើកទី ២ (KOL Summit 2026) បានចោទជាសំណួរជាថ្មីម្តងទៀតអំពីបន្ទាត់ព្រំដែនរវាងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការទទួលខុសត្រូវរបស់បុគ្គលដែលមានឥទ្ធិពល និងតម្រូវការកសាងក្រមស្តង់ដារនៅលើលំហបណ្តាញអ៊ីនធឺណិត។ នៅក្នុងបរិយាកាសឌីជីថល សិទ្ធិបញ្ចេញសំឡេងមិនអាចកាត់ផ្តាច់ចេញពីការទទួលខុសត្រូវចំពោះព័ត៌មានដែលត្រូវបានបង្កើតឡើង ការសាយភាយ និងផលវិបាកនានាដែលអាចកើតមានឡើងនោះឡើយ។
| វៀតណាមបញ្ចេញមតិស្តីពីនាវាចម្បាំងសហរដ្ឋអាមេរិកធ្វើដំណើរនៅប្រជុំកោះ Hoang Sa - Truong Sa របស់វៀតណាម ប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់កាំភ្លើងពិតនៅសមុទ្រខាងកើត៖ ក្រសួងការបរទេសវៀតណាមបានបញ្ចេញមតិរបស់ខ្លួន |
![]() |
| ទិដ្ឋភាពនៃសន្និសីទ KOL ទូទាំងប្រទេសលើកទី ២។ |
ពី KOL Summit 2026 ដល់ការជជែកដេញដោលអំពី «ការគ្រប់គ្រង»
ក្រោយ KOL Summit 2026 ត្រូវបានរៀបចំឡើងនៅទីក្រុង Ho Chi Minh នៅលើបណ្តាញសង្គមមួយចំនួន និងទំព័រព័ត៌មានជាភាសាវៀតណាមនៅឯបរទេស បានលេចឡើងនូវអត្ថបទនានាដែលយល់ឃើញថា បទដ្ឋានទាំងឡាយសម្រាប់បុគ្គលដែលមានឥទ្ធិពល គឺជាទម្រង់មួយនៃ «ការគ្រប់គ្រង» និង «ការបិទមាត់» អ្នកប្រើប្រាស់បណ្តាញសង្គម។
ទឡ្ហីករណ៍ស្រដៀងគ្នានេះធ្លាប់បានលេចឡើងនៅពេលដែលវៀតណាមប្រកាសឱ្យប្រើគោលនយោបាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងលំហបណ្តាញអ៊ីនធឺណិត។
កាលពីឆ្នាំ ២០១៨ ក្រោយពេលដែលរដ្ឋសភាបានអនុម័តច្បាប់សន្តិសុខសាយប័រ សំដៅទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពារសន្តិសុខជាតិ និងទិន្នន័យរបស់អ្នកប្រើប្រាស់ អង្គការ Viet Tan, RFA ជាភាសាវៀតណាម រួមជាមួយអង្គការមួយចំនួននៅក្រៅប្រទេស បានហៅច្បាប់នេះថាជា «ច្បាប់បិទមាត់ប្រជាជន» ដោយចាត់ទុកថាច្បាប់នេះប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
រហូតដល់ចុងឆ្នាំ ២០២៤ នៅពេលដែលអនុក្រឹត្យលេខ 147/2024/ND-CP ស្តីពីការគ្រប់គ្រង ការផ្តល់ និងការប្រើប្រាស់សេវាអ៊ីនធឺណិត និងព័ត៌មានលើបណ្តាញចូលជាធរមាន ដោយអនុវត្តវិធានការបច្ចេកទេសនានាសំដៅកាត់បន្ថយគណនីក្លែងក្លាយ និងព័ត៌មានមិនពិត ការរិះគន់ដែលមានទម្រង់ស្រដៀងគ្នានេះបានបន្តលេចឡើងជាថ្មី។
យោងតាមទឡ្ហីករណ៍នៃអត្ថបទដើម រាល់ពេលដែលវៀតណាមប្រកាសឱ្យប្រើប្រាស់ច្បាប់ អនុក្រឹត្យ ឬក្រមវិធានណាមួយពាក់ព័ន្ធនឹងលំហបណ្តាញអ៊ីនធឺណិត អង្គការ និងបុគ្គលមួយចំនួនតែងតែភ្ជាប់គោលនយោបាយទាំងនេះទៅនឹងការវាយតម្លៃថា វៀតណាមរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ។
ការជជែកដេញដោលនោះបានបន្តលេចឡើងជុំវិញព្រឹត្តិការណ៍ KOL Summit 2026 ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ខែកញ្ញា។
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំប្រតិភូជាង ១.០០០ នាក់ ដោយសម្ព័ន្ធទំនុកចិត្តឌីជីថល សហការជាមួយក្រុមហ៊ុនភាគហ៊ុន VCCorp រៀបចំឡើង ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងនគរបាល និងមានការចូលរួមពីនាយកដ្ឋានសន្តិសុខសាយប័រ និងបង្ការ បង្ក្រាបបទល្មើសប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ (A05) ព្រមទាំងសមាគមសន្តិសុខសាយប័រជាតិ។
នេះគឺជាវេទិកាប្រចាំឆ្នាំដែលត្រូវបានផ្តួចផ្តើមឡើងតាំងពីខែសីហា ឆ្នាំ ២០២៥ ដោយប្រមូលផ្តុំបុគ្គលដែលមានឥទ្ធិពល (KOL) សហគ្រាស ថ្នាលឌីជីថល ស្ថាប័នសារព័ត៌មាន និងស្ថាប័នគ្រប់គ្រងរដ្ឋ។
ខ្លឹមសារនៃការពិភាក្សាបានផ្តោតលើបញ្ញាសិប្បនិម្មិត (AI) ព័ត៌មានមិនពិត ការទទួលខុសត្រូវរបស់បុគ្គលដែលមានឥទ្ធិពល កម្មសិទ្ធិបញ្ញា និងការកសាងទំនុកចិត្តឌីជីថល ជាមួយនឹងសារ «Viral ដោយទឹកចិត្ត បង្កើតឥទ្ធិពលប្រកបដោយកម្រិតខ្ពស់»។
នៅក្នុងសន្និសីទនេះ សម្ព័ន្ធទំនុកចិត្តឌីជីថលបានប្រកាសកម្មវិធីកិត្តិនាម និងទំនុកចិត្តបុគ្គលដែលមានឥទ្ធិពល។
ទោះជាយ៉ាងណាក៏ដោយ អត្ថបទមួយចំនួននៅលើ RFA និងទស្សនាវដ្តី Luat Khoa បានយល់ឃើញថាកម្មវិធីនេះគឺជាឧបករណ៍ដើម្បីគ្រប់គ្រង និងឃ្លាំមើល KOL។
RFA បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ក្រសួងនគរបាលបំពាក់ “កងគាថា” នៃការច្នៃប្រឌិតមាតិកាទៅលើបណ្តា KOL» ខណៈដែលទស្សនាវដ្តី Luat Khoa ចាត់ទុកថា KOL «ត្រូវបានដាក់បញ្ចូលទៅក្នុងទ្រុងស្ថាប័នខាងផ្លូវការចាត់តាំង» និងបន្តត្រូវបានទាមទារឱ្យត្រួតពិនិត្យ និងចាប់កំហុសមតិយោបល់របស់អ្នកប្រើប្រាស់។
ចាំបាច់ត្រូវបែងចែកឱ្យច្បាស់រវាងកម្មវិធីស្ម័គ្រចិត្ត និងបទប្បញ្ញត្តិជាកំហិត
ចំណុចដែលត្រូវបញ្ជាក់ឱ្យច្បាស់នៅក្នុងការជជែកដេញដោលនេះ គឺក្រមស្តង់ដារសកម្មភាពសម្រាប់បុគ្គលដែលមានឥទ្ធិពល និងអ្នកបង្កើតមាតិកា កំណែ ១.០ ត្រូវបានកសាងឡើងតាមយន្តការស្ម័គ្រចិត្ត។
ក្រមស្តង់ដារនេះអនុវត្តចំពោះបុគ្គលទាំងឡាយណាដែលម្ចាស់ការប្តេជ្ញាចូលរួម ឬចុះឈ្មោះទទួលស្គាល់គុណវុឌ្ឍិ។ KOL ម្នាក់អាចជ្រើសរើសមិនចូលរួមក្នុងសម្ព័ន្ធទំនុកចិត្តឌីជីថល និងមិនទទួលស្លាក «ទំនុកចិត្តឌីជីថល» ក៏បាន។
ហេតុដូច្នេះហើយ ចាំបាច់ត្រូវបែងចែកឱ្យដាច់ស្រឡះរវាងកម្មវិធីកិត្តិនាម និងទំនុកចិត្តដោយស្ម័គ្រចិត្ត ជាមួយនឹងបទប្បញ្ញត្តិរដ្ឋបាលដែលមានលក្ខណៈជាកំហិត។
ទស្សនាវដ្តី Luat Khoa បានលើកយកកថាខណ្ឌ ៨.៤ មកធ្វើជាសំអាង ដែលក្នុងនោះតម្រូវឱ្យបុគ្គលដែលមានឥទ្ធិពលម្ចាស់ការរាយការណ៍ទៅកាន់ថ្នាលឌីជីថល លាក់ ឬលុបមតិយោបល់ ប្រសិនបើប៉ុស្តិ៍របស់ខ្លួនត្រូវបានភាគីទីបីកេងប្រវ័ញ្ច។
ទោះជាយ៉ាងណាក៏ដោយ យោងតាមខ្លឹមសារដែលបានលើកឡើងនៅក្នុងអត្ថបទ កាតព្វកិច្ចនេះគឺជាលក្ខខណ្ឌផ្សារភ្ជាប់ជាមួយនឹងការរក្សាស្លាកសម្គាល់ស្ម័គ្រចិត្តតែប៉ុណ្ណោះ មិនមែនជាបទប្បញ្ញត្តិច្បាប់ដើម្បីផាកពិន័យរដ្ឋបាល ឬព្រហ្មទណ្ឌនោះឡើយ។
កថាខណ្ឌ ១៩.១ ដែលត្រូវបានស្រង់មកបង្ហាញ ក៏បានកំណត់នូវទម្រង់ចាត់ការខ្ពស់បំផុត រួមមាន ការរំលឹក ការព្រមាន តម្រូវការដកចេញនូវមាតិកា ការផ្អាក ឬការដកហូតវិញ្ញាបនបត្របញ្ជាក់។
ដូចនេះ ផលវិបាកដែលត្រូវបានដាក់ចេញគឺស្ថិតនៅក្នុងក្របខ័ណ្ឌនៃយន្តការទំនុកចិត្ត មិនមែនមានន័យស្មើនឹងការជ្រៀតជ្រែកទៅលើសិទ្ធិប្រកបវិជ្ជាជីវៈ ឬសិទ្ធិបញ្ចេញមតិយោបល់របស់បុគ្គលគ្រប់រូបនោះទេ។
ការគ្រប់គ្រងមតិយោបល់នៅលើប៉ុស្តិ៍ផ្ទាល់ខ្លួនក៏មិនមែនជាបញ្ហាថ្មីដែរ។ ថ្នាលបណ្តាញសង្គមធំៗបានកសាងវិធានសហគមន៍ និងតម្រូវឱ្យម្ចាស់ប៉ុស្តិ៍ចាត់ការលើមាតិកាដែលល្មើសទាំងឡាយជាយូរមកហើយ។
ក្រមស្តង់ដារនេះ បច្ចុប្បន្នទើបតែស្ថិតនៅក្នុងកំណែ ១.០ នៅឡើយ ហើយត្រូវបានកសាងឡើងសម្រាប់វិស័យមួយដែលនៅថ្មីថ្មោងនៅឡើយ។ ដូច្នេះ ចំណុចទាំងឡាយណាដែលមិនទាន់ច្បាស់លាស់ អាចបន្តទទួលការចូលរួមមតិ កែសម្រួល និងបំពេញបន្ថែមឱ្យកាន់តែល្អប្រសើរតាមរយៈការអនុវត្តជាក់ស្តែង។
បទដ្ឋានចំពោះបុគ្គលដែលមានឥទ្ធិពល មិនមែនជារឿងដាច់ដោយឡែករបស់វៀតណាមនោះទេ
ការកសាងបទដ្ឋានសកម្មភាពសម្រាប់បុគ្គលដែលមានឥទ្ធិពល ក៏កំពុងត្រូវបានអនុវត្តនៅតាមបណ្តាប្រទេសជាច្រើនផងដែរ។
នៅប្រទេសកូរ៉េខាងត្បូង គណៈកម្មាធិការស្តង់ដារទំនាក់ទំនង (KCSC) មានសិទ្ធិអំណាចតម្រូវឱ្យដកចេញនូវមាតិកាដែលល្មើស ឬអនុវត្តការផាកពិន័យរដ្ឋបាលរហូតដល់រាប់រយលានវ៉ុន។
នៅប្រទេសសិង្ហបុរី អាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវិទ្យា (IMDA) បានប្រកាសឱ្យប្រើក្រមប្រតិបត្តិសម្រាប់អ្នកបង្កើតមាតិកា ដែលក្នុងនោះតម្រូវឱ្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុនពេលបង្ហោះផ្សាយ និងជៀសវាងការសាយភាយមាតិកាញុះញង់។
បណ្តាប្រទេសនៅអឺរ៉ុបជាច្រើន ក៏តម្រូវឱ្យបុគ្គលដែលមានឥទ្ធិពលប្រកាសជាសាធារណៈនូវមាតិកាដែលទទួលបានការឧបត្ថម្ភ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនបើចែករំលែកព័ត៌មានមិនពិត។
នៅប្រទេសវៀតណាម ច្បាប់ស្តីពីការផ្សាយពាណិជ្ជកម្ម (វិសោធនកម្ម) ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ បានកំណត់ថា បុគ្គលដែលមានឥទ្ធិពលត្រូវតែគោរពតាមច្បាប់ស្តីពីការការពារសិទ្ធិអ្នកប្រើប្រាស់ ផ្តល់ឯកសារនៅពេលស្ថាប័នមានសមត្ថកិច្ចស្នើសុំ និងទទួលខុសត្រូវចំពោះមុខច្បាប់អំពីមាតិកាផ្សាយពាណិជ្ជកម្មដែលខ្លួនបានផ្សព្វផ្សាយ។
ចេញពីទស្សនៈនេះ ក្រមស្តង់ដាររបស់សម្ព័ន្ធទំនុកចិត្តឌីជីថល ត្រូវបានដាក់ស្ថិតក្នុងនិន្នាការដ៏ទូលំទូលាយមួយ៖ កម្រិតនៃឥទ្ធិពលកាន់តែធំ ការទទួលខុសត្រូវចំពោះមាតិកាដែលត្រូវបានផ្សព្វផ្សាយក៏កាន់តែខ្ពស់ដែរ។
សិទ្ធិបញ្ចេញសំឡេងតែងតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ
បញ្ហាសំខាន់មួយដែលចាំបាច់ត្រូវបែងចែកឱ្យច្បាស់ គឺការគ្រប់គ្រងមិនមែនមានន័យស្មើនឹងការហាមឃាត់នោះឡើយ។
នៅក្នុងសង្គមនីតិរដ្ឋ បុគ្គលគ្រប់រូបមានសិទ្ធិបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន ផ្តល់យោបល់រិះគន់គោលនយោបាយ និងលើកឡើងនូវទស្សនវិស័យខុសៗគ្នា។ ទោះជាយ៉ាងណាក៏ដោយ សិទ្ធិសេរីភាពនៃការបញ្ចេញមតិ មិនមែនមានន័យថារាល់ការថ្លែងមតិទាំងអស់ សុទ្ធតែអាចកាត់ផ្តាច់ចេញពីការទទួលខុសត្រូវនោះឡើយ។
ព័ត៌មានមិនពិត មាតិកាមូលបង្កាច់ ឬការថ្លែងមតិដែលបង្កឱ្យមានផលវិបាក សុទ្ធសឹងតែចោទជាតម្រូវការអំពីការទទួលខុសត្រូវរបស់អ្នកបង្កើត និងអ្នកសាយភាយព័ត៌មាន។
សេរីភាពអនុញ្ញាតឱ្យបុគ្គលម្នាក់ៗបញ្ចេញសំឡេង រីឯការទទួលខុសត្រូវកំណត់នូវកាតព្វកិច្ចចំពោះអ្វីដែលត្រូវបានថ្លែងចេញ និងផ្សព្វផ្សាយ។
ហេតុដូច្នេះហើយ កត្តាទាំងពីរនេះមិនរុញច្រានគ្នាទៅវិញទៅមកនោះឡើយ ប៉ុន្តែចាំបាច់ត្រូវដើរទន្ទឹមគ្នា ជាពិសេសនៅក្នុងបរិយាកាសឌីជីថល ដែលមាតិកាមួយអាចសាយភាយទៅកាន់អ្នកប្រើប្រាស់យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលដ៏ខ្លីបំផុត។
ចំពោះ KOL និងអ្នកបង្កើតមាតិកា ឥទ្ធិពលកាន់តែធំ មានន័យស្មើនឹងផលប៉ះពាល់ដល់សង្គមកាន់តែខ្លាំង។ ដូច្នេះ ការកសាងបទដ្ឋានវិជ្ជាជីវៈ តម្រូវការត្រួតពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាន ការគោរពច្បាប់ និងការទទួលខុសត្រូវចំពោះមាតិកា មិនអាចត្រូវចាត់ទុកដោយឯកឯងថាជាការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិនោះឡើយ។
ចេញពីការជជែកដេញដោលជុំវិញ KOL Summit 2026 អ្វីដែលចាំបាច់គឺការមើលឃើញយ៉ាងច្បាស់នូវភាពខុសគ្នារវាងកម្មវិធីទំនុកចិត្តដោយស្ម័គ្រចិត្ត ជាមួយនឹងវិធានការបង្ខិតបង្ខំតាមផ្លូវច្បាប់ រវាងការគ្រប់គ្រងជាមួយនឹងការហាមឃាត់ និងរវាងសិទ្ធិបញ្ចេញទស្សនៈជាមួយនឹងការទទួលខុសត្រូវចំពោះព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។
នៅក្នុងយុគសម័យឌីជីថល លទ្ធភាពនៃការទទួលបាន និងការសាយភាយព័ត៌មានកាន់តែធំធេងឡើង។ កត្តានេះបានពង្រីកលំហសម្រាប់សេរីភាពនៃការបញ្ចេញមតិ ព្រមទាំងធ្វើឱ្យការទទួលខុសត្រូវចំពោះរាល់ការថ្លែងមតិកាន់តែមានសារៈសំខាន់ខ្លាំងឡើងផងដែរ។
ហេតុដូច្នេះហើយ ការកសាងបរិយាកាសឌីជីថលប្រកបដោយភាពបរិសុទ្ធ មិនត្រឹមតែជារឿងរបស់ស្ថាប័នគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារនូវការទទួលខុសត្រូវពីថ្នាលឌីជីថល សហគ្រាស បុគ្គលដែលមានឥទ្ធិពល និងអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ៗផងដែរ។
| ចេញពីការអនុវត្តជាក់ស្តែងបង្ហាញថា រាល់ឋចពេលដែលវៀតណាមប្រកាសឱ្យប្រើប្រាស់គោលនយោបាយគ្រប់គ្រងលំហបណ្តាញអ៊ីនធឺណិត មិនថាជាច្បាប់ អនុក្រឹត្យ ឬក្រមវិធានស្ម័គ្រចិត្តណាមួយឡើយ បណ្តាមុខសញ្ញាប្រឆាំងបំផ្លិចបំផ្លាញតែងតែប្រើប្រាស់រូបមន្តដដែលៗឡើងវិញ៖ ការបិទស្លាក ការទម្លាក់កំហុស ការអំពាវនាវឱ្យមានការជ្រៀតជ្រែកពីខាងក្រៅ ដោយប្រែក្លាយគោលនយោបាយនីមួយៗឱ្យទៅជាលេសសម្រាប់ទឡ្ហីករណ៍ «វៀតណាមគ្មានសេរីភាពនៃការបញ្ចេញមតិ»។ នៅក្នុងសង្គមនីតិរដ្ឋ សិទ្ធិសេរីភាពនៃការបញ្ចេញមតិតែងតែដើរទន្ទឹមគ្នាជាមួយនឹងការទទួលខុសត្រូវ៖ បុគ្គលគ្រប់រូបមានសិទ្ធិបញ្ចេញទស្សនៈនយោបាយផ្ទាល់ខ្លួន ផ្តល់យោបល់រិះគន់គោលនយោបាយ លើកឡើងនូវទស្សនវិស័យពហុវិមាត្រ ប៉ុន្តែសិទ្ធិនោះមិនរាប់បញ្ចូលសិទ្ធិក្នុងការផ្សាយព័ត៌មានមិនពិត មូលបង្កាច់ ឬបង្កផលវិបាកដោយមិនចាំបាច់ទទួលខុសត្រូវនោះឡើយ៕ |
|
យុគសម័យ - នាល្ងាចថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ នៅវិមានរដ្ឋសភា គណៈប្រតិភូវៀតណាមបានចូលរួមវេទិកាសភានៅជាប់វេទិកានយោបាយកម្រិតខ្ពស់ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅអង្គការសហប្រជាជាតិ (HLPF) តាមទម្រង់អនឡាញ។ Chiều ngày 12/7/2021, tại tòa nhà Quốc hội, Đoàn đại biểu Việt Nam đã tham dự Diễn đàn Nghị viện bên cạnh Diễn đàn Chính trị cấp cao về Phát triển bền vững tại Liên hợp quốc (HLPF) trực tuyến. |
|
នាព្រឹកថ្ងៃទី ២៧ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញរបស់អចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន ខេត្តក្រុងនានា ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងឆ្នាំ ២០២៣។ |

មតិពីមិត្តអ្នកអាន