Trending now

វៀតណាមចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃចលនាមិនចូលបក្សសម្ព័ន្ធ

15:52 | 24/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៣ ខែតុលា នៅរដ្ឋធានី Baku កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ លោក Elmar Mammadyarov រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Nguyen Quoc Dung (រូបថត៖ TTXVN)

ថ្លែងក្នុងពិធីបើក រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក Elmar Mammadyarov បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់ចលនាក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិហើយលោកក៏សង្កត់ធ្ងន់ថាចលនានេះគួរតែបន្តផ្លាស់ប្តូរថ្មីថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការនិងឆន្ទះរបស់បណ្តាប្រទេសជាសមាជិក។

កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ក៏ដូចជាសម្រេចការងារត្រៀមរៀបចំសម្រាប់កិច្ចប្រ ជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៨។ ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក​ Nguyen Quoc Dung បានដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Nguyen Quoc Dung បានអះអាងថាចលនាមិនចូលបក្សសម្ព័ន្ធដែលមានប្រទេសសមាជិកចំនួន ១២០ ដែលជាកម្លាំងនយោបាយដ៏សំខាន់ និងសំលេងយ៉ាងខ្លាំងក្លាមួយ ក្នុងការការពារផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកក៏សង្កត់ធ្ងន់ថា ចលនានេះគប្បីបង្កើនចំណងសាមគ្គីភាព និងមូលដ្ឋានគ្រឹះសំខាន់ៗផ្សេងទៀត ដើម្បីជួយឲ្យចលនានេះបន្តជាក្បាលម៉ាស៊ីនក្នុងការលើកកម្ពស់នូវពុហភាគីនិយម និងលើកតម្កើងការគោរពច្បាប់អន្តរជាតិ។

លោក Nguyen Quoc Dung បានអះអាងថារួមជាមួយបណ្តាប្រទេសជាសមាជិកក្នុងអាស៊ាន វៀតណាមខិតខំកប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍មួយ ប្រកបដោយសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍន៍ ។ ក៏ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ជាពិសេសគឺការរំលោភបំពានលើសិទ្ធិអធិបតេយ្យភាពនិងសិទ្ធិយុត្តាធិការលើដែនសមុទ្ររបស់ វៀតណាម ដែល បានកំណត់តាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ ក្នុងបរិបទនោះ វៀតណាមបានអំពាវនាវដល់បណ្តាប្រទេសជាសមាជិកនៃចលនាមិនចូលបក្សសម្ព័ន្ធនានាក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការរក្សាសុខសន្តិភាព សន្តិសុខនិងស្ថិរភាពនៅក្នុងតំបន់ផងដែរ។

គួរជម្រាប់ថា កិច្ចប្រជុំកំពូលចលនាមិនចូលបក្សសម្ព័ន្ធលើកទី ១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ដល់ ២៦ ខែតុលា នៅអគារមជ្ឈមណ្ឌលរដ្ឋសភា Baku ទីក្រុង Baku ប្រទេសអាហ្សែបែហ្សង់៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់ក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ទំនាក់ទំនងវៀតណាម - ឥណ្ឌា ឈានដល់កម្រិតកម្ពស់ថ្មី
ការផ្លាស់ប្តូររវាងប្រជាជន វប្បធម៌ និងទេសចរណ៍ ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-ឥណ្ឌា
ទំព័រសៀវភៅតភ្ជាប់មិត្តភាពវៀតណាម – អាស៊ែបៃហ្សង់
មហោស្រពតន្ត្រីរំលឹកខួបលើកទី ៧៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - ប៉ូឡូញ
សន្និសីទកំពូលអាស៊ានលើកទី ៤៨៖ រួមគ្នាឆ្ពោះទៅកាន់អនាគតរួម