Trending now

អ្នកសារព័ត៌មានវៀតណាមនិងអ្នកសារព័ត៌មានពីប្រទេស CLMV មួយក្រុម បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីបច្ចុប្បន្នភាពនៃការវិវឌ្ឍរីកចម្រើន នៅប្រទេសថៃ

21:43 | 17/06/2019 (សរុបដោយវិច្ឆិកា)

យុគសម័យ - អ្នកសារព័ត៌មានមួយក្រុមដែលមកពី ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV) បានធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ អំពីបច្ចុប្បន្នភាពនៃការវិវឌ្ឍរីកចម្រើន នៅទីក្រុងបាងកក និងក្រុងប៉ាតាយ៉ា ប្រទេសថៃ ក្នុងរយៈពេល៥ថ្ងៃ (១០-១៤ មិថុនា ឆ្នាំ២០១៩) ដោយមានការសម្របសម្រួលពីខាងការិយាល័យសន្និបាត និងពិព័ណ៌ថៃ (TCEB) ដែលជាអង្គការសាធារណៈមួយ របស់ភាគីម្ចាស់ផ្ទះថៃ និងមានការគាំទ្រដំណើរទស្សនកិច្ចពីដៃគូរនៃក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways និងក្រុមហ៊ុនមួយចំនួនទៀត ។

អ្នកសារព័ត៌មានមួយក្រុមដែលមកពី ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)

បើតាមអ្នករៀបចំពី TCEB បានឲ្យដឹងថា ដំណើរទស្សនកិច្ចបែបនេះ ត្រូវបានគេឲ្យឈ្មោះថា ដំណើរទស្សនកិច្ចអមដោយកិច្ចប្រជុំ, ការលើកទឹកចិត្ត, សន្និសិទ, និងពិព័ណ៌ (MICE) ។ ហើយដំណើរទស្សនកិច្ចពេលនេះ គឺមានខាងភាគីកម្ពុជា ៦នាក់, ឡាវ ៥នាក់, មីយ៉ាន់ម៉ា ៥នាក់, និងវៀតណាម៥នាក់។

តំណាង TCEB បានឲ្យដឹងទៀតថា នេះជាដំណើរទស្សនកិច្ចលើកទីមួយ សម្រាប់អ្នកសារព័ត៌មាន CLMV ដែលនឹងបានរៀនសូត្រពីបទពិសោធន៍ នៃការវិវឌ្ឍរីកចម្រើន នៅក្រុងបាងកក ប៉ាតាយ៉ា និងលក្ខណៈទូទៅនៅប្រទេសថៃ ដែលជាគោលដៅ សម្រាប់ទេសចរណ៍ ឬដំណើរទស្សនកិច្ច MICE ។ ហើយក៏ដើម្បីជម្រុញឲ្យកាន់តែមានភាពរឹងម៉ាំនូវចំណងមិត្តភាព នៃការអញ្ជើញមកដល់របស់អ្នកសារព័ត៌មាន CLMV ដើម្បីបានសិក្សាផ្លាស់ប្ដូរនូវបទពិសោធន៍គ្នា ផងដែរ ។

ចំពោះលោកស្រី នីចាប៉ា យ៉ូសវី (Nichapa Yoswee) នាយករង TCEB បានមានប្រសាសន៍នៅក្នុងសន្និសិតសារព័ត៌មាន នាថ្ងៃទទួលស្វាគមន៍ប្រតិភូថា៖ យើងមានកិត្តិយស ក្នុងការរៀបចំដំណើរទស្សនកិច្ច សម្រាប់អ្នកសារព័ត៌មាន ដែលជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្ររបស់ TCEB ដើម្បីរក្សានិងបង្ហាញនូវភាពរឹងម៉ាំរបស់ប្រទេសថៃ ក្នុងចំណោមអ្នកធ្វើដំណើរទស្សនកិច្ច MICE មកពីប្រទេសនៃសមាជិក CLMV ដែលជាទីផ្សារដ៏គួរឲ្យកត់សម្គាល់ ដែលកំពុងមានការកើនឡើង នៃការអញ្ជើញមកដល់របស់អ្នកដំណើររហូតដល់ទៅ ២០៦% កាលពីឆ្នាំ២០១៨កន្លងទៅនេះ ។ ហើយឆ្នាំ២០១៩នេះ TCEB បានជ្រើសរើសយកទីក្រុងបាងកក និងប៉ាតាយ៉ា ជាគោលដៅដ៏សំខាន់សម្រាប់បង្ហាញ ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូររីកចម្រើននូវរាលសមិទ្ធផលថ្មីៗ សម្រាប់ MICE អន្តរជាតិ ។

ក្នុងនោះលោក Varong Israsena Na Ayudhya ជានាយករងផ្នែកលក់ នៃក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways បានមានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways ពិតជាមានសេចក្ដីត្រេចអរ សម្រាប់ការចាប់ដៃគូរជាមួយ TCEB ក្នុងការរៀបចំដំណើរទស្សនកិច្ចជូនដល់ប្រតិភូអ្នកសារព័ត៌មាន តាមរយៈការគាំទ្រសម្រាប់ការស្នាក់នៅ និងការធ្វើដំណើរ​។ ទាំងនេះ គឺបានបង្ហាញយ៉ាងច្បាស់ អំពីភាពទំនាក់ទំនងល្អរបស់យើង ជាមួយប្រទេស CLMV។ ហើយយើងមានសង្ឃឹមយ៉ាងមុតម៉ាំថា ដំណើរទស្សនកិច្ចនេះ នឹងជួយជម្រុញឲ្យមានការផ្សព្វផ្សាយអំពីប្រទេសថៃផងដែរ ។

នៅក្នុងជំនួបជាមួយលោកអភិបាលរងក្រុង និងលោកទីប្រឹក្សានៃទីក្រុងប៉ាតាយ៉ា បានឲ្យក្រុមប្រតិភូដឹងថា សាលាក្រុងប៉ាតាយ៉ា គឺជាស្ថាប័នរដ្ឋបាលមូលដ្ឋានមួយ ដែលមានយុត្តាធិការគ្រប់គ្រាន់ ក្នុងដែនសមត្ថកិច្ច នៃអំណាចច្បាប់របស់ខ្លួន ក្នុងការរៀបចំ ដឹកនាំ សម្របសម្រួល និងអភិបាលកិច្ច ក្នុងការរៀបចំ ចូលរួមអភិវឌ្ឍទីក្រុងមួយនេះ ឲ្យមានការវិវឌ្ឍរីកចម្រើនប្រកបដោយភាពវៃឆ្លាត ឈានឆ្ពោះទៅរកនិរន្តរភាពយ៉ាងពិតប្រាកដមួយ បច្ចុប្បន្នទីក្រុងមួយនេះ បាននិងកំពុងខិតខំបន្តនូវផែនការយុទ្ធសាស្ត្រនៃទីកំណើតរបស់ «Neo-Pattaya» ក្នុងការផ្ដួចផ្ដើមប្រកបដោយភាពវិជ្ជមាន ស្របជាមួយនិងសក្តានុពលរបស់ទីក្រុង ដើម្បីទទួលស្វាគមន៍ទាំងអ្នកធ្វើដំណើរជាភ្ញៀវទេសចរ និងអ្នកជំនួញ/ធុរកិច្ច ។ បច្ចុប្បន្នក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការឆ្លើយតបនូវរាល់តម្រូវការនានា ជាមួយនិងទីក្រុងឆ្លាតវៃ (Smart City) កិច្ចការបរិស្ថាន ទាំងតាមឆ្នេសមុទ្រ និងទីក្រុង/ជនបទ គឺជាយន្ដការដ៏គន្លឹះមួយ សម្រាប់ការមកដល់នៃភ្ញៀវទេសចរ និងអ្នកជំនួញ/ធុរកិច្ច ដែលរាប់បញ្ចូលទាំងបរិស្ថានឆ្លាតវៃ, មនុស្សឆ្លាតវៃ, ការរួមរស់ជាមួយគ្នាប្រកបដោយភាពឆ្លាតវៃ, អភិបាលកិច្ចប្រកបដោយភាពវៃឆ្លាត, ការរស់នៅនិងធ្វើដំណើរ/ដឹកជញ្ជូនប្រកបដោយភាពវៃឆ្លាត និងសុខសុវត្ថិភាព ផងដែរ ។

ក្នុងរយៈពេល ៥ថ្ងៃនេះ ប្រតិភូ CLMV បានធ្វើដំណើរទស្សនកិច្ចសិក្សា នៅក្រុងទាំងពីរនោះ គឺក្រៅពីបានជួបបណ្ដាវាគ្មិនពាក់ព័ន្ធសំខាន់ៗ, ពីក្រុមធុរកិច្ច, និងតំណាងរដ្ឋបាលក្រុង, ចូលរួមប្រជុំ/សន្និសិត គឺប្រតិភូបានទស្សនកិច្ចសិក្សាស្វែងយល់ អំពីវិស័យឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ/រីស័ត, សាលសន្និសិតខ្នាតធំៗ, ផ្សារទំនើប, ភ្លក់មុខម្ហូបអាហារ, ទស្សនាឧទ្យាន, វត្តអារ៉ាម, សារមន្ទីរ, សហគមន៍កែឆ្នៃដូង, មាត់និងឆ្នេសមុទ្រ, ដងទន្លេចៅប្រាយ៉ា, សិល្បៈ និងវប្បធម៌ផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន
ពង្រឹងកិច្ចសហប្រតិបត្តិការនិងជម្រះទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជា
មោទនភាពក្នុងនាមជាអ្នកសារព័ត៌មានយុទ្ធជន
ការប្រកួតបាញ់កាំជ្រួចអន្ដរជាតិបានផ្ដល់អារម្មណ៍ដ៏អស្ចារ្យ និងពិបាកពិពណ៌នាដល់ទស្សនិកជន