Trending now

សិល្បៈល្ខោនអាយ៉ងរបស់ជនជាតិ Tay

21:53 | 19/08/2019 (ប្រភព៖ vovworld.vn)

ការសម្តែងល្ខោនអាយ៉ង គឺជាសិល្បៈដ៏វិសេសវិសាលនៃវប្បធម៌ជនជាតិ Tay។ ល្ខោនអាយ៉ង តែងតែត្រូវបានប្រជាជនជាជនជាតិ Tay គេសម្តែងនាឱកាសដើមឆ្នាំ ចំទៅនឹងពិធីបុណ្យ Long tong (ដែលអ្នកស្រុកគេហៅថាពិធីចុះស្រែ) ដោយមានគោលបំណងនាំមកនូវភាពរីករាយនិងបង្ហាញពីបំណងប្រាថ្នា ទទួលបានរដូវបង្កបង្កើនផល ជីវភាពរស់នៅប្រកបដោយភាពសុខសាន្តត្រាន។ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈការសម្តែងល្ខោនអាយ៉ងនេះ ក៏បានបង្ហាញពីភាពឧស្សាហ៍ព្យាយាមសិក្សារៀនសូត្ររបស់ប្រជាជនទៀតផង។

ល្ខោនអាយ៉ងនៅភូមិ Tham Roc ឃុំ Binh Yen និងឃុំ Dong Thinh ស្រុក Dinh Hoa ខេត្ត Thai Nguyen (រូបថតៈ dantocmiennui)

ល្ខោនអាយ៉ងរបស់ប្រជាជនជនជាតិ Tay ត្រូវបានគេប្រទះឃើញនៅតាមកន្លែងជាច្រើនដែលល្បីល្បាញជាងគេគឺល្ខោនអាយ៉ងនៅភូមិ Tham Roc, ឃុំ Binh Yen និងភូមិ Ru Nghe ឃុំ Dong Thinh ស្រុក Dinh Hoa ខេត្ត Thai Nguyen។ នេះជាវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនជាជនជាតិ Tay ដែលមានអាយុកាលជាងពីររយឆ្នាំមកហើយ និងនៅតែគង់វង្សរហូតដល់សព្វថ្ងៃ។ ក្រុមគ្រួសារត្រកូល Ma Quang ដែលបានឆ្លងកាត់រយៈពេល ១៣ ឆ្នាំសម្តែងសិល្បៈល្ខោនអាយ៉ង ហើយត្រកូលនេះ នៅតែរក្សានិងមរត៌កអោយជំនាន់ក្រោយ។ យោងតាមលោក Ma Quang Nhanh មេត្រកូល Ma Quang បានអោយដឹងថា អាយ៉ងទាំងនេះមានអាយុកាល ២០០ ឆ្នាំមកហើយនៅតែត្រូវបានក្រុមគ្រួសាររបស់លោកអភិរក្សនៅឡើយ។ នាគ្រាដំបូង អាយ៉ងមានត្រឹមតែ ៦ នាក់ប៉ុណ្ណោះបន្ទាប់មកមានអាយ៉ងប្រុសនិងស្រី ២ នាក់ទៀត ហើយឆ្លងកាត់ពេលវេលា អាយ៉ងបានវិវត្តទៅ ១២ ហើយទៅជា៣៣ ដូចសព្វថ្ងៃនេះ។

លោក Ma Quang Nhanh បានសំណេះសំណាលថា៖ “ប្រសិនបើយើងនិយាយអំពីប្រវត្តិល្ខោនអាយ៉ងរបស់ត្រកូលយើងខ្ញុំនោះ យើងគឺជាមនុស្សជំនាន់ក្រោយ ហើយក្រុមសម្តែងអាយ៉ងរបស់យើងត្រូវបានបង្កើតឡើងវិញតាំងពីឆ្នាំ ២០០០ មកម្លេះ។ ឥឡូវនេះយើងមានវ័យចណាស់ហើយបានដល់ពេលដែលត្រូវមរត៌កសិល្បៈអាយ៉ងនេះដល់កូន ចៅជំនាន់ក្រោយហើយ”។

លក្ខណៈវិសេសវិសាលនៃសិល្បៈសម្តែងល្ខោនអាយ៉ងគឺកើតចេញពីវិធីផលិតតួអង្គអាយ៉ង ។ វត្ថុធាតុដើមសម្រាប់ធ្វើតួអង្គអាយ៉ង គឺជាប្រភេទរុក្ខជាតិមួយមានច្រើននៅលើភ្នំ ដែលអាចងាយស្រួលក្នុងការច្នៃផងនិងមិនងាយកណ្តៀរស៊ីទេ។ តួអង្គអាយ៉ងភាគច្រើនធ្វើត្រាប់តាមរូបភាពនៃរូបតុក្កតារបស់ស្តេច បុរសវ័យចំណាស់និងសត្វ។ ដើម្បីផលិតតួអង្គអាយ៉ងដែលទំហំមធ្យម សិប្បករត្រូវចណាយពេលវេលាពី ២ ទៅ ៣ ថ្ងៃ ដោយឆ្លងកាត់ដំណាក់កាលដូចជាការជ្រើសរើសវត្ថុធាតុដើម ធ្វើរូបរាងដោយដៃ (នេះជាដំណាក់កាលមួយដែលទាមទារភាពប៉ិនប្រសប និងត្រូវការពេលវេលាច្រើនបំផុត) បន្ទាប់មក ហាលអោយស្ងួត លាបពណ៌និងដេរសម្លៀកបំពាក់សម្រាប់តួអង្គនីមួយៗ។ យ៉ាងណាមិញ ដំណាក់កាលសំខាន់បំផុតគឺជ្រើសរើសប្រភេទ ឈើដើម្បីច្នៃរូបរាងអាយ៉ងតែម្តង។

លោក Ma Quang Nhanh បានបន្ថែមថា៖ “លក្ខណៈដំបូងបង្អស់ ឈើត្រូវតែមានចរិតស្រាលហើយត្រូវតែរឹងមាំ ដូច្នេះក្រុមសម្តែងល្ខោនអាយ៉ងយើងខ្ញុំ តែងតែជ្រើសរើសប្រភេទឈើដែលមានឈ្មោះថា “ Thung muc”។ យើងខ្ញុំបានច្នៃរូបរាងអាយ៉ងដោយមិនឆ្លងកាត់ការបណ្តុះបណ្តាលអំពីការឆ្លាក់ណាមួយឡើយ។ ថ្វីត្បិតតែក្រុមគ្រួសាររបស់ខ្ញុំប្រកបមុខរបរជាងឈើ មែន ប៉ុន្តែការច្នៃរូបរាងអាយ៉ងក៏ត្រូវតែមានទេពកោលសល្យផង ហើយត្រូវមានភ្នែកវាងវៃទៀតផង ដើម្បីឆ្លាក់បានរូបរាងអាយ៉ង”។

ការសម្តែងល្ខោនអាយ៉ង នៅភូមិ Tham Roc ឬត្រូវបានគេហៅថាជាល្ខោនអាយ៉ងដំបងឈើផងដែរ ពីព្រោះតួអង្គអាយ៉ងភាគច្រើននៅទីនេះត្រូវបានបញ្ជាដោយដំបង ឈើ បន្ទោះឫស្សី ភ្ជាប់នឹងដងខ្លួន ក្បាលដៃនិងជើងនៃតួអង្គ។ ខណៈពេលដែលបុរសជាអ្នកបញ្ជាអាយ៉ងគឺនារីក្នុងភូមិច្រៀងផងនិងបញ្ចូលសម្លេងសម្រាប់តួអង្គ។ ពេលខ្លះ មនុស្សត្រូវដើរតួ ពី ៣ ទៅ ៤ តួអង្គក្នុងពេលតែមួយក៏មានដែរ។ ឧបករណ៍សម្រាប់សម្តែងរបាំអាយ៉ងគឺសាមញ្ញណាស់ រួមមាន រនាំងមួយធ្វើជាឆាក អាយ៉ងមួយឈុតប្រហែលមានចំនួន ១៣ បន្ថែមហ្គីតា និងខ្លុយមួយចំនួនទៀត។ ទាំងអស់នេះ លាយបញ្ចូលគ្នាដើម្បីបង្កើតឡើងរឿងល្ខោនមួយទាក់ទាញអ្នកទស្សនា។ លោក Ma Khac Dung សិល្បៈករសម្តែងអាយ៉ងមួយរូប បានសំណេះសំណាលថា៖“ខ្ញុំបានសម្តែងល្ខោនអាយ៉ងអស់រយៈពេល ១៨ ឆ្នាំហើយ ប៉ុន្តែខ្ញុំនៅតែស្រឡាញ់របរនេះណាស់។ ការសម្តែងរបាំអាយ៉ងដែលពិបាកបំផុតគឺរបៀបសម្តែងអោយប៉ិនប្រសប់។ គ្រាដំបូង គឺត្រូវចំណាយពេលច្រើនឆ្នាំដើម្បីរៀន។ ឥឡូវនេះ ខ្ញុំសង្ឃឹមថាក្មេងៗជំនាន់ក្រោយនឹងបន្តរៀនរបៀបសម្តែងអាយ៉ង ដើម្បីទុកជាមរត៌កអោយ កូនចៅជំនាន់ក្រោយ”។

នៅក្នុងការសម្តែងមួយឈុតតែងតែមានអ្នកសិល្បៈឈរនៅក្រោយឆាក វាយស្គរឬដឹកនាំសាច់រឿង បញ្ជាក់អោយឈុតសម្តែងនីមួយៗ។ ពួកគេ បានបង្កើតបរិយា កាសរស់រវើកនៅក្នុងការសម្តែងផងដែរ។ តាំងពីបានទស្សនាការសម្តែងមក ទស្ស និកជនតែងតែកោតសរសើរពីភាពប៉ិនប្រសប់របស់សិប្បករភូមិ Tham Roc ដែលបានប្រែក្លាយដំបងដ៏សាមញ្ញទៅជាមានលក្ខណៈរស់រវើក។

ក្នុងឈុតសម្តែងឈុតអាយ៉ងនីមួយៗ តែងតែបង្កើតការភ្ញាក់ផ្អើល ភាពទាក់ទាញក៏ដូចជាចំណាប់អារម្មណ៍របស់ទស្សនិកជនជាច្រើន ដែលរួមចំណែកបង្ហាញពីអត្តសញ្ញាណវប្បធម៌របស់ប្រជាជនជនជាតិ Tay ផងដែរ៕


(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR