ឆ្នាំនេះអាកាសធាតុអំណោយផលប្រជាកសិករសម្រុកញាប់ដៃជើងចុះដាំដុះស្រូវវស្សារដូវកាលថ្មី។
វាលស្រែមួយបានភ្ជួររាស់ដីរួចហើយ។
កសិករឈ្មោះលី រស្មី រស់នៅក្នុងភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា រដូវដាំដុះស្រូវឆ្នាំនេះមានទឹកភ្លៀងធ្លាក់រាយប៉ាយជាហូរហែតាមរដូវកាលនេះជាហេតុនាំអោយកសិករសម្រុកលើការងារបង្កបង្កើនផលដំណាំស្រូវបានល្អ និងទាន់ពេលវេលា។
ឆ្នាំនេះលោកធ្វើស្រែមិនខុសពីកន្លងមកទេលើផ្ទៃដីចំនួន៤ហិកតា រួមមានពូជសែនក្រអូប ឬពូជនាងខុនជាដើម។ នៅក្នុងភូមិសាស្ត្រដាំដុះស្រូវរបស់លោកគឺសង្ឃឹម និងពឹងផ្អែកទាំងស្រុងទៅលើទឹកភ្លៀង ដែលក្នុងឆ្នាំកន្លងទៅមេឃរាំងខ្លាំងស្រូវមិនហុចផលល្អឡើយដោយក្នុង១ហិកតាបានផលត្រឹមតែជាង២តោនប៉ុណ្ណោះ ប៉ុន្តែបើមានភ្លៀងធ្លាក់ច្រើនគ្រប់គ្រាន់ស្រូវហុចផលក្នុង១ហិកតាពី៤តោន ទៅជាង៤តោនឯណោះ។
លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានលើកឡើងដែរថា ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០នេះទឹកភ្លៀងបានធ្លាក់ស្រោចស្រពរាយប៉ាយស្ទើរគ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបង។ ទឹកភ្លៀងធ្លាក់ជាបន្តបន្ទាប់នេះដែរបានបង្កលក្ខណះយ៉ាងល្អប្រសើរសំរាប់បងប្អូនប្រជាកសិករបានត្រៀមខ្លួនជាមុន និងត្រៀមឧបករណ៍ សម្ភារះជាស្រេចបានទាន់ពេលវេលាដើម្បីចុះដាំដុះ។
របាយការណ៍បង្កបង្កើនផលស្រូវរដូវវស្សាប្រចាំឆ្នាំ២០២០ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តបានបង្ហាញដែរថា ការងារដាំដុះស្រូវរដូវវស្សារបស់ប្រជាកសិករឆ្នាំនេះសម្រេចបាន លើផ្ទៃដីសរុបចំនួន១៤,៨១៨ហិកតា នៃផែនការចំនួន៣២៣.២០០ហិកតា ក្នុងនោះស្រូវស្រាលបានចំនួន១២,១៣៥ហិកតា ស្រូវកណ្តាលចំនួន៦២៣ហិកតា និងស្រូវធ្ងន់កសិករធ្វើបានសរុបចំនួន១,៨៩៩ហិកតា៕
(ប្រភពព័ត៌មាន: rasmeinews.com)