ចាប់ពីថ្ងៃទី ០៦ ខែកក្កដា សាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) បានរៀបចំបើកវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” ក្នុងរយៈពេល ១០ ថ្ងៃសម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌទាំង ២០៣ រូបនៅទូទាំងប្រទេស ដោយមានគោលបំណងសំខាន់ក្នុងការធានាឱ្យថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ក្រសួងមហាផ្ទៃកម្ពុជារៀចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ” ដល់បណ្ដារដ្ឋបាលក្រុង ស្រុក ខណ្ឌ
លោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន (NASLA) និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល ក្រសួងមហាផ្ទៃបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះគឺជាវគ្គទី ១ ដែលមានសិក្ខាកាមចូលរួមប្រមាណ ១៣០ នាក់។ ប៉ុន្តែការបណ្ដុះបណ្ដាលនឹងត្រូវធ្វើឡើងសរុបចំនួន ៣ វគ្គដោយតម្រូវឲ្យថ្នាក់ដឹកនាំពីស្រុកនីមួយៗចំនួន ២ រូបចូលរួមគឺអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុក។ បើគិតពីចំនួនថ្នាក់ដឹកនាំស្រុកសរុបដែលនឹងទទួលវគ្គបណ្ដុះបណ្ដាលនេះគឺមានចំនួន ៤០៦ នាក់មកពីក្រុង ស្រុក ខណ្ឌទាំង ២០៣ នៅទូទាំងប្រទេស។
លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយនៃផែនការបណ្ដុះបណ្ដាលរបស់ក្រសួងមហាផ្ទៃក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍសមត្ថភាពរយៈពេល ៥ ឆ្នាំពីឆ្នាំ ២០១៩ ដល់ ២០២៣។ ការបណ្ដុះបណ្ដាលនេះក៏ធ្វើឡើងដោយសារក្រសួងមហាផ្ទៃទើបបានធ្វើសមាហរណកម្មនៅថ្នាក់ស្រុក ដែលធ្វើឲ្យថ្នាក់ស្រុកមានទំហំការងារកាន់តែធំ។
លោក សូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងខេត្តសៀមរាបដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះថ្លែងថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះរូបលោក និងថ្នាក់ដឹកនាំស្រុកដទៃទៀតទទួលបានមេរៀន និងបទពិសោធថ្មីៗសម្រាប់មុខងារបន្ថែមដែលត្រូវបានធ្វើប្រតិភូមកម្មមកថ្នាក់ក្រោមជាតិ។ វគ្គបណ្ដុះបណ្ដាលនេះគឺជាការតម្រង់ទិសលើមុខងាររបស់ថ្នាក់ដឹកនាំមូលដ្ឋាន។
លោក ឡាំ សុជាតិ នាយកអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ថ្លែងថាកម្មវិធីបណ្ដុះបណ្ដាលសមត្ថភាពដល់ថ្នាក់ដឹកនាំស្រុកនេះគឺល្អព្រោះបច្ចុប្បន្ននេះថ្នាក់ដឹកនាំស្រុកទទួលអំណាច និងតួនាទី និងធនធានច្រើនដែលត្រូវបានផ្ទេរពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ។ ដូច្នេះពួកគាត់ត្រូវមានសមត្ថភាពដឹកនាំសម្របសម្រួលដោះស្រាយបញ្ហាជាមួយប្រជាជន និងតម្រូវការផ្សេងៗ និងសម្របសម្រួលមន្ត្រីរាជការជុំវិញស្រុក ដូចជាមន្ត្រីការិយាល័យផ្សេងក្រោមរចនាសម្ព័ន្ធរដ្ឋបាលស្រុក។
លោកបន្តថា រដ្ឋបាលថ្នាក់ស្រុកថ្មីត្រូវមានសមត្ថភាព និងការច្នៃប្រឌិតខ្ពស់ ដើម្បីសម្រេចការងារបានជោគជ័យបើមិនដូចនោះទេ ពួកគាត់នឹងមានបញ្ហាប្រឈមច្រើន។ កាលពីកន្លងទៅ លោកសង្កេតឃើញថ្នាក់ស្រុកហាក់ដូចជាមិនសូវមានការសម្របសម្រួលរវាងការិយាល័យជំនាញពាក់ព័ន្ធ និងមិនសូវមានការសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិល ជាមួយនឹងយុវជន និងវិស័យឯកជន។ លោកសង្ឃឹមថា រដ្ឋបាលថ្នាក់ស្រុកថ្មីនឹងមានភាពប្រសើរឡើងលើចំណុចនេះ៕
(សរុបដោយសាមេត)
មតិពីមិត្តអ្នកអាន