យោងតាមលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា “ចាប់ពីពេលនេះតទៅបច្ចេកវិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ”។ មុននោះ ក្រសួងអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យអប់រំ មានទាំងក្នុងប្រទេស និងក្រៅប្រទេសទៅដល់បុគ្គលិកអប់រំចំនួនសរុប ១ ៤៦១ នាក់។
លោក ហង់ជួន ណារ៉ុន (ឆ្វេង) ក្នុងវគ្គបណ្តុះបណ្តាល។ រូបថត ក្រសួងអប់រំ
លោក រស់ សុវាចា អ្នកនាំពាក្យ ក្រសួងអប់រំបានបញ្ជាក់កាលពីម្សិលមិញថា ក្រសួងអប់រំផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន សម្រាប់ចូលរួមចំណែកលើកកម្ពស់ការអប់រំតាមបែបឌីជីថល ដូចមានចែងនៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩-២០២៣ ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស សម្រាប់ប្រែក្លាយកម្ពុជាឱ្យមានសេដ្ឋកិច្ចបែបឌីជីថលដើម្បីជំរុញប្រទេសឱ្យមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។
លោកថា ក្នុងបរិការណ៍នេះ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គឺត្រូវដើរតួនាទីសំខាន់មួយក្នុងការលើកកម្ពស់គុណភាពគ្រូតាមរយៈគ្រប់រូបភាពជាពិសេសដោយការបញ្ចូលបច្ចេកវិទ្យាទៅក្នុងកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។
លោក សុវាចា បន្តថា៖ “ជាក់ស្តែងគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកនៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបានទទួលការបណ្ដុះបណ្ដាលដោយប្រើវិធីសាស្ត្របង្រៀនថ្មីៗ និងការប្រើបច្ចេកវិទ្យាព័ត៌មានក្នុងដំណើរការបង្រៀន និងរៀន។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល សម្រាប់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូត្រូវបានរៀបចំឡើងក្នុងគោលដៅលើកកម្ពស់សមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ឌីជីថល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរៀន និងបង្រៀនក្នុងសតវត្សរ៍ទី ២១”។
លោកបន្ថែមថា ការជ្រើសរើស និងការបណ្តុះបណ្តាលគ្រូបង្រៀនដ៏មានប្រសិទ្ធភាពគឺជាគន្លឹះនៃកំណែទម្រង់ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ និងជាយន្តការធានាថា ឋានៈនិងតួនាទីរបស់គ្រូបង្រៀនក្នុងសង្គមត្រូវបានឱ្យតម្លៃ និងលើកកម្ពស់។
បើតាមលោក សុវាចា កន្លងមកក្រសួងអប់រំបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានសម្រាប់វិស័យ អប់រំ មានទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមានចំនួនសរុប ១៤៦១ នាក់។ សម្រាប់ក្រៅប្រទេសបានបញ្ជូនគណៈគ្រប់គ្រងសាលារៀន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូសរុបចំនួន ៤៣ នាក់ និងគ្រូឯកទេស ICT ២៤០ នាក់ទៅបណ្ដុះបណ្ដាលនៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េខាងត្បូង៕
(សរុបដោយសាមេត)
មតិពីមិត្តអ្នកអាន