Trending now

កម្ពុជាអំពាវនាវឱ្យជំរុញពាណិជ្ជកម្មអេឡិចត្រូនិកបន្ថែមទៀត

10:05 | 15/06/2020 (សរុបដោយសាមេត)

ក្នុងកិច្ចប្រជុំមួយរវាងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដនិងអគ្គនាយកក្រុមហ៊ុន Huawei Cambodia លោក Yao Yuya បានជូនដំណឹងថា ប្រទេសកម្ពុជាបានធ្វើការស្នើសុំឱ្យក្រុមហ៊ុន Huawei ឱ្យជំរុញការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុននេះនៅកម្ពុជា។

ទិដ្ឋភាព​ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ជាមួយ​ថ្នាក់ដឹកនាំ Huawei​។ សហការី

ក្នុងកិច្ចប្រជុំមួយរវាង លោក ប៉ាន សូរស័ក្ដ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជានិងលោក Yao Yuya ​ អគ្គនាយកក្រុមហ៊ុន Huawei Cambodia កាលពីថ្ងៃទី ៩ ខែមិថុនានេះ លោក ប៉ាន សូរស័ក្ដបានស្នើ​ឱ្យក្រុមហ៊ុន Huawei ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់​ចិន​ ជំរុញពាណិជ្ជកម្ម​អេឡិចត្រូនិកបង្កើនការវិនិយោគបន្ថែមទៀតពីក្រុមហ៊ុននេះនៅកម្ពុជា។

លោក ប៉ាន សូរស័ក្ត បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ កន្លង​ទៅ​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​រហ័ស​នៃ​ការជួញដូរ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការទិញ​ទំនិញ​តាម​អនឡាញ​នៅ​កម្ពុជា​។

លោក​លើកឡើង​ថា​៖ “ក្រសួង​ពាណិជ្ជកម្ម​បាន និង​កំពុង​អនុវត្ត​រួមមាន ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​អនុវត្ត​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការរៀបចំ​បញ្ចប់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ត្រៀម​រៀបចំ​គម្រោង​ថ្មី​មួយ​ដែល​ផ្ដោតលើ​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​លក្ខណៈ​អាជីវកម្ម និង​អាជីវកម្ម សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​សម្រាប់​ទីផ្សារ​នៅក្នុង​ស្រុក”។

លោក Yao Yuya បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​កំពុង​វិនិយោគ​ជាច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​នៅក្នុង​ប្រទេស​កម្ពុជា និង​សេវា​ឌីជីថល​ផ្សេងទៀត​ដែល​នេះ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​ក្នុង​ការរួម​ចំណែក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ លោក​និយាយ​ថា​៖ “បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​បន្ត​ការងារ​លើ​គម្រោង​ជាច្រើន​សម្រាប់​រដ្ឋាភិបាល”​។

មុននោះ នាថ្ងៃទី ១០ ខែ​មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុម័ត​លើ​អនុក្រឹត្យ​ស្តីពី​ការចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​ចំណែក​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​ឲ្យ​ប្រសើរ​ឡើង និង​ទាក់ទាញ​ការវិនិយោគ​នៅ​កម្ពុជា​។

លោក ឡី សុភាព ប្រធាន​សហព័ន្ធ​ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​វេទិកា​មួយ​កាលពី​ខែ​មីនា​ថា ពាណិជ្ជកម្ម​តាមរយៈ​អេឡិចត្រូនិក បាន​បើកចំហ​ដល់​ពិភពលោក​នូវ​ឱកាស​ជាច្រើន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMEs) ​ក្នុង​ស្រុក​។ លោក​ឲ្យ​ដឹង​ទៀតថា ខណៈ​ដែល​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​កំពុង​កើនឡើង ហើយ​ប្រទេស​កម្ពុជា​កំពុង​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ មាន​ក្រុមហ៊ុន​កាន់តែ​ច្រើន​ឡើងៗ​កំពុង​ជ្រើសរើស​ធ្វើឲ្យ​សេវា​របស់​ពួកគេ​អាច​រកបាន​តាមរយៈ​អនឡាញ​។

លោក​ថ្លែងថា​៖ “​ប្រតិបត្តិករ​ពាណិជ្ជកម្ម​តាមរយៈ​អេឡិចត្រូនិក​នឹង​បាន​ទទួល​ប្រាក់​ចំណេញ​កាន់តែ​ច្រើន បើ​ពួកគេ​ប្រតិបត្តិការ​ដោយ​ស្របតាម​ច្បាប់​។ រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាមរយៈ​អេឡិចត្រូនិក​ចុះបញ្ជី”​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្លាប់​មាន​ប្រសាសន៍​កាលពី​មុន​ថា សេដ្ឋកិច្ច​ឌីជីថល​កំពុង​លេចចេញ​ជា​រូបរាង​នៅក្នុង​ប្រទេស​កម្ពុជា និង​កំពុង​បង្កើត​សេវា​ថ្មីៗ​ដូចជា ការទូទាត់​ឌីជីថល ការកម្សាន្ត​អនឡាញ និង​ពាណិជ្ជកម្ម​តាមរយៈ​អេឡិចត្រូនិក​។ លោក​បន្តថា បណ្ដា​ប្រទេស​ជាច្រើន​ដែល​ធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ភាគច្រើន​ជា​ប្រទេស​ដែល​បង្ហាញ​ពី​ភាពបត់បែន​ក្នុង​ការទទួល​យក​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​។

លោក​បន្ថែម​ថា​៖ “​សម្រាប់​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា បច្ចេកវិទ្យា​ថ្មីៗ​កំពុង​ផ្ដល់​ឱកាស​ក្នុង​ការលោត​ផ្លោះ​ដំណាក់កាល​ដោយ​ចៀស​ផុត​ពី​ដំណាក់កាល​អភិវឌ្ឍន៍​តាម​បែប​ប្រពៃណី”។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា​៖ “នៅក្នុង​បរិការណ៍​នៃ​ការធ្វើ​សកលភាវូបនីយកម្ម និង​ការធ្វើ​សមាហរណកម្ម​ពិភពលោក​ពិតណាស់​ប្រទេស​កម្ពុជា​មិនអាច​ចៀស​ផុតពី​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ បាន​ទេ ដែល​នោះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្ដោត​ការយក​ចិត្ត​ទុកដាក់​លើ​ការចាប់​យក​ឱកាស​ជាច្រើន ព្រម​ទាំង​ការគ្រប់គ្រង​ហានិភ័យ​ផងដែរ​”​៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR