នាថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិភូបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅបញ្ជាការដ្ឋានកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែក។
![]() |
| ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែក ប្រគល់វត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ |
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Phan Hai Long មេបញ្ជាការរងនៃកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែក បានឧទ្ទេសនាមដល់មិត្តកម្ពុជានូវប្រវត្តិសាស្ត្រប្រពៃណី សមិទ្ធផលលេចធ្លោក្នុងអំឡុងពេល ៦៤ ឆ្នាំនៃការកសាង ការប្រយុទ្ធ និងការអភិវឌ្ឍនៃកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែកនៃកងទ័ពប្រជាជនវៀតណាម មុខងារ ភារកិច្ច និងលទ្ធផលដែលអង្គភាពសម្រេចបាននាពេលកន្លងមក (រួមទាំងការបណ្តុះបណ្តាល ការបំប៉នជំនាញដល់មន្ដ្រីកងយោធពលខេមរភូមិន្ទ)។ តាមរយៈកិច្ចពិភាក្សានេះ ភាគីទាំងពីរបានវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ព្រមទាំងពិភាក្សាអំពីទិសដៅសហប្រតិបត្តិការក្នុងប៉ុន្មានឆ្នាំខាងមុខ។
តាមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់ និងជួយគ្នាទៅវិញទៅមក។ ក្នុងនោះ កងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែកនៃកងទ័ពប្រជាជនវៀតណាម បានជួយបណ្តុះបណ្តាលនាយទាហាន និងជាងជួសជុលរថក្រោះរាប់រយនាក់សម្រាប់កងយោធពលខេមរភូមិន្ទ ដើម្បីបំពេញតម្រូវការកសាង និងការពារមាតុភូមិ។ នាពេលខាងមុខ ភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធថែមទៀត ជាពិសេសក្នុងការផ្លាស់ប្តូរព័ត៌មាន ផ្លាស់ប្តូរបទពិសោធន៍ក្នុងការហ្វឹកហ្វឺន បណ្ដុះបណ្ដាលដល់ការកសាងកម្លាំងរថក្រោះ រថពាសដែកនៃកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែខ្លាំងឡើង ឆ្លើយតបតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
![]() |
| គណៈប្រតិភូបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនាយកដ្ឋាននយោបាយ កម្មាភិបាល និងបុគ្គលិកនៃសារមន្ទីរកងកម្លាំងរថក្រោះ រថពាសដែក |
លោកឧត្តមសេនីយ៍ត្រី កុយ សិរីវុឌ្ឍី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់ថ្នាក់ដឹកនាំកងឯកភាពទ័ពជំនាញរថក្រោះ រថពាសដែកនៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងជឿជាក់ថា ដំណើរទស្សនៈកិច្ចនៅអង្គភាពនឹងរួមចំណែកបង្កើនការយល់ដឹងគ្នា និងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ឱ្យស្ថិតស្ថេរជារៀងរហូត។
ក្នុងឱកាសនេះផងដែរ គណៈប្រតិភូបញ្ជាការដ្ឋានរថក្រោះ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានទៅទស្សនា និងផ្លាស់ប្ដូរយោបល់ស្តីពីការងារសារមន្ទីរកងកម្លាំងរថក្រោះ រថពាសដែក និងសាលានាយទាហានរថក្រោះ រថពាសដែក៕


មតិពីមិត្តអ្នកអាន