នាព្រឹកថ្ងៃទី៤ ខែតុលា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៣ ស្តីពីការដកបទពិសោធន៍លើការអនុវត្តពិធីសារស្តីពីយន្តការទាក់ទងតាមខ្សែទូរស័ព្ទទាន់ហេតុការណ៍រវាងកងឆ្មាំសមុទ្រវៀតណាម និងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា។
![]() |
| លោកវរសេនីយ៍ឯក Vu Trung Kien ប្រគល់វត្ថុអនុស្សាវរីយ៍ ជូនលោកឧត្តមនាវីឯក ទៀ សុខា |
លោកវរសេនីយ៍ឯក Vu Trung Kien មេបញ្ជាការរងទទួលបន្ទុកផ្នែកច្បាប់ នៃកងឆ្មាំសមុទ្រវៀតណាម និងលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា បានអញ្ជើញធ្វើជាសហអធិបតីនៃកិច្ចប្រជុំ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងកម្លាំងទាំងពីរក្នុងគោលដៅរួមសំដៅកសាងនូវតំបន់សមុទ្រមួយប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងការអភិវឌ្ឍ។ នៅឆ្នាំ ២០២០ ឆ្នាំ២០២១ ដោយសារស្ថានការណ៍ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 ភាគីទាំងពីរមិនអាចអនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការមួយចំនួនតាមពិធីសារដែលបានចុះហត្ថលេខានោះទេ។ យ៉ាងណាក៏ដោយ តាមរយៈការទាក់ទងតាមខ្សែទូរស័ព្ទទាន់ហេតុការណ៍ ភាគីទាំងពីរនៅតែរក្សាយ៉ាងសកម្មបាននូវការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានអំពីស្ថានភាពសមុទ្រ របស់អ្នកនេសាទ នៃភាគីទាំងពីរ។
![]() |
| លោកឧត្តមនាវីឯក ទៀ សុខា ប្រគល់វត្ថុអនុស្សាវរីយ៍ ជូនលោកវរសេនីយ៍ឯក Vu Trung Kien |
វាយតំលៃលទ្ធផលនៃការអនុវត្តពិធីសារស្តីពីយន្តការទាក់ទងតាមខ្សែទូរស័ព្ទទាន់ហេតុការណ៍រវាងកងកម្លាំងទាំងពីរនាពេលកន្លងមក មេបញ្ជាការរងឆ្មាំសមុទ្រវៀតណាមបានមានប្រសាសន៍ថា៖ កងឆ្មាំសមុទ្រវៀតណាមបានជូនដំណឹងដល់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា អំពីការដែលស្ថានប័នមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់លើសមុទ្រវៀតណាមបានបង្កើនការយាមល្បាត ត្រួតពិនិត្យ នៅតំបន់សមុទ្រជាប់ព្រំដែនវៀតណាម និងកម្ពុជា ដើម្បីស្វែងរក និងដោះស្រាយបានភ្លាមៗនូវការរំលោភបំពាននានាទាក់ទងនឹងការនេសាទខុសច្បាប់ ការមិនរាយការណ៍ និងការមិនអនុវត្តតាមកំណត់ (ដែលហៅកាត់ថា IUU)។
បន្តជំរុញលទ្ធផលដែលសម្រេចបាន និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការអនុវត្តពិធីសារស្តីពីយន្តការទាក់ទងតាមលេខទូរស័ព្ទទាន់ហេតុការណ៍ សម្របសម្រួលចែករំលែកព័ត៌មានស្តីពីការប្រឆាំង IUU ជួយគាំទ្រអ្នកនេសាទនៃភាគីទាំងពីរក្នុងដំណើរការនេសាទនៅសមុទ្រ។ ជារៀងរាល់ឆ្នាំ ធ្វើការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់តំបន់រវាងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រកម្ពុជា និងបញ្ជាការដ្ឋានតំបន់ទី៤កងឆ្មាំសមុទ្រ រៀបចំកិច្ចប្រជុំលើកទី៤ ស្តីពីការដកបទពិសោធន៍លើការអនុវត្តពិធីសារនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ និងចូលរួមយ៉ាងសកម្មក្នុងវេទិកាពហុភាគីស្តីពីការអនុវត្តច្បាប់លើសមុទ្រ និងសន្តិសុខលម្ហសមុទ្រ ដែលស្ថាប័នទាំងពីរជាសមាជិក។
![]() |
| ភាគីទាំងពីរថតរូបជាមួយគ្នា |
ក្នុងឱកាសនេះ មេបញ្ជាការរងនៃកងឆ្មាំសមុទ្រវៀតណាម បានអញ្ជើញលោកឧត្តមនាវីឯក ទៀ សុខា និងគណៈប្រតិភូ ចូលរួមកម្មវិធីផ្លាស់ប្តូរ “កងឆ្មាំសមុទ្រវៀតណាម និងមិត្ត” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហាណូយ៕



មតិពីមិត្តអ្នកអាន