យុគសម័យ - ក្រសួងការងារ យុទ្ធជនពិការនិងកិច្ចការសង្គម សម្របសម្រួលជាមួយស្ថាប័នអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រនិងការផ្តល់អំណាចដល់ស្ត្រី និងស្ថានទូតអូស្រ្តាលីប្រចាំនៅប្រទេសវៀតណាមបានរៀបចំសន្និសីទបូកសរុបយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ឆ្នាំ ២០១១ -២០២០ និងអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ឆ្នាំ ២០២១-២០៣០ តាមរយៈប្រព័ន្ធអ៊ីនធើណិត។
|
ថ្លែងមតិក្នុងសន្និសីទនេះ លោកស្រីអនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច Nguyen Thi Ha បានមានប្រសាសន៍ថា៖ “ ដោយកិច្ចខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល បន្ទាប់ពី ១០ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រ យើងទទួលបានលទ្ធផលគួរឲ្យលើកទឹកចិត្តជាច្រើនដែលរួមចំណែកក្នុងការកាត់បន្ថយគម្លាតយេនឌ័រនៅលើគ្រប់វិស័យ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី ១៥ បានបង្ហាញថា តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ដែលមានអត្រាសមាជិករដ្ឋសភាជាស្ត្រីចំនួន៣០,២៦% និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ជាស្ត្រីជិត ៣០% ដែលជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវសមភាពយេនឌ័រនៅវៀតណាម។ សមិទ្ធផលទាំងនេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់គ្រប់ជាន់ថ្នាក់និងគ្រប់វិស័យ ដើម្បីបន្តរក្សានិងលើកកម្ពស់បន្ថែមទៀតក្នុងការអនុវត្តគោលដៅជាតិស្តីពីសមភាពយេនឌ័រនាពេលខាងមុខនេះ”។
លោកស្រី Robyn Mudie ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅប្រទេសវៀតណាមបានអបអរសាទរអំពីការដែលវៀតណាមប្រកាសអំពីយុទ្ធសាស្ត្រឆ្នាំ ២០២១-២០៣០ដោយបានសង្កត់ធ្ងន់ថា៖“ នេះជាកិត្តិយសណាស់ដែលអូស្ត្រាលីបានអញ្ជើញចូលរួមក្នុងការគាំទ្រដល់យុទ្ធសាស្ត្រជាតិស្តីពីសមភាពយេនឌ័រសម្រាប់ឆ្នាំ ២០២១-២០៣០ ដោយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច។ មានឱកាសនិងបញ្ហាប្រឈមសម្រាប់ភាពជឿនលឿនរបស់ស្ត្រីនិងក្មេងស្រីក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខនេះ រួមទាំងបញ្ហាទាក់ទងទៅនឹងភាពចំណាស់របស់ប្រជាជនវៀតណាម បដិវត្តន៍ ៤.០ និងស្វ័យប្រវត្តិកម្មការងារ។
ការណែនាំនិងអនុសាសន៍របស់យុទ្ធសាស្រ្តនេះនឹងផ្តល់នូវមូលដ្ឋានដ៏រឹងមាំសម្រាប់ដោះស្រាយបញ្ហាទាំងនេះ ថែមទាំអលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងសេដ្ឋកិច្ចនិងតំណែងជាអ្នកដឹកនាំ។ ក្នុងនាមជាដៃគូយូរអង្វែងក្នុងសមភាពយេនឌ័រនិងការពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្ត្រី អូស្ត្រាលីមានមោទនភាពចំពោះការផ្តល់ការគាំទ្រជាក់ស្តែងតាមរយៈកម្មវិធីយេនឌ័រផ្សេងៗគ្នា។
នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំក្រសួងការងារ យុទ្ធជនពិការនិងកិច្ចការសង្គមនិងអង្គការ UN Women បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀតពីក្រសួងមន្ទីរនិងវិស័យនានារបស់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជននិងស្ថាប័ននៃអង្គការសហប្រជាជាតិក្នុងការលើកកម្ពស់សមភាពយេនឌ័រ ឆ្ពោះទៅកាន់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅឆ្នាំ ២០៣០ ដើម្បីមិនទុកចោល នរណាម្នាក់នៅខាងក្រោយឡើយ៕
thoidai.com.vn

មតិពីមិត្តអ្នកអាន