យុគសម័យ - នារសៀលថ្ងៃទី ១៩ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongsavanh Phomvihane ចំពោះការរួមចំណែកវិជ្ជមាននិងមានប្រសិទ្ធភាពសម្រាប់ទំនាក់ទំនងវៀតណាម - ឡាវក្នុងអាណត្តិ៤ ឆ្នាំ បំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ ដល់ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Thongsavanh Phomvihane
ថ្លែងក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូត លោក Thongsavanh Phombihane នោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh បានទទួលស្គាល់និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូត Thongsavanh Phombihane ក្នុងអំឡុងពេលជិត ៤ ឆ្នាំ បំពេញបេសកកម្មការទូតនៅវៀតណាម ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាមនិងឡាវលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១នេះ គឺជាការទទួលស្គាល់ដ៏សក្ដិសមរបស់បក្សនិងរដ្ឋ វៀតណាម ចំពោះរាល់ការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត សម្រាប់ទំនាក់ទំនងរវាងវៀតណាមនិងឡាវ។
ចំណែកឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឡាវ លោក Thongsavanh Phombihane បានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិបាលឡាវ តែងតែយកចិត្តទុកដាក់និងខិតខំពូនជ្រុំនូវចំណងមិត្តភាពប្រពៃណីពិសេសរវាងវៀតណាម - ឡាវ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នៅពេលវិលត្រឡប់មកមាតុប្រទេសវិញ ទោះបីស្ថិតក្នុងឋានៈណាក៏ដោយ លោកនឹងបន្តចូលរួមចំណែកជាវិជ្ជមាននិងពូនជ្រុំទំនាក់ទំនងពិសេសក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាមផងដែរ៕
(ដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន