មន្រ្ដីក្រសួងព័ត៌មានកម្ពុជា បានចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និងទទួលបាននូវវិធីសាស្ត្រក្នុងការសរសេរព័ត៌មានបែបស៊ើបអង្កេត ដើម្បីផ្លាស់ប្ដូរចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមកជាមួយភាគីវៀតណាម។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្រ្ដសរសេរព័ត៌មានបែបស៊ើបអង្កេត កាលពី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Luu Dinh Phuc (លីវ ឌិញហ្វ៊ូក) អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម លោក Tu Luong (តឺ លឿង) អនុប្រធានមន្ទីរព័ត៌មានទីក្រុងហូជីមិញ និងលោកគ្រូ អ្នកគ្រូ បង្គោលចំនួន ២ រូប ។

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃ ក្រសួងព័ត៌មានកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងការសរសេរសម្រាប់អ្នកសារព័ត៌មានកម្ពុជានេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងន័យចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រីកកម្រិតសមត្ថភាព ជំនាញ វិជ្ជាជីវៈដល់សិក្ខាកាមជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន។ ឯកឧត្ដមបន្ដថា ការបណ្ដុះ បណ្ដាលនេះ គឺដើម្បីឱ្យទទួលបាននូវអ្វីដែលប្លែក លឿន ទុកចិត្តបានពេលណា ទីណាក៏បាន ដែលនេះជាពាក្យស្លោករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជានិច្ចកាល ឯកឧត្តម តែងតែបានលើកឡើង និងផ្តាំផ្ញើដល់បងប្អូនរួមអាជីពអ្នកកាសែត សារព័ត៌មាន ទាំងអស់។ ឯកឧត្តមបានបន្តទៀតថា នេះពុំមែនជាលើកទី១ ហើយក៏មិនមែនជាវគ្គចុងក្រោយដែរ សម្រាប់អគ្គនាយកដ្ឋានសារព័ត៌មានវៀតណាមបានរៀបចំបណ្តុះបណ្តាលជូនសិក្ខាកាមកម្ពុជាយើងនោះឡើយ ពោលគឺយើងបានសហការរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលសម្រាប់ផ្នែក IT និងវគ្គរាប់ទាំងពេលនេះ។

ទន្ទឹមនេះ ភាគីមិត្តវៀតណាម តែងតែពិនិត្យមើលស្ថានភាព និងតម្រូវការជាក់ស្តែងក្នុងការជ្រើសរើសប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់កម្ពុជាទៅតាមសិក្ខាកាម ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្ដមបានលើកឡើងថា អ្វីដែលពិសេសនោះគឺប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលនាឆ្នាំនេះ គឺវិធីសាស្ត្រសរសេរព័ត៌មានបែបស៊ើបអង្កេត ដែលជាប្រធានបទដ៏ល្អ មានសារៈសំខាន់សម្រាប់បងប្អូនយើង ដើម្បីយើងដឹងថាគួរសរសេរបែបណាសម្រាប់ព័ត៌មានប្រភេទនេះ ជួនកាលមានព័ត៌មានមួយចំនួនមិនមែនយើងសុទ្ធតែអាចសរសេរត្រង់ៗ ឬតាមរឿងរ៉ាវដែលកើតឡើងភ្លាមៗ នោះបានទេ ដោយទាមទារឱ្យយើងតាមដាន ស្រាវជ្រាវរកប្រភព ឬអង្គហេតុដែលនៅពីក្រោយរឿងនោះ ហើយហេតុការណ៍ខ្លះទៀតកើតឡើងភ្លាមៗ ។ ជាមួយគ្នានេះ យើងប្រញ៉ាប់សរសេរដោយមិនបានប្រមូលអស់ ឬគ្រប់ជ្រុងជ្រោយនៃបញ្ហាទាំងនោះបាននៅឡើយ អ៊ីចឹងតើយើងគួរសរសេររបៀបម៉េច ដើម្បីកុំគេចាប់ថ្នាក់ ឬបង្កកំហុស ដែលអាចប្រឈមមុខផ្លូវច្បាប់ជាធរមាននោះ។ដែលនេះហើយជាអ្វីដែលសិក្ខាកាមយើងទាំងអស់នឹងទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តម លីវ ឌិញហ្វ៊ូក(Luu Dinh Phuc) អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួងព័ត៌មាន និងទូរគមនាគមវៀតណាមបានបញ្ជាក់ថា ធ្វើជាអ្នកសារព័ត៌មានបែបស៊ើបអង្កេតទាមទារឱ្យមានការខិតខំស្វិតស្វាញបំផុត ក្លាហាន រកចំណុចសត្យានុម័ត ច្បាស់លាស់ និងទទួលបានព័ត៌មានលម្អិត ច្បាស់លាស់ មុននឹងផ្សព្វផ្សាយ។
យោងតាមខ្លឹមសារនៃអនុសារណៈរបស់គណៈកម្មការចំរុះកម្ពុជា-វៀតណាម ស្តីពីកិច្ច សហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាននៃ សាធារណរដ្ឋ សង្គមនិយមវៀតណាម សម្រាប់ឆ្នាំ២០១៦ ដល់២០២០។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងព័ត៌មាន និងទូរគមនាតមវៀតណាម តែងតែរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លីជូនសិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មានកម្ពុជា ដោយក្នុង វគ្គមានចំនួន៣០រូប៕
(ប្រភព៖ akp.gov.kh)
មតិពីមិត្តអ្នកអាន