យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទៅ២៦ខែកុម្ភៈ។ ចំពោះមុខនៃដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយកាសែតប្រជាជន (Nhan Dan) ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា។
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជា ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម លោកជំទាវ ម៉ែន សំអន (រូបថតៈ nhandan.com.vn)
អ្នកយកព័ត៌មាន: សូមគោរពលោកជំទាវឧបនាយករដ្ឋមន្ដ្រី សូមលោកជំទាវផ្តល់ការវាយតម្លៃរបស់លោកជំទាវ អំពីស្ថានភាពនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ?
ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអន: ប្រទេសយើងទាំងពីរ កម្ពុជា- វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការប្រចាំឆ្នាំ ទន្ទឹមជាមួយគ្នានោះ ក៏កំពុងព្យាយាមស្វែងរកនូវវិធានការដើម្បីជំរុញថែមទៀតកិច្ច សហប្រតិបត្តិការនៅក្នុងគ្រប់វិស័យទាំងអស់ ក្នុងបរិបទដែលប្រទេសយើងទាំងពីរមានសន្តិភាពពេញលេញនិងកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។
ប្រទេសយើងទាំងពីរបានពង្រឹងចំណងមិត្តភាពតាមរយៈសកម្មភាពជាច្រើន។ ជាពិសេសគឺការរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២៤ មិថុនាឆ្នាំ ១៩៦៧ - ២៤ ខែមិថុនាឆ្នាំ ២០១៧) ។ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុនសែន តែងតែមានគោលជំហរជំរុញកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ។ រួមជាមួយគ្នានេះ ជាការផ្លាស់ប្តូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ការងារសង្គម ជាដើម។
កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមត្រូវបានអនុវត្តជាក់ស្តែងនៅតាមក្រសួងស្ថាប័ននានា។ យើងខ្ញុំតែងតែ ជួបប្រាស្រ័យគ្នា និងផ្លាស់ប្តូរបទពិសោធជាមួយសមាគមមិត្តភាពវៀតណាម - កម្ពុជា។ នេះគឺជាស្ពានដើម្បីផ្លាស់ប្តូរផែន ការសហប្រតិបត្តិការ ក៏ដូចជាផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់។
អ្នកយកព័ត៌មាន: ថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសយើងទាំងពីរ តែងតែគោរពនិងផ្តល់ជំនួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ។ ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានធ្វើឡើងនៅក្នុងឱកាសនៃរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាកំពុងប្រារព្ធខួបលើកទី ៤០ នៃជ័យជម្នះលើរបបប្រល័យពូជសាសន៍។ សូមលោកជំទាវផ្តល់នូវការវាយតម្លៃរបស់លោកទំទាវអំពីអត្ថន័យនៃព្រឹត្តិការណ៍នេះ?
ឧបនាយករដ្ឋមន្រ្តី លោកជំទាវ ម៉ែន សំអនៈ ដើម្បីសម្តែងនូវការដឹងគុណចំពោះវីរៈយុទ្ធជនដែលបានពលីជីវិតដើម្បីបុព្វហេតុរំដោះជាតិ រាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាមបានកសាងវិមានមិត្តភាពជាច្រើន ចាប់តាំងពីកងទ័ព វៀតណាមបានបញ្ចប់បេសកកម្មរបស់ខ្លួនដើម្បីជួយកងទ័ពនិងប្រជាជនកម្ពុជាវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ពោលគឺ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានកសាងវិមានមិត្តភាពនៅតាមតំបន់ជាច្រើន ដើម្បីចងចាំជានិច្ចនូវកិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភអស់ពីចិត្តពីថ្លើមរបស់ប្រជាជនវៀតណាមចំពោះប្រជាជន ស្ត្រីនិងកុមារកម្ពុជា។ នោះគឺជាមូលដ្ឋានគ្រឹះ សម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិសព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។
ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជាលើកនេះរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម Nguyen Phu Trong តាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងនាមជាសមាជិកនៃរាជរដ្ឋាភិបាលនិងជាប្រធានសមា គមមិត្តភាពកម្ពុជា - វៀតណាម ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកដល់ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសយើងទាំងពីរ៕
(យោងតាម nhandan.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន