ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo

18:10 | 30/10/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

នាថ្ងៃទី ៣០ ខែតុលា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Michael Pompeo ក្នុងឱកាសលោក Pompeo មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែតុលា ស្របពេលដែលរំលឹកខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិកនិងវៀតណាម។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo

នៅក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអាមេរិកនិងក្រសួងការបរទេសអាមេរិកដែលបានគាំទ្រជាក់ស្តែងនិងទាន់ពេលវេលាចំពោះប្រទេសវៀតណាម ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ Covid-19 ក៏ដូចជាគ្រោះទឹកជំនន់នៅភាគកណ្តាលវៀតណាមនាពេលថ្មីៗនេះក្នុងនោះមានការផ្តល់ជំនួយឥតសំណងចំនួន ២ លានដុល្លារពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ផងដែរ។ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានអះអាងថាវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ព្រមទាំងសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននិងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងទ្វេភាគី ពីវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការពារជាតិ រហូតដល់ការង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ថ្លែងក្នុងជំនួបពិភាក្សានេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក Michael Pompeo បានវាយតម្លៃខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅមក ព្រមទាំងបានអះអាងថាសហរដ្ឋអាមេរិកគាំទ្រវៀតណាមក្នុងការដើរតួនាទីសំខាន់កាន់តែខ្លាំងឡើងៗនៅក្នុងតំបន់ ហើយទន្ទឹមនឹងនោះប្តេជ្ញារក្សាទំនាក់ទំនងស្ថិរភាព ហើយនឹងបន្តសហប្រតិបត្តិការជាមួយវៀតណាមដើម្បីជំរុញទំនាក់ទំនងដ៏ល្អប្រពៃនេះផងដែរ។

លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើវិធានការណ៍នានាដើម្បីជំរុញទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀតរវាងប្រទេសទាំងពីរនាពេលខាងមុខដោយផ្តល់អាទិភាពដល់ការជំរុញការចាប់ផ្តើមឡើងវិញនូវការផ្លាស់ប្តូរគណៈប្រតិភូជាទៀងទាត់ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌និងជំនះផលវិបាកនៃសង្គ្រាម ដើម្បីរួមចំណែកដល់ការកសាងជំនឿទុកចិត្តគ្នារវាងប្រទេសទាំងពីរបន្តជួយសម្រួលដល់ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគីដោយឈរលើផលប្រយោជន៍ទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Michael Pompeo

ទាក់ទងនឹងបញ្ហាក្នុងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីវៀតណាម លោក Pham Binh Minh បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រតួនាទីស្នូលនិងរឹតចំណងសាមគ្គីភាពជាមួយអាស៊ាន រួមទាំងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - អាមេរិកផងដែរ។

ម្យ៉ាងវិញទៀត រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Pompeo ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២០-២០២១ ដោយសង្ឃឹមថាភាគីទាំងពីរបន្តពង្រឹងការសម្របសម្រួលក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីរួមវិភាគទានដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងការអភិវឌ្ឍនៅក្នុងតំបន់និងជុំវិញពិភពលោកផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត