យុគសម័យ - នាយប់ថ្ងៃទី ២៨ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងភរិយាបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៥ នៃទិវាឯករាជ្យជាតិរបស់វៀតណាម (២ កញ្ញា ឆ្នាំ១៩៤៥ / ២ កញ្ញា ឆ្នាំ២០២០) ។
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធីនេះ
អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានមានប្រសាសន៍ថា កាលពីថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ លោកប្រធានហូជីមិញ - មេដឹកនាំដ៏មហិមារបស់ប្រជាជនវៀតណាម បានអានសេចក្តីប្រកាសឯករាជ្យជាតិ ផ្តល់កំណើតដល់ប្រទេសវៀតណាម (កាលពីនោះហៅថាសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម តែឥឡូវគឺជាសាធារណរដ្ឋសង្គមនិយមវៀតណាម)។ ការស្រែកហ៊ោកញ្ជ្រៀវដ៏លាន់លឺពាក្យថាស្បថឯករាជ្យជាតិនៅទិវាការបង្កើតប្រទេសជាតិ ដូចជាផ្សារភ្ជាប់ក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមទាំងមូលឆ្ពោះទៅរកការរួបរួមគ្នា រួមកម្លាំងគ្នាលើកទង់ក្រហមជាឯកច្ឆន្ទជាមួយផ្កាយពណ៌លឿង ដើម្បីឈានទៅមុខក្នុងដំណើរបដិវត្តដោយយកឈ្នះលើរាល់ការលំបាកឧបសគ្គជាច្រើន ព្រមទាំងហ៊ានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាព ឯកភាពបូរណភាពទឹកដីរបស់ប្រជាជនម្នាក់ៗ។ សព្វថ្ងៃនេះដោយបោះជំហានយ៉ាងខ្លាំងលើបដិវត្តដ៏រុងរឿងអស់រយៈពេល ៧៥ ឆ្នាំកន្លងមក ប្រទេសវៀតណាមកំពុងឈានដល់គោលដៅ “មនុស្សសម្បូរធូរធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យ សមធម៌និងអរិយធម៌”។ សមិទ្ធិផលដ៏អស្ចារ្យរបស់វៀតណាមមានសារៈសំខាន់ជាប្រវត្តិសាស្ត្រគឺជាសក្ខីភាពនៃស្មារតីនិងឆន្ទៈដ៏មុតមាំរបស់ប្រជាជនវៀតណាម ដែលបញ្ជាក់ពីតួនាទីរបស់មិត្តភក្តិនិងដៃគូដែលអាចទុកចិត្តបានរបស់មិត្តនិងដៃគូអន្តរជាតិផងដែរ។
អង្គពិធីថតរូបទុកជាអនុស្សាវរីយ៍ក្នុងឱកាសនេះ
ឆ្នាំ ២០២០ ជាឆ្នាំពិសេសពីព្រោះថាជំងឺរាតត្បាតកូវីដ១៩ (COVID-19) មិនត្រឹមតែជាវិបត្តិខាងសេដ្ឋកិច្ចតែប៉ុណ្ណោះទេ តែវាថែមទាំងកំពុងធ្វើអោយស្ថានភាពពិភពលោករងការខូចខាតយ៉ាងខ្លាំងដល់សុខភាពនិងអាយុជីវិតមនុស្ស ព្រមទាំងប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងអន្តរជាតិនៅជុំវិញពិភពលោកផងដែរ។ ឥឡូវនេះ យើងទាំងអស់គ្នានៅតែត្រូវចាត់វិធានការជាចាំបាច់ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងព្យាករណ៍ថាការរីករាលដាលនឹងមិនបញ្ចប់នាពេលខាងមុខនេះទេ។ ទន្ទឹមនឹងនេះជំងឺរាតត្បាតក៏បានបង្ហាញផងដែរថាបណ្តាប្រទេសនានាចាំបាច់ត្រូវពឹងផ្អែកលើគ្នាទៅវិញទៅមក និងការជម្រុញកិច្ចសហប្រតិបត្តិការអន្តរជាតិគឺជាភាពចាំបាច់ណាស់សម្រាប់ប្រទេសរៀងៗខ្លួនផងដែរ។ ទោះបីត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងដោយជំងឺរាតត្បាតក៏ដោយក៏ប៉ុន្តែសេដ្ឋកិច្ច វៀតណាមនៅតែមានស្ថិរភាព ពោលគឺផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ នៅតែឈានដល់កម្រិតវិជ្ជមានដដែល ដោយមានកំណើនឈានដល់ជិត ២% ហើយ អតិរេកពាណិជ្ជកម្មមានចំនួនជិត ១១ ពាន់លានដុល្លារអាមេរិក។
ទិដ្ឋភាពនៃពិធីនេះ
បើតាមលោកនាយករដ្ឋមន្រ្តី សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ គឺជាសេចក្តីប្រាថ្នារបស់ប្រទេស និងប្រជាជននៅជុំវិញពិភពលោក។ ក្នុងទំនាក់ទំនងអន្តរជាតិ ប្រជាជនគ្រប់រូបត្រូវប្រកាន់ខ្ជាប់ស្មារតីគោរពច្បាប់គោរពគ្នាទៅវិញទៅមកឯករាជ្យអធិបតេយ្យបូរណភាពទឹកដី និងផលប្រយោជន៍ស្របច្បាប់។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ជាថ្មីម្តងទៀតថាគោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាមគឺឯករាជ្យភាព ស្វ័យភាព ពិពិធកម្ម និងពហុភាគីនិយមនៅក្នុងទំនាក់ទំនងការបរទេសរបស់ខ្លួន ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដទៃទៀតដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព សមភាពនិងគោរពផលប្រយោជន៍ទៅវិញទៅមកនិងដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិផងដែរ។
ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salama
ក្នុងឱកាសនេះដែរ អញ្ជើញថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salama ប្រធានផ្នែកការទូតបានមានប្រសាសន៍ថា ទិវាឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) បានក្លាយទៅជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មហោឡារិតនិងមានអត្ថន័យដ៏ពិសិដ្ឋក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូប។ សមិទ្ធផលគួរឱ្យកោតសរសើរក្នុងរយៈពេលជិត ៣៥ ឆ្នាំនៃផ្លាស់ប្តូរថ្មីដែនាំប្រទេសវៀតណាមទៅជាចំណុចលេចធ្លោក្នុងតំបន់ គឺជាភ័ស្តុតាងច្បាស់លាស់នៃគោលមាគ៌ាអភិវឌ្ឍន៍ដ៏ត្រឹមត្រូវ។ ការធ្វើសមាហរណកម្មលើគ្រប់ជ្រុងជ្រោយ និងភាពម្ចាស់ការរបស់ វៀតណាម ទទួលបានគេទទួលសម្គាល់នៅលើឆាកអន្តរជាតិ ដោយមានការរួមចំណែកយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅក្នុងតំបន់និងពិភពលោក។
លោកឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម Saadi Salama ក៏បានមានប្រសាសន៍ថា៖“ ខ្ញុំសូមកោតសរសើរចំពោះការរួមចំណែកដ៏ធំធេងរបស់វៀតណាមក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលរួមចំណែកដល់ការខិតខំដើម្បីធានានូវការគោរពតាមច្បាប់អន្តរជាតិ ដើម្បីពិភពលោកមួយប្រកបដោយសុខសន្តិភាព យុត្តិធម៌ និងភាពល្អប្រសើរសម្រាប់ប្រជាជននៃប្រជាជាតិរបស់យើងទាំងអស់គ្នា” ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)





មតិពីមិត្តអ្នកអាន