យុគសម័យ - នារសៀលថ្ងៃទី ៤ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo ដើម្បីពិភាក្សា អំពីការ ជំរុញទំនាក់ទំនងទ្វេភាគីក៏ដូចជាកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិនិងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរចំពោះការដែល ជប៉ុនជ្រើស រើសប្រទេសវៀតណាមជាប្រទេសដំបូងក្នុងចំណោមប្រទេសនានាដែលបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរដោយបានឲ្យដឹងថាវៀតណាមកំពុងបន្ត
បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកជំនាញ វិនិយោគិន និងអ្នកគ្រប់គ្រងរបស់ ជប៉ុននិងវៀតណាម ព្រមទាំងស្នើឱ្យភាគីទាំងពីរបន្ត ពិភាក្សាដើម្បីបើកជើងហោះ ហើរពាណិជ្ជកម្មនាពេលអនាគត។
លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានមានប្រសាសន៍ថាជាងពាក់កណ្តាល នៃចំណោមអង្គភាព អាជីវកម្មជប៉ុនដែលទទួលការគាំទ្រដោយរដ្ឋាភិបាលដើម្បីពង្រឹងនិងពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ បានជ្រើស រើសប្រទេសវៀតណាម។ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុននឹងបន្តគាំទ្រដល់អង្គភាពអាជីវកម្មជប៉ុន ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ផងដែរ។ ប្រទេសជប៉ុនក៏បានត្រៀមជួយដល់ប្រទេសវៀតណាម ក្នុងការការពារគ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃផងដែរ។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យលោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បន្តលើកទឹកចិត្តអង្គភាពអាជីវកម្មជប៉ុនក្នុងការបង្កើនវិនិយោគនៅវៀតណាម។ ភាគីទាំងពីរបាន ឯកភាពគ្នាបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការអនុវត្តគម្រោងសាកលវិទ្យាល័យវៀតណាម - ជប៉ុន កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់ រួមទាំងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយនិងវឌ្ឍនភាពអន្តរប៉ាស៊ីហ្វិក (CPTPP)។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពគ្នាបន្តធ្វើការយ៉ាងជិតស្និទ្ធនៅ វេទិកាពហុភាគីនិងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមទៅវិញទៅមកព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌមេគង្គ - ជប៉ុន។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាលោកនឹងធ្វើការ យ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ការផ្តួចផ្តើមគំនិតគ្របដណ្តប់សុខភាពជាសកល (UHC) ក៏ដូចជា គំនិតផ្តួចផ្តើមរបស់ជប៉ុនក្នុងការបង្កើតមជ្ឈមណ្ឌលអាស៊ានស្តីពីការឆ្លើយតបនឹងជំងឺឆ្លងដែលកំពុងកើតមានឡើងនិងបញ្ហាសុខាភិបាលជាបន្ទាន់ផងដែរ។
ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្រ្តីជប៉ុន Abe Shinzo បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ានដោយអះអាងថាលោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរៀបចំកិច្ចប្រជុំអាស៊ានដែលពាក់ព័ន្ធនឹងអាស៊ានប្រកបដោយជោគជ័យ ព្រមទាំងលោកសង្ឃឹមថា នឹងមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងផ្លាស់ប្តូរយោបល់ជាមួយលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc ផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vtv.vn)

មតិពីមិត្តអ្នកអាន