យុគសម័យ - រដ្ឋសភានៃប្រទេសវៀតណាមនឹងផ្តល់ម៉ាស់ចំនួន ២០,០០០ ដល់សភាម៉ិកស៊ិក ដើម្បីចែករំលែកការលំបាកជាមួយប្រជាជនម៉ិកស៊ិក នៅពេលដែលប្រទេសម៉ិកស៊ិករងផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាត Covid-19 ផ្អែកទៅលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណីដ៏ល្អ។
លោកឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ិកស៊ិក Nguyen Hoai Duong។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
នៅថ្ងៃទី ១៣ ខែ៥ ឯកអគ្គរដ្ឋទូត ឯករាជទូតនិងភារធាវីនៃ បណ្តាប្រទេសអាស៊ាន ប្រចាំនៅប្រទេសម៉ិកស៊ិក (រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃនិង វៀតណាម) បានជួបជុំគ្នា តាមបណ្តាញអនឡាញ ជាមួយលោកស្រី អគ្គនាយកដេប៉ាតឺម៉ង់អាស៊ី - ប៉ាស៊ីហ្វិកនៃក្រសួងការបរទេស ម៉ិកស៊ិក Claudia Franco Hijuelos ដើម្បីពិភាក្សស្តីពីស្ថានភាព វិធានការនិងបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅអាស៊ីអាគ្នេយ៍និងម៉ិកស៊ិក។
យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅម៉ិកស៊ិកបានឱ្យដឹងថា នៅក្នុងការជួបជុំនេះ លោក ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅម៉ិកស៊ិក Nguyen Hoai Duong បានជូនដំណឹងនូវខ្លឹមសារសំខាន់ៗ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន និងកិច្ចប្រជុំពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹងជម្ងឺ Covid-19 ដែលបានធ្វើឡើង ក្រោមអធិបតីភាពរបស់វៀតណាម ក្នុងនាមជាប្រធានអាស៊ាន។
លោកឯកអគ្គរដ្ឋទូតក៏បានធ្វើបច្ចុប្បន្នភាពស្ថានភាពនៃការរីករាលដាលនៃ COVID- 19 នៅក្នុងប្រទេសវៀតណាម និងបានចែករំលែកបទពិសោធន៍នៃការទប់ស្កាត់ជំងឺរាតត្បាតនេះ នៅប្រទេសវៀតណាម៖ “ ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើស្មារតីខ្ពស់នៃសហគមន៍ ការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូលនិងជំនឿជឿជាក់ទាំងស្រុងរបស់ប្រជាជន ចំពោះការដឹកនាំរបស់បក្ស និងរដ្ឋដែលបានជួយប្រទេសវៀតណាម បញ្ចប់ការរីករាលដាលនៃជំងឺនេះក្នុងសហគមន៍។
ក្នុងឱកាសនេះដែរ លោកឯកអគ្គរដ្ឋទូត Nguyen Hoai Duong ក៏បានជូនដំណឹងដល់លោកស្រីអគ្គនាយក Claudia Franco បានដឹងថា រដ្ឋសភាវៀតណាមនឹងផ្តល់ម៉ាស់ចំនួន ២០,០០០ ដល់សភាម៉ិកស៊ិក ដើម្បីចែករំលែកការលំបាកជាមួយប្រជាជនម៉ិកស៊ិក ចំពោះការនឹងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ផ្អែកលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេសទាំងពីរ។
លោកស្រីអគ្គនាយក Claudia Franco បានផ្តល់ព័ត៌មានលម្អិតស្តីពីស្ថានភាពនៃការរីករាលដាលនៃជំងឺជម្ងឺ Covid-19 ក៏ដូចជាវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺនេះដែលរដ្ឋាភិបាលម៉ិចស៊ិកូបានអនុវត្ត ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
លោស្រីអគ្គនាយក Claudia Franco បានបញ្ជាក់ថា ម៉ិកស៊ិកយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងជាមួយអាស៊ាន តួនាទីស្នូលរបស់អាស៊ានក្នុងតំបន់។ លោកស្រីបានសង្ឃឹមបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ក្នុងការឆ្លើយតបទៅនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃស្ថានភាពជំងឺ Covid-19 ។ លោកស្រី Claudia Franco ក៏បានបង្ហាញពីបំណងចង់ពង្រឹងចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ាននិងប្រទេសម៉ិកស៊ិក លើគ្រប់វិស័យ ដូចជា៖ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌។
ក្នុងឱកាសនេះដែរ លោកស្រី Claudia Franco បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាវៀតណាម សម្រាប់កាយវិការដ៏ថ្លៃថ្នូរបស់រដ្ឋសភាវៀតណាមដែលបានបង្ហាញពីចំណងសាមគ្គីភាពនិងមិត្តភាពជាមួយប្រជាជនម៉ិកស៊ិក ក្នុងពេលដ៏លំបាកនៃការរីករាលដាលជំងឺរាតត្បាតនិង ក៏ដូចជាអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិង ម៉ិកស៊ិក (ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៥ - ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០) ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន