យុគសម័យ - ទទួលបានការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅចិនចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៩។
ប្រធានរដ្ឋសភា Nguyen Thi Kim អញ្ជើញជួបពិភាក្សាជាមួយប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu (រូបថតៈ TTXVN)
នារសៀលថ្ងៃទី ១១ ខែកក្កដា (តាមម៉ោងតំបន់) នៅរដ្ឋធានីប៉េកាំង (នៃប្រទេសចិន) ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅមហាសាលប្រជា ជនចិន ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក Li Zhanshu។ បន្ទាប់ពីពិធីទទួលស្វាគមន៍មក ភាគីទាំងពីរបានអនុវត្តន៍ជំនួបពិភាក្សា។
ក្នុងជំនួបនេះ លោក Li Zhanshu បានអះអាងថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋចិនមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត ណាម។ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃ យ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន បានជូនពរវៀតណាមដែលក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំបក្សកុម្មុយ និស្តវៀតណាមនិងអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong គឺសម្រេចបាននូវជោគជ័យជាច្រើនក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
អញ្ជើញជាការឆ្លើយតប ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រធាននៃសភាតំណាងទូទាំងប្រទេសចិន និងជូនពរបក្ស រដ្ឋនិងប្រជាជនចិនដែលសម្រេចបានសមិទ្ធផលដ៏ធំធេងជាច្រើននាពេលកន្លងទៅ។ លោកស្រីប្រធានរដ្ឋសភាវៀតណាមបានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាល តែងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការរក្សា មរត៌ក និងពង្រីកនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី វៀតណាម-ចិន ដោយចាត់ទុកចំណងនេះជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរផងដែរ។
ទិដ្ឋភាពនៃជំនួបពីភាក្សា (រូបថតៈ TTXVN)
ស្តីពីបញ្ហាសមុទ្រ ភាគីទាំងពីរបានប្តេជ្ញាបន្តគោរពតាមការយល់ឃើញជាទូទៅរបស់មេដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរគឺ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានដើម្បីដឹកនាំការដោះស្រាយបញ្ហានៅសមុទ្រ វៀតណាម-ចិន” និងដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានព្រមព្រៀង បង្កើនការផ្លាស់ប្តូរវិធានការដើម្បីរក្សាស្ថិរភាពសមុទ្រ អនុវត្តល្អនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតនិងឈានដល់ការចុះហត្ថលេខាលើក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ភាគីទាំងពីរបានបង្កើនសកម្មភាពផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារនិងបណ្ដាតំបន់នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេសចរណ៍។ ជាពិសេស លើកទឹកចិត្តនូវសកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជនផងដែរ។
ក្នុងឱកាសនេះ ប្រធានសភាតំណាងទូទាំងប្រទេសចិន Li Zhanshu បានអបអរសាទរវៀតណាមដែលបានជាប់ឆ្នាតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ហើយនឹងទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ព្រមទាំងអះអាង នឹងសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងរាល់ភារកិច្ចទាំងនេះ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាពក្នុងតំបន់និងពិភពលោក៕
(យោងតាម baotintuc បកប្រែដោយ ស្រី ព្រេជ)


មតិពីមិត្តអ្នកអាន